ផៃ ស៊ីផាន នឹង​តតាំង​ក្តី​ជា​មួយ​កូន​ច្បង​លោក ឈុត វុទ្ធី

«សូមស្វាគមន៏ទុកជាមុន» នេះជាពាក្យចុងក្រោយរបស់លោក ផៃ ស៊ីផាន ដែលបានសរសេរក្នុងគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក។ ការបញ្ចប់ដោយឃ្លាយ៉ាងខ្លីខាងលើនេះ ជាការឆ្លៀតតប ទៅនឹង​ការ​គម្រាម​ប្តឹង​ទៅ​តុលាការ ពី លោក ឆឺយ ឧត្តមរស្មី រឿងបរិហារកេរ្តិ៍ឪពុករបស់ខ្លួនឈ្មោះ ឈុត វុទ្ធី។
ផៃ ស៊ីផាន នឹង​តតាំង​ក្តី​ជា​មួយ​កូន​ច្បង​លោក ឈុត វុទ្ធី
រូបភាពមានរូបលោក ឈុត វុទ្ធី ដែលលោក ផៃ ស៊ីផាន យកមកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 09, 2014
  • ប្រធានបទ: បរិហាកេរ្តិ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​សរសេរ​ស្វាគមន៍ ចំពោះ​ពាក្យ​បណ្តឹង​ទៅ​តុលាការ លើ​ជញ្ជាំង​នៃ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ «ដំណើរការ​ក្នុង​តុលាការ ជា​កិច្ច​ស្វែង​រក​ការ​ពិត ឲ្យ​អស់​ពី​ភាព​សង្ស័យ។ ខ្ញុំ​ទទួល​បាន​សំណួរ​ជា​ច្រើន​ពី​មិត្ត​សារព័ត៌មាន បាន​ប្រាប់​ខ្ញុំ​អំពី​កូន​របស់​លោក ឈុត វុទ្ធី ត្រៀម​ខ្លួន​ក្នុង​ការ​ប្តឹង​ផ្តល់ ស្វែង​រក​ការ​ពិត ឬ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៏ អំពី​ខ្លួន​ខ្ញុំ។»

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មិន​បាន​បង្ហាញ​នូវ​ភាព​រុញរា ក្នុង​ការ​តស៊ូ​មតិ តាម​ផ្លូវ​តុលាការ​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​ថា លោក​នៅ​មាន​សាក្សី​រស់ លោក ឈឹម សាវុធ ដែល​ដឹង​ពី​ដំណើរ​ដើម​ទង នៃ​ការងារ​របស់​លោក ឈុត វុទ្ធី។ ហើយ​លោក​ក៏​សម្តែង នូវ​ការ​សុំ​ខមាទោស​ដល់​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ក៏​ដូច​ជា​ក្រុម​គ្រួសារ ញតិមិត្ត​ជិត​ឆ្ងាយ ពី​សំណេរ​ដែល​លោក​បាន​សរសេរ​ឆ្លើយ​តប​ទៅ​កាន់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បី​គ្រាន់​តែ​ចង់​បង្ហាញ​នូវ​«ធាតុពិត»​ប៉ុណ្ណោះ។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន មានសារមួយបាន​សរសេរ​សម្តែងការភ្ញាក់ផ្អើល ឬភាពអាម៉ាស ទាក់ទងនឹងការលើកឡើង របស់លោកប្រធានាធិបតីអាមេរិក ដែល​បាន​ចាត់ទុកលោក ឈុត វុទ្ធី ជាសកម្មជនព្រៃឈើ និងជាបុគ្គលឆ្នើម ( Great Man)។ លោក ផៃ ស៊ីផាន ផ្ទាល់​បានចាត់ទុកលោក ឈុត វុទ្ធី ថាជាឈ្មួញឈើ និងជាអ្នកបាញ់សត្វព្រៃដ៏ល្បីល្បាញ ដែល​អ្នកស្រុក​វាលវែង បានលួចប្រាប់រូបលោកនោះ។

ជាសំអាងចំពោះមុខតុលាការ មន្ត្រីអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានបង្ហាញថា លោក​មាន​សាក្សីរស់ និងរូបថតចម្លែកមួយសន្លឹក ដែលមានលោក ឈុត វុទ្ធី ចូលរួមថត។ យោងតាមរូបថតមួយសន្លឹក ដែលលោកទទួលបាន មានភាពខុសប្លែកពីរូបភាពផ្សេងៗ ដែលធ្វើការចុះផ្សាយ ដោយបណ្តាញ​សារព័ត៌មាន​នោះ លោកថាមានជម្រើសពីរ ក្នុងការចូលរួមតតាំងក្តីចំពោះមុខតុលាការ ដើម្បីភាពយុត្តិធម៌​ទាំង​អស់​គ្នា។

«ជម្រើសទីមួយ ខ្ញុំសូមស្វាគមន៍ នូវការបកស្រាយការពិតនៅមុខចៅក្រម រាល់ភស្តុតាងដែលខ្ញុំមាន បើ​នោះ​ជាកាតព្វកិច្ច។ ជម្រើសទីពីរ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ទទួលបានភាពស្ងប់ស្ងាត់​នៅ​សុគតិភព ខ្ញុំពុំបានធ្វើអ្វីក្នុងទិសដៅ បង្អាប់បង្ខូចកេរ្តិ៏ខ្មាសនូវអ្វី ដែលជាសកម្មភាពរបស់លោក ឈុត វុទ្ធី កាល​លោកនៅរស់នោះឡើយ។»

តែរូបភាពដែលលោកផៃ ស៊ីផាន ចង់សម្ដៅនោះ ត្រូវបានលោក ឆឺយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី ថ្លែងបកស្រាយ ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ «រូបដែលឃើញគាត់កាន់កាំភ្លើង ហើយ​និង​មានសត្វព្រៃនោះ គឺជារូបសកម្មភាពរបស់គាត់ ចុះបង្ក្រាបបទល្មើសសត្វព្រៃ។ (…) ឪពុកខ្ញុំស្រឡាញ់សត្វ និង​ព្រៃស្មើជីវិតគាត់។ (…) ដោយសារតែការពារព្រៃហ្នឹងហើយ ទើបគាត់ត្រូវបានគេបាញ់សម្លាប់នៅ​កណ្តាល​ព្រៃ»។

កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី រូបនេះបានបន្តថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ដាក់​ពាក្យ​បណ្តឹង​ទៅសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលលោក ផៃ ស៊ីផាន នោះ ដោយមិនមែនសំអាង តែលើការ​បង្ហាញតែរូបនោះទេ តែគឺស្ថិតនៅលើការសរសេររបស់លោក ដែលមានលក្ខណៈបង្ខូច និងមួលបង្កាច់​លើ​ឪពុករបស់លោក។

សូមរម្លឹកថា លោក ឈុត វុទ្ធី ដែលជាប្រធានអង្គការការពារព្រៃឈើ ត្រូវបានប៉េអឹមម្នាក់ បាញ់សម្លាប់នៅលើ​រថយន្តរបស់លោក កាលពីថ្ងៃថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ មុនហេតុការណ៍ នៃការបាញ់សម្លាប់នេះ លោក​បានរួមដំណើរ ជាមួយអ្នកសារព័ត៌មាន ដឺខេមបូឌាដេលី (The Cambodia Daily) ជាស្រ្តីខ្មែម្នាក់ និង​កាណាដាម្នាក់ ចេញដំណើរពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមជួរភ្នំក្រវាញ។ លុះទៅដល់​ទីតាំង​ក្រុមហ៊ុន Timber Green លោកព្យាយាមថតរូបគំនរឈើ របស់ក្រុមហ៊ុនមួយនេះ តែត្រូវបានហាមឃាត់​ដោយ ប៉េអឹម និងទាហាន ដែលនៅការពារ។ ទាហាននោះក៏បានបាញ់សម្លាប់លោក ដោយសារលោក​មិន​ព្រម​ឲ្យមេម៉ូរី នៃម៉ាស៊ីនថតនោះទៅពូកគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...