ថាច់ សេដ្ឋា ថាបាតុកម្មប្រឆាំងយួន ត្រូវបានអាជ្ញាធរកម្ពុជាគាំទ្រ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 09, 2014
- ប្រធានបទ: បាតុកម្មប្រឆាំងវៀតណាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់តាំងពីដើមឆ្នាំ២០១៤មក គេតែងសង្កេតឃើញថា នៅពេលណាមានបាតុកម្ម ពេលនោះរដ្ឋាភិបាលកម្ពុជា តែងតែប្រើប្រាស់កម្លាំងសន្តិសុខ ចាប់ពីថ្នាក់ខណ្ឌស្រុក រហូតដល់ថ្នាក់ជាតិ មករារាំង និងមកបង្ក្រាបជាដើម។ ប៉ុន្តែសម្រាប់ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានធ្វើការអបអចំពោះសកម្មភាពចូលរួម និងគាំទ្ររបស់រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ដល់ការធ្វើបាតុកម្មក្នុងរយៈពេល៥ថ្ងៃ ជាប់ៗគ្នាកន្លងទៅនេះ។ លោកបាននិយាយថា ក្នុងនាមលោកអ្នកដឹកនាំបាតុកម្មនេះ លោកមានមោទនភាព នឹងទទួលបាន នូវលទ្ធផលធំធេងនោះគឺ «ការប្រឆាំងនឹងស្ថានទូតវៀតណាម បានជោគជ័យ។ បើកន្លងមកគ្មានប្រទេសណាមួយ ហ៊ានប្រឆាំងនោះ។»
លោកបានបន្ថែមថា ជោគជ័យមួយទៀត គឺលោកសង្កេតឃើញថា មានការគាំទ្រពីប្រធានរដ្ឋសភា ពីរដ្ឋាភិបាល ពីសាលារាជធានីភ្នំពេញ ក៏ដូចជាពីអាជ្ញាធរមូលដ្ឋាននានា តាមរយៈការមិនហាមឃាត់ ឬរារាំង ក្នុងការដង្ហែរក្បួនបាតុកម្មនេះ។ លោកបញ្ជាក់ថា ព្រោះតែថ្នាក់ដឹកនាំគិតថា ទាំងនេះជាបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនបញ្ហាបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
លោកបន្ថែមថា ទោះបើគ្មានចម្លើយអ្វីឆ្លើយតប ពីរដ្ឋាភិបាលវៀតណាមក៏ដោយ តែលទ្ធផលដែលបានកើតចេញក្រោយពីការធ្វើបាតុកម្មនេះ ក៏បានបង្ហាញទៅដល់មតិជាតិ និងអន្តរជាតិ ពីសេសពីបណ្តាប្រជាពលរដ្ឋរួមឈាមខ្មែរថា វៀតណាមបានបាននឹងកំពុងបន្តចិញ្ចឹមចិត្ត លេបត្របាក់យកទឹកដីនៃប្រទេសកម្ពុជានោះ។
យ៉ាងណាក៏ដោយមកទល់នឹងពេលនេះ នៅមិនទាន់មានការបកស្រាយ បញ្ជាក់ពីបញ្ហាទំនាក់ទំនងការទូតចំពោះបញ្ហាខាងលើ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ពីមន្រ្តីឬថ្នាក់ដឹកនាំរបស់កម្ពុជានៅឡើយ។
មេដឹកនាំបាតុករ លោក ថាច់ សេដ្ឋា បានបន្ថែមជាចុងក្រោយថា បើទោះលោកស្ថិតក្នុងការកម្រាមកំហែង ដល់អាយុជីវិត ពីជនមិនស្គាល់មុខក៏ដោយ លោកនៅតែបន្តឆន្ទះ និងជំហរ ក្នុងការស្វែងរកយុត្តិសាសន៍បែបអហិង្សា ក្នុងការបង្ខំឲ្យប្រទេសវៀតណាម សុំទោសជាដាច់ខាត ដែលបានប្រមាថមើលងាយដល់ប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា៕