តើវៀតណាម​នឹង​ខាតបង់​ច្រើនឬ បើ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើ​ទំនិញ​ខ្លួន?

ប្រសិនបើប្រជាពលរដ្ឋខ្មែរ ឈប់ប្រើប្រាស់ទំនិញវៀតណាម តើអ្នកដែលខាតបង់ច្រើនជាងគេ ជាវៀតណាម ឬកម្ពុជា? សំនួរសួរទៀតថា តើការស្នើសុំឲ្យឈប់ប្រើទំនិញ និងសេវាកម្មនានារបស់វៀតណាម អាចទៅរួចឬទេ?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 09, 2014
  • ប្រធានបទ: បាតុកម្មប្រឆាំងវៀតណាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពេលធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​ថ្មីៗ​នេះ ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​ និង​ចែក​ខិតប័ណ្ណ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ស្នើ​សុំ​ឱ្យ​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​នានា​របស់​វៀតណាម ដើម្បី​ដាក់​សម្ពាធ ឱ្យ​អតីត​មន្រ្តី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា សុំ​ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ក្នុង​រឿង​បំភ្លៃ​ប្រវត្តិសាស្រ្ត​កម្ពុជា។ ការ​ស្នើ​សុំ​ឲ្យ​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​នានា​របស់​វៀតណាម​នេះ បាន​បង្ក​ជា​មន្ទិល សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ដោយ​ពួក​គេ​បាន​ចោទ​សួរ​ទៅ​វិញ​ថា តើ​អាច​ទៅ​រួច​ឬ​ទេ?

ប្រតិកម្មពីពលរដ្ឋខ្មែរមួយចំនួន បាន​លើក​ឡើង​ថា បញ្ឈប់​ប្រើ​ប្រាស់ទំនិញវៀតណាម ជាករណីមិនអាច​ទៅ​រួចឡើយ។ លោក យស់ កាតង់ (Yos Katank) បានសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «វា​ជា​ការ​លំបាក​ណាស់ សម្រាប់ខ្មែរក្នុងការបដិសេធមិនប្រើប្រាស់ ឬទិញទំនិញបរទេស ពីព្រោះខ្មែរមិនអាច​ផលិត​​ខ្លួនឯង​បាន ឬ​គ្មាន​ចេតនាចង់ផលិតទំនិញ សូម្បីតែរបស់ប្រើប្រាស់ប្រចាំថ្ងៃ ឬស្បៀងអាហារ​កំប៉ិកកំប៉ុក។ បើ​ជៀស​ពី​របស់​យួន​នៅ​ពេលនេះ ច្បាស់ជារបស់សៀម!»

តែប្រជាពលរដ្ឋម្នាក់ ដែលរស់នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ បន្ទាប់ពីទទួលបានខិត្តប័ណ្ណ ដែលក្រុមអ្នកតវ៉ា​បាន​ចែកឱ្យនោះ បានថ្លែងឱ្យដឹងថា ចាប់ពីពេលនេះតទៅ អ្នកស្រីនឹងឈប់ប្រើប្រាស់នូវផលិតផល​របស់​វៀតណាម ដោយងាកមកប្រើប្រាស់ទំនិញរបស់ខ្មែរវិញ។ ប៉ុន្តែអ្នកស្រីថា ផលិតផលរបស់ខ្មែរ មិនគ្រប់គ្រាន់​តាម​តម្រូវ​ការរបស់អ្នកស្រីនោះទេ។

សម្រាប់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង មានប្រសាសន៍​ថា ប្រសិនបើប្រជាជនខ្មែរបញ្ឈប់ប្រើប្រាស់ នូវទំនិញវៀតណាមនោះ វៀតណាមនឹងទទួល​ការខាតបង់​ច្រើន​ជាង​កម្ពុជា ព្រោះវៀតណាមជាប្រទេសអ្នកផលិត រីឯកម្ពុជាជាអ្នកប្រើប្រាស់។ ប៉ុន្តែលោកថា ប្រជាជន​កម្ពុជា​ក៏​មាន​ការខាតបង់ដែរ ចំពោះអ្នកដែលនាំផលិតផលវៀតណាមយកមកលក់។

លោកបន្តថា៖ «នេះជាបញ្ហាដែរបាទ ចំពោះការដាក់សម្ពាធ ខាងការមិនឱ្យប្រើទំនិញប្រើអីហ្នឹង វាអាចមាន​ផលប៉ះពាល់ ទៅវិញទៅមកទាំងសងខាង។ ហើយវាអាចធ្វើឱ្យវាអាចធ្វើឱ្យអសកម្ម ទៅដល់ចលនានៃ​ការ​ផ្លាស់ប្តូរទំនិញ ក៏ដូចជាការប្តេជ្ញាចិត្ត ក្នុងការបង្កើនវិនិយោគក្នុងប្រទេសទាំងពីរដែរ»។ អ្នកដានតាមបញ្ហា​សង្គម​រូបនេះ បានបន្ថែមថា ដើម្បីជៀសវាងការខាតបង់ទាំងសងខាង រដ្ឋាភិបាលវៀតណាម គួរស្វែងរក​នូវ​ដំណោះ​ស្រាយណាមួយ ដើម្បីឱ្យភាគីទាំងពីរមានភាពល្អប្រសើរទាំងអស់គ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...