ព្រះ​សង្ឃ​ខ្មែរ​ក្រោម​​បដិសេធ ថា​មិន​បាន​បោះ​ព្រះ​ពុទ្ធ​រូប​ចោល​ទេ

ពលរដ្ឋបានដាក់ការសង្ស័យ ទៅលើព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ថាបាន​បោះ​ចោល​ព្រះពុទ្ធ​រូប (រូបចម្លាក់ព្រះពុទ្ធ) តូចៗជាច្រើន ទៅក្នុងស្រះទឹកស្អុយ នៅក្រោយកុដិលោកគ្រូ​សូត្រ​ស្តាំ។ តែ​នៅ​ចំពោះ​បញ្ហា​នេះ ព្រះសង្ឃ​បានមានសង្ឃដីកាបដិសេធ ថាមិនបានប្រព្រឹត្តិរឿងនេះទេ។
ព្រះ​សង្ឃ​ខ្មែរ​ក្រោម​​បដិសេធ ថា​មិន​បាន​បោះ​ព្រះ​ពុទ្ធ​រូប​ចោល​ទេ
ព្រះសង្ឃ គីម សិលា និងពលរដ្ឋ ដែលបានចុះស្រង់ពុទ្ធដីមាករតូចៗ ពីក្នុងស្រះ។ (រូបថត monoROOM.info/ H. Vuthy)
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 08, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវបោះព្រះពុទ្ធរូប ចោលក្នុងស្រះ នៅវត្តស្ទឹងមានជ័យ បានធ្វើឲ្យបណ្តាអ្នកកាន់ព្រះពុទ្ធសាសនា មាន​ការព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុការណ៍ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រោយពី​ពលរដ្ឋ​ម្នាក់ បានជ្រមុជទឹកស្រះ ហើយបានរកឃើញថា មានរូបចម្លាក់ព្រះពុទ្ធតូចៗ ត្រូវបានយកទៅ​ទម្លាក់​នៅ​ក្នុងនោះ។

ដោយសារទឹកស្រះ មិនសូវជាស្អាតនោះ ការរកឃើញព្រះពុទ្ធរូបនេះ ត្រូវបាននិយាយតៗគ្នាថា គឺព្រះសង្ឃ​កម្ពុជាក្រោមមួយអង្គ ព្រះនាម គីម សីលា គង់នៅវត្តស្ទឹងមានជ័យ យកទៅបោះចោល ហើយក្រុមព្រះសង្ឃ​ជាច្រើន បានព្យាយាមផ្សិកលោក។ ប៉ុន្តែសម្រាប់​ព្រះ​សង្ឃ គីម សីលា ដែលរងការចោទប្រកាន់នោះ បាន​បដិសេធ​ការលើកឡើង ដោយអះអាងថា មានគេ​ច្រណែន​នឹងព្រះអង្គ។

ព្រះសង្ឃ គីម សីលា ដែលមានព្រះជន្ម៥២វស្សា មានសង្ឃដិកាជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ព្រះអង្គ​មិន​បានប្រព្រឹត្ត ដូចដែលគេចោទប្រកាន់នោះទេ។ លោកថា ចាប់តាំងពីបួសមក លោកគង់នៅវត្ត​ស្ទឹង​មាន​ជ័យ​នេះ អស់រយៈពេល១០ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ២០០០មកម្លេះ។ ព្រះអង្គបានឲ្យដឹងថា អ្វីដែលគេ​ចោទ​​ប្រកាន់​លោក លាបពណ៌បង្កើតរឿងនេះ តាមលោកដឹង គឺដោយសារមូលហេតុបីយ៉ាង ផ្សេងគ្នា។ តែ​មូលហេតុ​​ដែល​ធំជាងគេនោះគឺ មានចិត្តច្រណែន ព្រោះពេលកន្លងទៅ ព្រះអង្គបានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន​៥ម៉ឺន​ដុល្លារ ដើម្បី​ជាវ​កុដិ​មួយ ដែលមានព្រះពុទ្ធរូបនេះ សម្រាប់និស្សិតក្រីក្រ ស្នាក់អាស្រ័យរៀនសូត្រ។

ព្រះសង្ឃខ្មែរក្រោមអង្គនេះ បានមានសង្ឃដីការៀបរាប់ រំលឹករឿងដែលបានកើតឡើង កាលពីយប់ថ្ងៃ០៤ ខែធ្នូ​​កន្លង​ទៅ ថានៅក្នុងវត្តស្ទឹងមានជ័យ មានព្រះសង្ឃជាច្រើនអង្គ បានចូលមកដល់កុដិ លេខ៤៣ មាន​ដំបង​រណាអាដែក ជាដើម ចូលមកគម្រាមលោក ឲ្យលាចាកសិក្ខាបទ ហើយចាកចេញពីវត្ត។ ព្រះ​តេជគុណ​​បន្ត​ថា ពេលនោះទ្រង់គង់ នៅក្នុងកុដមួយអង្គឯង តែខាងក្រៅវិញមានគ្នាច្រើនអង្គ នាំគ្នាព្រួត​បំភ័យ​លោក។

ព្រះសង្ឃ គីម សីលា បានពន្យល់ទៀតថា៖ «ក្រោយមកនៅថ្ងៃទី០៥ ខែធ្នូ ទើបមានការភ្ញាក់ផ្អើល ដោយមាន​ព្រះសង្ឃ ឲ្យបុរសម្នាក់ ចុះស្រង់ព្រះពុទ្ធរូប ពីក្នុងស្រះទឹក រួចចោទអាត្មាថា ជាអ្នកបោះចូលក្នុងទឹក ព្រោះកុដិ​នោះ​អាត្មា​ជា​អ្នកជាវ ហើយអាត្មាជាអ្នកឲ្យកូនសិស្ស ទៅសម្អាតលាងចេញ អាត្មាគ្មានបំណងធ្វើបែបនេះទេ»។ ព្រះអង្គបាន​អះអាងថា លោកបានប្រគល់ព្រះពុទ្ធរូបតូចៗទាំងនោះ ទៅឲ្យដូនជីដើម្បីទុកសម្រាប់ធ្វើសង្ការៈ តាំង​ពីថ្ងៃសុក្រ។ ស្រាប់តែនៅថ្ងៃសៅរ៍ វេលារសៀល លោកមានការ​ភ្ញាក់​ផ្អើលជាខ្លាំង បន្ទាប់ពីពេលដឹងថា មាន​គេ​មួល​បង្កាច់ លាបពណ៍បិទបាំងការ​ពិត​ដូច្នេះ។ លោកមាន​សង្ឃ​ដីកា៖ «គេបង្កើតរឿងខ្លួនឯង ហើយ​បង្កើត​ឲ្យ​អ្នក​ចុះ​រុករក​ខ្លួនឯង អាត្មាមិនបាន​ដឹងរឿងសោះ ស្រាប់តែមកចោទថា ជាអ្នកមានបំណង​បំផ្លាញ​ពុទ្ធរូប​ទៅ​វិញ»។

ចំណែកដូនជី ធឿន មុំ រស់នៅក្នុងវត្តស្ទឹងមានជ័យដូចគ្នា ដែលត្រូវបានសារព័ត៌មាន​មួយចំនួនស្រង់សម្ដី ដើម្បី​ធ្វើការចោទប្រកាន់ព្រះសង្ឃ គីម សិលា នោះ ក៏បានបដិសេធដែរថា លោកយាយមិនបានដឹង និង​និយាយ​ថា ព្រះសង្ឃ គីម សិលា ជាអ្នកបញ្ជាឲ្យយកព្រះពុទ្ធរូប ទៅបោះចោល ក្នុងស្រះនោះឡើយ។ លោក​យាយ ដែលមានអាយុ៥៨ឆ្នាំ បានថ្លែងប្រាប់ទស្សនាវដ្ដីថា ដូនជីគ្រាន់តែបានទៅជួយបោសសម្អាត រើរុះ​និង​លើក​ព្រះពុទ្ធរូបនោះ ចេញពីកន្លែងដើម មកដាក់នៅក្បែរស្រះប៉ុណ្ណោះ។ រីឯលោកយកព្រះពុទ្ធរូប​តូចៗ​ទាំង​នេះ យកទៅណាផ្សេង ឬទម្លាក់ក្នុងស្រះ ដូនជីបានបដិសេធថា មិនបានដឹងអ្វីទាល់តែសោះ៕


» កិច្ចសម្ភាសទាំងស្រុង ជាមួយព្រះសង្ឃ គីម សីលា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...