ផៃ ស៊ីផាន ត្រូវគេទារបំណុលជុំទិស
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 04, 2014
- ប្រធានបទ: កេរ្ដិ៍កាល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៤កន្លងមក លោក ផៃ ស៊ីផាន ត្រូវបានប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលកំពុងស្នាក់នៅឯបរទេស ទារប្រាក់ ៦លានរៀលដែលលោកបានជំពាក់ អស់រយៈកាលជាង១០ឆ្នាំហើយ តែបែរជាគេចវេសមិនព្រមសង។ ថ្មីនេះៗ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ ក៏ត្រូវបានម្ចាស់គ្លីនិកព្យាបាល ម៉ាស្ទ័រឃែរ (Master Care Dental) អ្នកស្រី អេង លីគង់ ប្រកាសទារលុយដែលលោកជំពាក់មិនទាន់សង ក្នុងពេលដែលលោកទៅដាក់ធ្មេញកាលពីឆ្នាំ២០១៣ នោះទៀត។
តាមឯកសាររបាយការណ៍ព្យាបាលធ្មេញ ដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយ បញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៣ លោក ផៃ ស៊ីផាន បានទៅព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ដោយប្រើប្រាស់បង្គោលធ្មេញមាស។ តម្លៃនៃការព្យាបាលសរុបគឺ ១.៤៦២ដុល្លារ បន្ទាប់ពីព្យាបាលរួចហើយ លោក ផៃ ស៊ីផាន បានប្រគល់ប្រាក់តែត្រឹម ៥០០ដុល្លារ ប៉ុណ្ណោះ។
ឆ្លើយតបចំពោះបញ្ហាខាងលើ មន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនេះ សរសេរសារភាពដោយខ្លួនលោក នៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកបានធ្វើដាក់ធ្មេញមួយ ក្នុងតម្លៃដ៏ខ្ពស់ គឺ១៥០០ ដុល្លារ ហើយលោកបានបង់រំលោះ សល់តែ ១០០០ ដុល្លារទៀតប៉ុណ្ណោះ។ លោកពន្យល់បន្តថា៖ «ពេលចាប់ផ្តើមធ្វើធ្មេញ ខ្ញុំបានសួរលោកស្រី លី គង់ ថាអស់តម្លៃប៉ុន្មាន? លោកស្រីបានតបមកវិញថា "មិនអីទេ ហើយក៏មិនថ្លៃដែរ" ទីបញ្ចប់នៃការព្យាបាលធ្មេញចំនួនមួយនេះ ខ្ញុំក៏ទទួលបានវិក័យបត្រមួយ ដែលធ្វើអោយខ្ញុំរន្ធត់ ញ័រដៃ ញ័រជើង ហួសពីការស្មាន»។
លោក ផៃ ស៊ីផាន សរសេរបរិហារម្ចាស់គ្លីនិកព្យាបាលធ្មេញខាងលើ ថាការចេញវិក័យប័ត្រ ក្នុងតម្លៃនោះ គឺជាតម្លៃ«ប្លន់»អតិថិជន។ លោកបានសរសេរបន្តទៀតថា «ក៏ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងកាតព្វកិច្ចនេះ ខ្ញុំបានការអនុញ្ញាតពី លោកស្រី លី គង់ ដោយសងរំលោះតាមលទ្ធភាពដែលខ្ញុំមាន។ យោងតាមកិច្ចព្រមព្រៀងនេះ គឺខ្ញុំខ្វះចំនួន ១០០០ ដុល្លារទៀត ដែលខ្ញុំប្រាកដនឹងសងតាមលទ្ធភាព ដូចដែលបានព្រមព្រៀងរួមគ្នាតាមរយៈពាក្យសំដី»។
តែបើយោងតាមម្ចាស់បំណុល ចំនួនទឹកដែលនៅសល់ មិនទាន់ត្រូវបានលោក ផៃ ស៊ី ផាន យកមកសងនៅឡើយ រហូតមកដល់ពេលនេះ បើទោះជាបុគ្គលិករបស់មន្ទីរពេទ្យបានហៅទូរស័ព្ទទៅលោក ជាច្រើនដងរួចមកហើយក៏ដោយ។ តើជាការបង់ប្រាក់រំលោះ ដែលមានរយៈពេលវែងឬ? យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន ខ្លួនលោក ក៏បានឆ្ងល់ដែរថា៖ «ចុះហេតុដូចម្តេចពេលនេះ វិធានការថ្មីរបស់លោកស្រើ ជាមួយនិងវិទ្យុអាស៊ីសេរី មានទិសដៅក្នុងការទារលុយ ដែលខ្ញុំជំពាក់ ឬជាទិសដៅក្នុងកិច្ចបរិហារកេរ្ត៏ និងបំផ្លាញសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់មន្ត្រីសាធារណះម្នាក់?»
លោកបានឆ្លើយទៅនឹងសំនួរខាងលើ ដោយខ្លួនលោកថា៖ «នេះជាលើកទីបី នៃការតាមវាយប្រហាររបស់វិទ្យុអាស៊ីសេរី មកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ តាមរយៈការផ្សព្វផ្សាយរបស់ពួកគេ ក្នុងកិច្ចការដើរទារលុយ។ »៕