ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ទទួលស្គាល់ផែនទីរដ្ឋាភិបាល
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 30, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផែនទីសព្វថ្ងៃ ដែលរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់ សុទ្ធសឹងជាផែនទី ដែលទទួលស្គាល់ ដោយអង្គអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហាក្សត្រសព្វថ្ងៃ ព្រះនរោត្ដម សីហមុនី។ នេះជាការថ្លែងអះអាង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី ដែលជាសេនាធិការដ៏សំខាន់មួយ នៃរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សរសេរនៅលើ ទំព័រហ្វេសប៊ុកដ៏ល្បីល្បាញ លោក ផៃ ស៊ីផាន បានអះអាងថា៖ «បើយោងតាមឯកសារ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (អតីតព្រះមហាក្សត្រកម្ពុជា) ដែលព្រះអង្គបានឡាយព្រះចុតហ្មាយផ្ញើជូន ឯកឧត្តម ផាំ វ៉ាន់ដុង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ នោះ ព្រះអង្គបានលើកឡើងថា “ផ្អែកតាមផែនទីបារាំង” ហើយសាធារណៈជនបានដឹងឮ ពីការផលិតផែនទី របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនផងដែរ»។
មន្ត្រីអ្នកនាំពាក្យ បានស្រង់ព្រះសំណេរមួយ របស់អតីតព្រះមហាក្សត្រ សីហនុ មកបញ្ជាក់ថា៖ «ផែនទី និងឯកសារទាំងអស់នោះហើយ ដែលអតីតរាជរដ្ឋាភិបាលរបស់ខ្ញុំ (នរោត្ដម សីហនុ) អតីតរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថាជាព្រំដែនបច្ចុប្បន្នរបស់កម្ពុជា»។
លោក ផៃ ស៊ីផាន បានពន្យល់ថា តាមរយៈខ្លឹមសារ នៃព្រះរាជសារនេះ សម្តេច នរោត្តម សីហនុ បានបង្ហាញរួចជាស្រេច នូវផែនទីផ្លូវការ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាសុពលភាព នៃផែនទីនេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥។ មន្រ្តីអ្នកនាំពាក្យរូបនេះ បានបន្តថា ព្រះមហាក្សត្រ នរោត្តម សីហមុនី (ព្រះមហាក្សត្របច្ចុប្បន្ន) ព្រះអង្គទ្រង់ក៏បានព្រះរាជប្រទាន ឡាយព្រះហស្ថលេខា អមដោយការទូលថ្វាយ របស់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី លើករណីនេះដែរ។
លោកបន្ថែមថា ព្រះមហាក្សត្រទ្រង់ក៏ត្រាស់បង្គាប់ ដល់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រកាសឲ្យប្រើបន្តរាល់នីតិវិធី ដើម្បីអនុវត្តសន្ធិសញ្ញាបំពេញបន្ថែម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥។
លោក ផៃ ស៊ីផាន បានសរសេរថា៖ «ជាប្រវត្តិសាស្ត្រ ព្រះរាជវង្សានុវង្សមានសម្តេច ស៊ីសុវត្តិ ជិវ័នមុនីរ័ក្ស (អនុប្រធានទី១ព្រឹទ្ធសភា) សម្តេចនរោត្តម សិរីវុឌ្ឍ ឧបនាយករដ្ឋមន្ត្រី (សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) និងសម្ដេច ព្រះហិស្សនា នរោត្តម ច័ត្រពង្ស (ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា) ក៏បានទូលថ្វាយ ព្រះមហាក្សត្រ “ពីការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាជាតិ ក្នុងការដោះស្រាយ និងពន្យល់បញ្ហាព្រំដែនកម្ពុជា ជាមួយសាធារណៈរដ្ឋសង្គមនិយមរៀតណាម ជាការត្រឹមត្រូវ ដោយស្ថាប័នជាតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញតិ្តទាំងពីរនេះ ជាតំណាងប្រជាជនកម្ពុជា ព្រមទាំងជាអ្នកកាន់អំណាច និងជាអ្នកទទួលខុសត្រូវ ពេញចំពោះមុខប្រជាជាតិប្រជារាស្រ្ត នៃមាតុភូមិកម្ពុជា និងប្រវត្តិសាស្រ្តជាតិយើង។»៕