បែកធ្លាយរូបស្រាតនៅហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញមុខប្រតិកម្ម
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 09, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យទស្សនាវដ្ដី វ៉ានីធី ហ្វែរ (Vanity Fair) របស់អាមេរិក នាង ជើនីហ្វើរ ឡរ៉េន បានពោលបញ្ជាក់ថា៖ «វាជាខ្លួនរបស់ខ្ញុំ ហើយវានៅតែជាជម្រើសរបស់ខ្ញុំ។ រឿងដែលមិនមែនជាជម្រើសរបស់ខ្ញុំ ជាក្លាយជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត។»
នាងបានបន្ថែមទៀតថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែក ថាយើងកំពុងរស់នៅក្នុងពិភពលោក ដ៏អាក្រក់មួយ។ ហើយរឿងនេះ មិនមែនជារឿងអាស្រូវទេ តែវាជាឧក្រិដ្ឋកម្មផ្លូវភេទ។ ជាការរំលោភបំពានខាងផ្លូវភេទ។ វាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ យើងត្រូវធ្វើការផ្លាស់ប្ដូរច្បាប់ ដើម្បីឲ្យបណ្ដាគេហទំព័រទាំងនោះ មានការទទួលខុសត្រូវ។»
តារាភាពយន្ដល្បី នៅក្នុងភាពយន្ដ X MAN រូបនេះ បានរងគ្រោះនឹងយុទ្ធនាការវាយលុក (Celebgate) ចូលទៅលួចទិន្នន័យ ក្នុងគណនីអាយក្លាវ (iCloud) របស់នាង ទីកន្លែងដែលនាងបានផ្ទុកទុក នូវរូបភាពឯកជនជាច្រើន។ ក្រុមចោរ«អ៊ិនធើណែត» បានយករូបរបស់នាងទាំងនោះ មកបង្ហោះចេញជាពីរលើក៖ ចុងខែសីហាម្ដង និងម្ដងទៀត នៅពាក់កណ្ដាលខែកញ្ញា។
នាងបានទទួលស្គាល់ថា នៅពេលរូបថតទាំងនោះបែកធ្លាយចេញមក នាងមានអារម្មណ៍ភ័យខ្លាចណាស់ ដោយនាងគិតទៅដល់ អាជីពជាអ្នកសម្ដែងរបស់នាង។ នាងបានពន្យល់ទៀតថា រូបថតទាំងនេះ ត្រូវបានថតសម្រាប់សង្សាមុនរបស់នាង ដែលរស់នៅឆ្ងាយពីនាង។
នៅក្រោយការបែកធ្លាយ នាងចង់សរសេរសេចក្ដីប្រកាសព័ត៌មានមួយ តែនៅពេលដែលនាងចាប់ផ្ដើមសាកល្បងសរសេរ នៅពេលនោះនាងចាប់ផ្ដើមស្រក់ទឹកភ្នែក និងបានធ្វើឲ្យនាងផ្ទុះកំហឹង។ នាង ជើនីហ្វើរ ឡរ៉េន បានសង្កត់ធ្ងន់ទៀតថា៖ «រឿងដែលនរណាម្នាក់ ត្រូវបានគេធ្វើអាជីវកម្មផ្លូវភេទ ឬត្រូវបានរំលោភ តែអ្វីដែលសំខាន់នោះ គឺរឿងនោះត្រូវបានអ្នកផ្សេងទៀត ឆ្លៀតកេងចំណេញពីលើថែមទៀត។ រឿងនេះ ធ្វើឲ្យខ្ញុំហួសវាចានឹងថ្លែង»៕