បារ៉ាក់ អូបាម៉ា គាំទ្រនិងជួយម៉ាឡេស៊ី រឿងរុករកយន្ដហោះបាត់ខ្លួន
បន្ទាប់ពីមកដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ទី២៧ ខែមេសា នៅក្នុងដំណើរទស្សនកិច្ចវិលជុំ ក្នុងទ្វីបអាស៊ីនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងអះអាងជាថ្មី ពីការគាំទ្រអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី ដែលកំពុងតែរកនូវការរិះគន់ ជុំវិញប្រសិទ្ធិភាពនៃការរុករកយន្ដហោះប៊ូអីង បាត់ខ្លួនតាំងពីថ្ងៃទី៨ខែមីនាមកនោះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (រូបឆ្វេង) និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (រូបថត Reuters)
បាត់យន្ដហោះ - នៅមុនបញ្ចប់ដំណើរទស្សនកិច្ចវិលជុំនៅទ្វីបអាស៊ី ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអះអាងសារជាថ្មី នូវការគាំទ្ររបស់លោក ចំពោះអាជ្ញាធរម៉ាឡេស៊ី ក្នុងការរុករកយន្ដហោះបាត់ខ្លួន ដែលបង្កឲ្យមានអាថ៌កំបាំងមកទល់នឹងថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានស្រង់សម្ដីរបស់លោក បារ៉ាក់ អូបាម៉ា មកថ្លែងប្រាប់អ្នកសារព័ត៌មានថា «លោកបានដឹងថាផ្លូវដើរស្វែងរក មានរយៈពេលយូរតទៅទៀត និងពិបាក។ យើងនឹងធ្វើការនេះទាំងអស់គ្នា។ ការគាំទ្រ នៅទីនេះនៅឡើយ។»
លោករដ្ឋមន្ត្រី បានបន្តទៀតថា «ខ្ញុំរីករាយណាស់ ដែលបានឮបែបនេះ ព្រោះដំណើរទំនងនៅក្នុងការរុករកនេះ ពិតជាមានរយៈពេលយូរដូច្នេះមែន»។
យន្ដហោះប៊ូអីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 បានបាត់ខ្លួននៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនា នៅក្រោយពេលដែលយន្ដហោះ បានបង្ហើបខ្លួនពីដី បានប្រមាណជិត១ម៉ោង។ យន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអែរឡាញ បានហោះចេញពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដោយមានអ្នកដំណើរ ២២៧នាក់ និងអ្នកបម្រើការរួមនឹងអ្នកបើកបរយន្ដហោះ ១២នាក់ ជិះនៅលើយន្ដហោះនោះផង។
គេបានដឹងសម្ដីរបស់លោកប្រធានាធិបតីអាមេរិក ថ្លែងនៅប្រទេសម៉ាឡេស៊ីទៀតថា «សហរដ្ឋអាមេរិក បានសម្រេចចិត្តយ៉ាងច្បាស់ ថានឹងផ្ដល់នូវគ្រប់កម្លាំង និងមធ្យោបាយដែលខ្លួនមាន» ដើម្បីតាមរុករកយន្ដហោះនេះ។
ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់យន្ដហោះ បានបញ្ជាក់ជាផ្លូវការ តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃ២៥ ខែមីនា ថាយន្ដហោះបានបញ្ចប់ជីវិតរបស់ខ្លួន នៅលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌា ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការរុករកនៅក្នុងតំបន់នោះ ដោយមានការចូលរួម ពីសំណាក់ប្រទេសជាច្រើននោះ នៅមិនទាន់បានរកឃើញស្លាកស្នាមណាមួយនៅឡើយ។ ការណ៍នេះបង្កឲ្យមានការក្ដៅក្រហាយកាន់តែខ្លាំងឡើង ពីសំណាក់ក្រុមគ្រួសារនៃជនរងគ្រោះ។ ពួកគេបានចង្អុលចំៗ ពីអសមត្ថភាពរបស់អាជ្ញាធរម៉ាឡេស៊ី ហើយនៅតែមានមន្ទិលថា ប្រទេសម្ចាស់យន្ដហោះ ដូចជាមានលាក់បំបាំងអ្វីមួយ។
នៅចំពោះការរិះគន់ទាំងនេះ អាជ្ញាធរម៉ាឡេស៊ី បានសន្យាថា នឹងបញ្ចេញឯកសារស៊ើបអង្កេតដំណាក់កាលដំបូងមួយ មកផ្សាយជាសាធារណៈ នៅក្នុងសប្ដាហ៍នេះ។
បន្ទាប់ពីការរុករកមិនបានលទ្ធផល នូវប្រអប់ខ្មៅរបស់យន្ដហោះ នៅក្នុងប៉ុន្មាសប្ដាហ៍ចុងក្រោយនេះ អ្នកទទួលខុសត្រូវមួយរូប របស់ក្រសួងការពារជាតិអាមេរិក បាននិយាយរំពឹងពីការរុករកយន្ដហោះនេះ ថានឹងអាចមានរយៈពេលរហូតដល់«រាប់ឆ្នាំ»។
សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសជប៉ុន លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង មុននឹងធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ី។ លោកប្រធានាធិបតីអាមេរិក នឹងបញ្ចប់ដំណើរទស្សនកិច្ចវិលជុំរបស់លោក នៅប្រទេសហ្វីលីពីន ដែលបានរងចាំលោក នៅថ្ងៃចន្ទនេះ។ លោកបារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកលើកដំបូងហើយ ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសម៉ាឡេស៊ី រាប់ចាប់តាំងឆ្នាំ១៩៦៦ ពោលគឺជិតហាសិបឆ្នាំកន្លងមក៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៤