MH370៖ យន្ដហោះយោធាចិន មើលឃើញ «វត្ថុបី»អណ្ដែតនៅលើទឹក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះយោធារបស់ចិន ដែលបានហោះពីលើតំបន់រុករក ដែលសង្ស័យថាជាទីកន្លែងធ្លាក់របស់យន្ដហោះ ប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 នោះ បានរកឃើញវត្ថុអណ្ដែតនៅលើទឹកសមុទ្រចំនួនបី ក្នុងនោះវត្ថុចំនួនពីរ មានពណ៌ដូចទៅនឹងពណ៌យន្ដហោះដែលបានបាត់។ អាជ្ញាធរនៅមិនទាន់បញ្ជាក់អះអាងបានភ្លាមៗ ពីអត្តសញ្ញាណរបស់វត្ថុដែលទើបនឹងមើលឃើញនេះ ថាអាចមានការជាប់ពាក់ព័ន្ធ នឹងការស៊ើបអង្កេតនោះនៅឡើយ។
វត្ថុអណ្ដែតនៅលើទឹក ដែលថតឃើញ និងតំបន់រុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)
បាត់យន្ដហោះ - ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ឲ្យដឹងថា យន្ដហោះយោធាប្រភេទ Ilyushin IL-76 បានរកឃើញវត្ថុអណ្ដែតនៅលើផ្ទៃទឹកចំនួនបី បន្ថែមទៀត បន្ទាប់ពីយន្ដហោះ និងនាវាជាច្រើនដែលបានប្ដូរទីតាំងរុករុក មកជិតតំបន់ឆ្នេររបស់ប្រទេសអូស្ត្រាលីនោះ បានរកឃើញនូវវត្ថុអណ្ដែតជាច្រើនដែរនោះ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏នៅលើកនេះ វត្ថុដែលមើលឃើញ មិនមែនជាលទ្ធផលនៃការថតឆ្លុះឃើញ របស់ប្រព័ន្ធផ្កាយរណបដូចមុនៗនោះទេ។
នៅក្នុងជំនួបមួយ នៅថ្ងៃសៅរ៍ទី២៩ ខែមីនា ក្នុងសណ្ឋាគារមួយក្បែររដ្ឋធានីកូឡាឡំពួរ ជាមួយក្រុមគ្រួសារ នៃអ្នកដំណើរក្នុងយន្ដហោះ ប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីបីសប្ដាហ៍មកនោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានប្រកាសឲ្យដឹងថា លោកនៅមិនទាន់បានដឹងពីអ្វីឲ្យច្រើន ទាក់ទងនឹងវត្ថុដែលត្រូវបានឃើញជាតម្រុយ ក្នុងបេសកកម្មរុករកដ៏អាថ៌កំបាំង។ វត្ថុដែលបានមើលឃើញ នៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបានថា វាពិតជាបំណែករបស់យន្ដហោះបាត់ខ្លួន នោះឬគ្រាន់តែជាកម្ទេចកម្ទីដែលធ្លាក់ក្នុងសមុទ្រប៉ុណ្ណោះ នោះនៅឡើយទេ។
លោករដ្ឋមន្ត្រីដែលមានវត្តមានរួមជាមួយភរិយា និងកូនរបស់លោកផង បានពន្យល់ថា លោកត្រូវតែរងចាំរហូតដល់វត្ថុទាំងនោះ ត្រូវបានយកត្រឡប់មកវិភាគសិន មុននឹងធ្វើសេចក្ដីសន្និដ្ឋាន។
អាជ្ញាធរដែនសមុទ្ររបស់ប្រទេសអូស្ត្រាលី បានបញ្ជាក់ដូចគ្នាថា គេអាចនិយាយថាវត្ថុទាំងនោះ មានជាប់ទាក់ទងនឹងយន្ដហោះនៃជើងហោះហើរ MH370 លុះត្រាតែវត្ថុទាំងនោះត្រូវបានរកឃើញ និងយកត្រឡប់មកធ្វើការវិភាគជាមុន។ តែអាជ្ញាធរអូស្ត្រាលីដដែល ក៏បានបន្ថែមទៀតថា បរិមាណនៃកាកសំណល់រាយប៉ាយនៅក្នុងតំបន់នេះ ដែលអាចមកពីសកម្មភាពនេសាទសមុទ្រនោះ ក៏នៅមិនទាន់មានរបាយការណ៍ណាមួយមកបញ្ជាក់ដែរ។
យន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង បានងាកចេញពីផ្លូវដើម នៅក្រោយបន្តិចពីពេលយន្ដហោះបានបង្ហើបជើង ចេញព្រលានយន្ដហោះអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកស៊ើបអង្កេត នៅមិនទាន់ច្បាស់នៅឡើយថា មានរឿងអ្វីពិតប្រាកដបានកើតឡើង បង្កឲ្យមានហេតុការណ៍ដ៏សោកសៅនេះ។ ប៉ុន្តែការរកឃើញចុងក្រោយ ត្រូវបានទម្លាយឲ្យដឹងថា គ្រោះថ្នាក់យន្ដហោះនេះ ជាបញ្ហាបច្ចេកទេសដែលបណ្ដាលមកពីការចាប់ពង្រត់មិនបានសម្រេច ក្នុងនោះអាចមានការសង្ស័យ ពីអំពើភេវរកម្ម និងក្ដីអស់សង្ឃឹមរបស់អ្នកបើកបរយន្ដហោះណាម្នាក់៕
-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ មីនា ២០១៤