ធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 នៅបារាំង ស្លាប់១៥០នាក់

យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ ដែលដឹកអ្នកដំណើរ ១៥០នាក់ បានធ្លាក់នៅតំបន់ជួរភ្នំមួយ ក្នុងប្រទេសបារាំង នៅថ្ងៃអង្គារទី ២៤ ខែមីនានេះ។ អាជ្ញាធរបារាំង បានប្រកាសថា មិនមាននរណាម្នាក់ នៅរស់រានមានជីវិត ពីការធ្លាក់នេះទេ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៤ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 24, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍ ធ្លាក់យន្ដហោះមួយទៀត បានចូលមកបន្ថែមហេតុការណ៍ដ៏រន្ធត់ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក។ យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbu A320) របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ ហ្សែមែនវីន (Germanwings) ដែលលក់សំបុត្រថោក បានធ្លាក់នៅក្នុងតំបន់ជួរភ្នំ អាល់ប៍ (Alpes) នៃជ្រលង អេស្ត្រូព (Estrop) នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីក្រុង ឌីង ឡេបាំង (Digne-les-Bains) នៅព្រឹកថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០១៥នេះ។ បើតាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ បាននិយាយថា អ្នកដំណើរទាំង១៥០នាក់ នៅលើយន្ដហោះ បានស្លាប់ទាំងអស់។

នៅតាមកញ្ចក់ទូរទស្សន៍ ដែលបានផ្សាយផ្ទាល់ ពីហេតុការណ៍នេះ គេបានឃើញក្រុមអ្នកជួយសង្គ្រោះ បារាំង រួមជា​មួយ នឹងកងកម្លាំងនគរបាល បារាំងផង បានធ្វើដំណើរតាមរថយន្ដ និងតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់តំបន់ ដែល​មាន​គ្រោះថ្នាក់នេះ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) ក៏បានធ្វើដំណើរ ទៅកាន់ទីនោះ​ភ្លាមៗ​ដែរ។

យន្ដហោះនេះ បានភ្ជាក់ការហោះហើរ ពីក្រុងបាសឺឡូន (Barcelone) នៃប្រទេសអេស្ប៉ាញ  ឆ្ពោះទៅកាន់ក្រុង ឌូសែលដូហ្វ (Dusseldorf) នៃប្រទេសអាល្លឺម៉ង់ បានបាត់ពីប្រព័ន្ធត្រួតពិនិត្យអាកាស ដែលឃ្លាំមើលនៅក្នុងតំបន់ អាស៍អង់ប្រូវ៉ង់ (Aix-en-Provence) របស់ប្រទេសបារាំង។មូលហេតុនៃការធ្លាក់យន្ដហោះនេះ នៅមិនទាន់​ប្រកាសឲ្យ​ដឹង​នៅ​ឡើយ។ ប្រសិនបើនៅក្នុងតំបន់ជាច្រើន នៅក្នុងប្រទេសបារាំង បានជួបនឹងបញ្ហាអាកាសធាតុ តាំង​ពីច្រើន​ថ្ងៃ​មក​ហើយ តែសម្រាប់នៅលើតំបន់ជួរភ្នំ ផ្នែកខាងជើងទាំងនោះ មិនមានបញ្ហាខាងឧត្តុនិយមធ្ងន់ធ្ងរឡើយ។ មជ្ឈ​មណ្ឌល​ឧត្តុនិយមរបស់បារាំង ថែមទាំងបានអះអាងថា ស្ថានភាពអាកាសធាតុ នៅតំបន់នោះ មានភាពល្អ​ប្រសើរ​ណាស់​ទៀត​ផង។

យន្ដហោះ បានបញ្ជូនសញ្ញាអាសន្នរបស់ខ្លួន នៅម៉ោង ១០ និង៤៧នាទីព្រឹក បន្ទាប់ពីបានហោះ ឆ្លងផុតឆកសមុទ្រ តោ (Lion) នៃសមុទ្រមេឌីទែរ៉ាណេ ដែលត្រូវបានចាត់ទុកថា មានលក្ខណៈមិនមានស្ថេរភាព។ អ្នកជំនាញមួយរូប ពី​មជ្ឈមណ្ឌល​ឧត្តុនិយម របស់បារាំង បានបញ្ជាក់ថា៖ «វាទំនងជាយន្ដហោះ បានជួបនឹងបញ្ហាឧត្តុនិយម នៅតំបន់នោះ ដែល​បាន​ប្រែ​ក្លាយ ទៅជាខ្យល់ព្យុះ ឬខ្យល់គួច»។

រីឯក្រុមហ៊ុនផលិតយន្ដហោះ អ៊ែរប៊ូស របស់អ៊ឺរ៉ុប (ដែលមានទីតាំងក្នុងប្រទេសបារាំង) នៅមិនទាន់បង្ហាញ ពីប្រតិកម្មអ្វី ជុំវិញគ្រោះថ្នាក់ ធ្លាក់យន្ដហោះ A320 នៅឡើយ រហូតមករសៀលនេះ។ តែដោយឡែក លោក កាស្ទែន ស្ពរ (Carsten Spohr) អគ្គនាយករបស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ លូថាណា (Lufthansa) ដែលជាក្រុមហ៊ុនមេ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ហ្សេមែនវីន បានសរសេរនៅលើទំព័រទ្វីសធើរថា ខ្លួន«នៅមិនទាន់ដឹង ពីមូលហេតុពិត ដែលបាន​កើត​ឡើង ទៅលើគ្រោះថ្នាក់ នៃជើងហោះហើរនេះ»នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...