ចិន​«ឆេះដុំ»​ដាក់​ម៉ាឡេស៊ី ជុំ​វិញ​កង្វះ​តម្លាភាព​ក្នុង​រឿង​បាត់​យន្ដហោះ

បណ្ដាជនចិនអ្នកប្រើប្រាស់បណ្ដាញអាំងធើណែត បានអំពាវនាវឲ្យឈប់ធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីបង្ខំឲ្យ​អាជ្ញាធរប្រទេសនេះ «និយាយការពិត»។ ចំណែកឯនាយករដ្ឋមន្ត្រីចិនវិញ ក៏បានធ្វើសំណើរយ៉ាង«ស្ងួត»មួយ ទៅ​ដៃគូរសន្ទនារនៃប្រទេសម៉ាឡេស៊ីរបស់ខ្លួន ឲ្យផ្ដល់នូវព័ត៌មានជាភាព«ច្បាស់លាស់ ម៉ោងពេល និងគួរឲ្យយកជា​ការ​បាន» នៅក្នុងការបាត់យន្ដហោះប៊ូអ៊ីង ៧៧៧ កាលពីជាង១០ថ្ងៃមុន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនចិនអ្នកប្រើប្រាស់បណ្ដាញអាំងធើណែត បានអំពាវនាវឲ្យឈប់ធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីបង្ខំឲ្យ​អាជ្ញាធរប្រទេសនេះ «និយាយការពិត»។ ចំណែកឯនាយករដ្ឋមន្ត្រីចិនវិញ ក៏បានធ្វើសំណើរយ៉ាង«ស្ងួត»មួយ ទៅ​ដៃគូរសន្ទនារនៃប្រទេសម៉ាឡេស៊ីរបស់ខ្លួន ឲ្យផ្ដល់នូវព័ត៌មានជាភាព«ច្បាស់លាស់ ម៉ោងពេល និងគួរឲ្យយកជា​ការ​បាន» នៅក្នុងការបាត់យន្ដហោះប៊ូអ៊ីង ៧៧៧ កាលពីជាង១០ថ្ងៃមុន។


គំនូររំលឹកពីយន្ដហោះប៊ូអីង ដែលបាត់ខ្លួន នៅក្នុងសាលាមួយ ផ្នែកខាងត្បូងនៃប្រទេសហ្វីលីពីន។ (រូបថត Francis R. Malasig/EPA)

បាត់យន្ដហោះ - តាំងពីជាងមួយសប្ដាហ៍មកហើយ ដែលប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការរបស់ចិន បានតម្លើងសម្លេង​ខ្លាំងៗ ដាក់អាជ្ញាធរម៉ាឡេស៊ី តំបូងឡើយពីកង្វះខាតនៃតម្លាភាព​ និងបន្ទាប់មកពីការប្រកាសដ៏«យឺតពេល» ដែល​ថាយន្ដហោះបានផ្លាស់ប្ដូរទិស ជាមួយនឹងការប៉ុនប៉ងមួយដ៏ជាក់លាក់ បង្កឲ្យការស៊ើបអង្កេតបានបោះជំហានទៅរក ទិសដៅផ្សេងទៀត។

ទំនងជាក្ដៅស្លឹកត្រជៀកកាន់តែខ្លាំងដូចគ្នាដែរនោះ បណ្ដាជនចិនដែលប្រើបណ្ដាញអាំងធើណែត បានជួយបន្ទរ​កាន់តែខ្លាំង។ នៅលើបណ្ដាញសង្គមវៃបូ (Weibo) ដែលប្រហាក់ប្រហែលនឹងទ្វីសធើរ (Twitter) ក្រុមអ្នកប្រើប្រាស់ បានបង្ខំឲ្យរដ្ឋាភិបាលចិនរបស់គេ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសម៉ាឡេស៊ី ហើយបានអំពាវនាវ​ឲ្យ​ទេសចរណ៍ចិនទាំងអស់ «ឈប់»ធ្វើដំណើរមកកាន់ប្រទេសនេះទៀត។

ហ្សាង កៃ (Zhang Kai) បុរសមេធាវីមួយរូប ដ៏ល្បីឈ្មោះ នៅខេត្តហ្សេចាង (Zhejiang) បានសរសេរនៅលើ វៃបូ ថា «ប្រទេសចិនត្រូវតែធ្វើពហិការ ប្រឆាំងប្រទេសម៉ាឡេស៊ី ដើម្បីបង្ខំឲ្យអាជ្ញាធររបស់ប្រទេសនិយាយការពិត»។

ទន្ទឹមនឹងការស៊ើបអង្កេត ដែលបានកើតមាននៅប្រទេសម៉ាឡេស៊ីឯណេះ តែនៅប្រទេសចិន អាជ្ញាធរចិនក៏បាន​ប្រកាសរុករកយន្ដហោះប៊ូអីង ៧៧៧ នេះ នៅលើទឹកដីរបស់ខ្លួនដែរ។ យន្ដហោះដែលភ្ជាប់ជើងហោះហើរ លេខ MH370 ពីរដ្ឋធានីកូឡាឡំពួរ មករដ្ឋធានីប៉េកាំង មានដឹកអ្នកដំណើរចំនួន២៣៩នាក់ ក្នុងនោះ១៥៣នាក់ ជា​ជនជាតិ​ចិន។

ប៉ុន្តែបើសិនជាប្រទេសចិន បានប្រកាសបើកការរុករកយន្ដហោះនៅលើទឹកដីរបស់ខ្លួន នេះបានន័យថា ចិនចង់​បង្ហាញថាខ្លួនក៏ត្រូវមានតម្លាភាពចំពោះការស៊ើបអង្កេតនេះដែរ។ មិនខុសណា ពីការប្រកាសព័ត៌មានរបស់​ក្រសួង​ការបរទេសចិន ដែលថ្លែងថា ខ្លួនបានសហការយ៉ាងជិតស្និតជាទីបំផុត ជាមួយនឹងប្រទេសម៉ាឡេស៊ី ក្នុងការតាម​ស្វែងរក នូវយន្ដហោះដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង។

នៅក្នុងការផ្សាយរបស់សារព័ត៌មានផ្លូវការចិនថ្មី បានសរសេរយ៉ាងខ្លីពីការស្វែងរកនៅលើទឹកដីចិន ថាបានចាប់​ផ្ដើមធ្វើ និងបានបញ្ជក់ថា «គ្មានចំណុចអង្កេតណាមួយ ត្រូវបានធ្វើទៅលើអ្នកដំណើរចិននោះទេ»។

តែបើតាមអ្នកជំនាញខាងវិស័យអាកាសចរណ៍នៅអ៊ឺរ៉ុបវិញ បានពន្យល់ថា បំណងរបស់ប្រទេសទាំងអស់​ដែលជាប់​ពាក់ព័ន្ធក្នុងសំនុំរឿងនេះ សុទ្ធតែចង់ដោះស្រាយយក«មុខ»តែរៀងៗខ្លួន។ អ្នកជំនាញរូបនោះ បានថ្លែងប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាភាសាបារាំងថា «សហរដ្ឋអាមេរិក មិនចង់ឲ្យគ្រោះថ្នាក់យន្ដហោះនេះ ជាប់ពាក់​ព័ន្ធ​នឹងយីហោ«ប៊ូអីង»របស់ខ្លួន។ ប្រទេសម៉ាឡេស៊ី មិនចង់ឲ្យបញ្ហានេះ ទៅជាកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍​ជាតិរបស់ខ្លួន។ ហើយបើនិយាយឲ្យចំមួយបែបទៀត ទាំងចិន ទាំងម៉ាឡេស៊ី សុទ្ធតែមិនចង់ឲ្យគេឯងដឹងថា ប្រព័ន្ធ​សុវត្ថិភាពដែនអាកាសរបស់ពួកគេ មានភាពទន់ខ្សោយ។ តែគួរឲ្យស្ដាយណាស់ ដែលបំណងទាំងនេះបានរំខាន និងធ្វើឲ្យជាប់គាំង ដល់ព័ត៌មានក៏ដូចជាដំណើរការស៊ើបអង្កេត៕»

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...