ស្ថានីយ៍សាំងកណ្ដាលក្រុង៖ ជំនាញថា«មិនបាន» ថ្នាក់លើថា«បាន»
ការសាងសង់ស្ថានីប្រេងសាំងសូគីម៉ិចមួយស្ថិតក្នុងខេត្តបាត់ដំបង ដែលនៅមិនឆ្ងាយប៉ុន្មាន ពីរង្វង់មូលតាដំបងក្រញូង ត្រូវបានមន្រ្តីម្នាក់នៃការិយាល័យសុរិយោដីខេត្តបាត់ដំបង លើកឡើងថា ការសាងសង់នោះខុសច្បាប់ ព្រោះតែអ្នកជំនាញ(ក្រុង) មិនទាន់អនុញ្ញាតិឲ្យសាងសង់ទេ តែម្ចាស់ស្ថានីយ៍កំពុងបន្ដការសាងសង់របស់ខ្លួន។ មន្រ្តីរូបនេះ បានលើកជាការសន្និដ្ឋានរបស់ខ្លួនថា ប្រហែលជាមានការអន្តរាគមន៍ពីថ្នាក់ខេត្ត។
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ស៊ូគីម៉ិច។ (រូបថត MONOROOM.info/ D. KEO)
វិវាទ - ការបែកធ្លាយភាពមិនប្រក្រី ដែលអាចលើកជាបញ្ហាមកថាមានអំពើពុករលួយ កំពុង«លាក់»ខ្លួននៅក្នុងនោះ តាមរយៈភាពស្ងៀមស្ងាត់ ដោយមិនបានបែងចែកចំណែកគ្នារវាងថ្នាក់លើ និងថ្នាក់ក្រោម។ ជាក់ស្តែងកើតចេញពី ការកសាងស្ថានីយ៍ប្រេងសាំងមួយ ស្ថិតក្នុងភូមិរំចេកបួន សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅកែង និង ជិតរង្វវង់មូលតាដំបងក្រញូង ដែលបច្ចុប្បន្នកំពុងបន្តការសាងសង់របស់ខ្លួន ប្រកបដោយលក្ខណៈបច្ចេកទេសទំនើបនោះ ប្រហែលដោយសារមានការអនុញ្ញាតិពីសាលាខេត្ត ព្រោះថាមន្រ្តីជំនាញនៅមិនទាន់បានអនុញ្ញាតក្នុងការសង់នេះនៅឡើយទេ។ នេះជាការបញ្ជាក់ ពីមន្រ្តីនៃការិយាល័យសុរិយោដីខេត្តបាត់ដំបង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
មន្រ្តីនៃការិយាល័យសុរិយោដីខាងលើ បានបន្ថែមថា ការសាងសង់ស្ថានីយ៍សាំងនេះ អាចមានការលាក់លៀម នូវលាភសក្ការៈជាប្រយោជន៍បុគ្គល នៃអ្នកមានអំណាចណាម្នាក់។ មន្ត្រីរូបនោះនៅតែចាត់ទុកថា ជាការការសាងមួយដោយសង់ខុសច្បាប់ ខុសបច្ចេកទេស ព្រោះតែមិនមានការអនុញ្ញាតិពីខាងជំនាញ។ ទោះយ៉ាងណាក៏ដោយ លោកនៅតែចាត់ទុកថា ការសាងសង់ស្ថានីយ៍សាំងនោះនៅតែខុសច្បាប់ ដោយលោកសម្អាងដូច្នេះថា៖ «ក្រសួងបានចេញលិខិតមួយ ទៅអភិបាលខេត្តកំណត់នូវទីតាំងឈប់ផ្តល់ លិខិតអនុញាតិសាងសង់ និងបញ្ឈប់ការសាងសង់ការ៉ាសសាំង។ តែខាងខេត្តនៅមិនទាន់បានកំណត់ទីតាំងនោះ នៅឡើយទេ ។ នោះការរ៉ាសសាំងនោះ ត្រូវធ្វើឡើងដោយមិនទាន់មានច្បាប់។»
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបាត់ដំបងលោក អ៊ូ ដារី បញ្ជាក់ថា ស្ថានីយ៍សាំងនោះ ត្រូវបានសាងសង់ឡើងដោយមានច្បាប់ត្រឹមត្រូវ ជាមួយនឹងការបំពាក់គ្រឿងបច្ចេកទេស ទៅតាមច្បាប់អនុញាតិរបស់ក្រសួង។ លើកឡើងស្របគ្នានិងលោក អ៊ូ ដារីនេះដែរ អនុប្រធានប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបាត់ដំបងលោក សួន សុភា បានបន្ថែមថា មានការឯកភាពពីមន្ទីរ និងបញ្ជូនទៅខេត្ត ចេញពីខេត្តទៅក្រសួង ទើបសម្រេចចេញជាច្បាប់អនុញាតិ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ថោង សុភក្រ្តា ជាម្ចាស់ស្ថានីយ៍ប្រេងសាំងនោះ លើការចោទប្រកាន់ពីមន្រ្តីការិយាល័យខាងលើបានទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។
មន្រ្តីនៃការិយាល័យសុរិយោដី ដែលជាប្រភពមិនបញ្ចេញឈ្មោះខាងលើ បានថ្លែងបញ្ជាក់ពីហេតុផលជុំវិញការមិនទាន់អនុញ្ញាតឲ្យស្ថានីយ៍នេះសាងសង់នោះ ដោយមើលឃើញថាអាចមានហានិភ័យ ប៉ះពាល់ដល់សុវត្ថិភាពកូនសិស្ស បើសិនជាអាចមានហេតុការណ៍ណាមួយកើតឡើងដោយចៃដន្យ តាមរយៈការផ្ទុះ និងហៀរប្រេងសាំងទាំងនោះ និងអាចមានការឆាបឆេះខ្លាំង ណាមួយនៅទីប្រជុំជន និងជិតសាលារៀនចំនួនប្រាំទៀត។
ដោយឡែកទាក់ទងនិងសុវត្តិភាពសិស្ស ដែលមានទីតាំងនៅក្បែរសំណង់ស្ថានីយ៍សាំងនោះ នាយកវិទ្យាល័យនេតយ៉ង់ លោក សេង គុណ និងនាយកសាលាបឋមសិក្សាសម្តេច ជា ស៊ីម លោកទ្រី ហាក់ បានបង្ហាញតាមកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាលោកមិនមានការព្រួយបារម្មណ៍ ចំពោះហានិភ័យដែលកើតចេញពីស្ថានីយ៍សាំងនោះខ្លាំងណាស់ណាទេ ព្រោះយ៉ាងហោចណាស់សាលារបស់លោកស្ថិតនៅផ្នែកម្ខាងទៀតនៃផ្លូវ ដែលមានចំងាយជាង៥០ម៉ែត្រពីស្ថានីយ៍សាំងនោះ។
ជាទស្សនៈផ្ទាល់របស់នាយកសាលាវិទ្យាល័យនេតយ៉ង់លោក សេង គុណ បានបង្ហាញថាតាមផ្លូវច្បាប់ មិនអាចសាងសង់ស្ថានីយ៍សាំងនៅក្នុងទីក្រុង ឬទីប្រជុំជននោះទេ ព្រោះវាមានហានិភ័យខ្ពស់បំផុត។ លោកបានពន្យល់ថា ក្នុងទីក្រុងមានផ្ទះច្រើន នៅជាប់គ្នាៗ បើមានការឆាបឆេះនោះមានការពិបាក និងខូចខាងច្រើន។ «និយាយពីរឿងបច្ចេកទេស តាមលក្ខណៈវិទ្យាសាស្រ្តវិញ វាមិនត្រូវ ព្រោះការ៉ាសសាំងត្រូវនៅដាច់តែឯងក្នុងដីឡូតិ៍ណាមួយ។ (...) បើអាជ្ញាធរដែនដីអាចបញ្ជៀសបាន គួធ្វើលើដីឡូតិ៍ណាមួយ នៅជាយក្រុងបន្តិចទៅ។ (...) បើមានហេតុការណ៍អ្វីកើតឡើង (វា)មិនមានការប៉ះពាល់ ឬរំខានដល់ប្រជាពលរដ្ឋ ដល់សាលារៀន ឬស្ថាប័នរដ្ឋផ្សេងៗទៀតនោះទេ។ បើសង់នៅជាយក្រុង បានជាការល្អណាស់៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៩ មីនា ២០១៤