កំណាព្យខ្មែរ៖ ប្រភព និយមន័យ និង សារប្រយោជន៍

កំណាព្យខ្មែរមានលក្ខណៈពិសេស ប្លែកពីកំណាព្យបរទេសភាគច្រើនត្រង់ថា កំណាព្យខ្មែរតែងគោរពបានទៅតាមរង្វាស់ព្យាង្គ ចួនរណ្តំ និង ការកំណត់ឃ្លាបានយ៉ាងត្រឹមត្រូវ និង មានរបៀបអាន ស្មូត្រ ឬច្រៀងបានច្រើនបែប ។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: November 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះណាជាកំណាព្យខ្មែរ មានអាយុកាលច្រើនជាងម្ភៃសតវត្សរ៍ មកហើយយ៉ាងណាក៏ដោយ ក៏ការឲ្យនិយមន័យ ការ​យល់ដឹងពីរបៀបតែង ឬការដឹងពីចំនួនបទ និង សារប្រយោជន៍នៃកំណាព្យ ក្នុងចំណោមពលរដ្ឋខ្មែរបច្ចុប្បន្ន ហាក់នៅ​មិនទាន់បានទូលំទូលាយនៅឡើយ ។ អាស្រ័យហេតុនេះហើយ បានជាទស្សនាវដ្តីមនោមរម្យព័ងអ៊ីនហ្វូ ថ្ងៃនេះ ចាប់ផ្តើម​រៀបរៀងពី ប្រភព និយមន័យ និង សារប្រយោជន៍នៃកំណាព្យខ្មែរ ដើម្បីចែកជូនដល់ប្រិយមិត្ត គ្រាន់ធ្វើការពិចារណា ដូចខាងក្រោម៖


រូបអប្សារា រាំនិងលេងភ្លេង។

ក. និយមន័យ

១. លោក Carl Sandburg បានពន្យល់ ក្នុងសៀវភៅ កវីទស្សនៈ ចងក្រងដោយ ជ័យ សេន បោះពុម្ពឆ្នាំ ២០០៥ ថា៖ កំណាព្យ គឺជាការពន្យល់ពីជីវិតដែលរសាត់បាត់ទៅក្នុងជើងមេឃយ៉ាងរហ័សក្រៃលែង ហើយមិនអាចឲ្យយើង យកការពន្យល់ទាំងនេះមកអនុវត្តបាន ។

២.តាមសៀវភៅសិល្បៈ តែងកំណាព្យ រៀបរៀងដោយ លោក ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឆ្នាំ ២០១១ លោកបានពន្យល់ថា៖ កំណាព្យ គឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួន ពីរោះរណ្តំ ណែងណង មានឃ្លា មានល្បះ និង មានកម្រិតចំនួន ព្យាង្គជាកំណត់...ចេញពីទឹកចិត្តរំភើប និង ធ្វើឲ្យអ្នកផងរំភើបជាមួយ។

៣. តាមសៀវភៅ ក្បួនកំណាព្យ រៀបរៀងដោយ លោកគ្រូមហា លីសេនផ្សាយចេញពីមន្ទីរវប្បធម៌ ឃោសនាការខេត្តឃ្លាំង បោះពុម្ពឆ្នាំ ១៩៩៦៖ បទកំណាព្យ គឺជាកម្រងពាក្យដែលមានការចាប់ចុងចួនពីរោះរណ្តំណែងណង មានឃ្លា មានល្បះ មានកម្រិតកំណត់ព្យាង្គតាមមេបទអាចបម្រើមនោសញ្ចេតនាមនុស្សឲ្យរំភើប សប្បាយរីករាយ និង សង្វេក អនិច្ចា និង ជាច្បាប់ទូន្មានប្រៀនប្រដៅផ្សេងៗ ។ល។

ទម្រង់សិល្បៈចម្រៀងទាំងអស់ត្រូវតែមានសិល្បៈកំណាព្យជាមេប្រធានគ្រប់តែបទ លះបង់កំណាព្យពុំបានសោះឡើយ ។

ខ. បំណកស្រាយពាក្យគន្លឹះមួយចំនួន៖

តើ កំណាព្យឃ្លោង (កាព្យឃ្លោង ឬកំណាព្យកាព្យឃ្លោង) ជាអ្វី? កំណាព្យកាព្យឃ្លោង គឺជាពា្យសម្រាប់ប្រើសម្គាល់ ឬ ចង្អុលបង្ហាញពីលក្ខណៈដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កវី គឺថាកំណាព្យនោះទាំងរូបភាព ទាំងខ្លឹមសារមានសម្ផស្ស និង សោភ័ណ រណ្តំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀងមិនត្រង់ស្តូក ប៉ុន្តែមានន័យគ្រប់គ្រាន់ (ន័យត្រង់ ន័យបញ្ឆិតបញ្ឆៀង) ។

តើ កំណាព្យ និង កម្រងកែវ ខុសគ្នាយ៉ាងណា? កម្រងកែវ ជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនទាក់ទង ពីរោះរណ្តំ ណែងណងដែរ ប៉ុន្តែមិនមានកម្រិតឃ្លា ឬល្បះ ឬក៏ចំនួនព្យាង្គជាកំណត់ទេ ។ គេប្រើកម្រងកែវសម្រាប់ពោលរឿងល្ខោនខ្មែរ ជាពិសេសល្ខោនស្បែក ។ រីឯធាតុសំខាន់ៗ របស់កំណាព្យរួមមាន៖

ព្យាង្គ៖ សម្លេងមួយម៉ាត់ៗនៅក្នុងកំណាព្យហៅថាព្យាង្គ ។
ឃ្លា៖ ព្យាង្គច្រើនរួមគ្នា បានជាឃ្លា ។
ល្បះ៖ ឃ្លាច្រើនរួមគ្នាមក ដោយមានខណ្ឌ ហៅថា ល្បះ ឬល្បះខណ្ឌ ។
ព្យាង្គ គឺសម្លេងចេញមកហើយ ទោះបានន័យក្តីមិនបានន័យក្តី ។
ពាក្យ គឺសម្លេងចេញមកម្តងក្តី ឬច្រើនដងក្តី មានន័យគ្រប់គ្រាន់ ។
ពាក្យ អាចមាន ១ព្យាង្គ ទៅ ៥ព្យាង្គ ឬច្រើនជាងនេះ ។

នៅក្នុងកំណាព្យគេចែកពាក្យជាពីរគឺ៖ ពាក្យពេចន៍ និង ពាក្យសម្ផស្ស ។

  • ពាក្យពេចន៍៖ គឺជាពាក្យសម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបបារម្មណ៍ និង បំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ ។
  • ពាក្យសម្ផស្ស៖ គឺពាក្យគន្លឹះចួន ឬ ហៅថា ចំណាប់ចុងចួនដែលធ្វើឲ្យរូបភាព ឬ ទម្រង់នៃអត្ថបទកំណាព្យមាន សម្រស់ល្អឡើង ប្រកបដោយលក្ខណៈ ចួនរណ្តំ ។ ពាក្យសម្ផស្សចែកចេញជាពីរ គឺ ពាក្យសម្ផស្សក្នុង និង ពាក្យសម្ផស្សក្រៅ ។ ពាក្យសម្ផស្ស ក្នុង គឺសម្គាល់លើចំណាប់ចួន ផ្ទួនរណ្តំដែលស្ថិតក្នុងឃ្លាជាមួយគ្នា ។ ពាក្យសម្ផស្សក្រៅ គឺសម្គាល់ចំណាប់ចួន ផ្ទួនរណ្តំដែល ឆ្លងគ្នាពីឃ្លាមួយទៅឃ្លាមួយទៀត ឬ ពីល្បះមួយទៅល្បះមួយទៀត ។

សូរស័ព្ទ ឬ សូរសៀង ឬ សំនៀង នៅក្នុងកំណាព្យមានសារៈសំខាន់ណាស់ ព្រោះកំណាព្យដែលល្អ គឺកំណាព្យដែលមាន ចំណាប់អារម្មណ៍ចួន និង ផ្ទួនមានសូរសម្លេងដូចគ្នា ។ ពោលបើសំនៀងនោះចេញមកពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរ សម្លេង (អ៊) ត្រូវតែឲ្យចួនឃោសៈដែរ ។ បើសំនៀងចេញមកពីព្យញ្ជនៈអឃោសៈ សម្លេងតូចស្រួយ ខ្យល់ (អ) ត្រូវតែឲ្យ ចួន នឹងអឃោសៈដែរ ។ គេមិនត្រូវយកឃោសៈទៅចួននឹងអឃោសៈទេ ប៉ុន្តែតាមការសង្កេត បើព្យាង្គ ឬពាក្យទាំងឡាយ ណាដែលប្រើស្រៈ (ួ) ស្រៈ (ឿ) និង ស្រៈ (ៀ) នោះព្យញ្ជនៈឃោសៈនិងអឃោសៈអាចចួនគ្នាបាន ព្រោះមានសូរ សម្លេងដូចគ្នា ។ ឬអាចឆ្លងគ្នាបែបនេះក៏បានគឺ ឃោសៈស្រៈ (អ៊ា) ចួននឹងអឃោសនៈស្រៈ (ៀ) អាចនៅមានក្រៅពីនេះ ខ្លះទៀត តែសំខាន់ត្រូវតែមានសូរសម្លេងដូចគ្នា ។

រង្វាស់កាព្យ ឬ មាត្រាកាព្យ គឺចំនួនព្យាង្គ ជាកំណត់ក្នុងឃ្លានីមួយៗនិងចំនួនឃ្លាជាកំណត់ក្នុងល្បះនីមួយៗ ។ វាអាស្រ័យ ចំណាប់ចួនខុសគ្នា....កំណត់ព្យាង្គ និង ឃ្លាក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឲ្យរូបភាព (ទម្រង់) កំណាព្យទាំងឡាយ ខុសគ្នា និងមានឈ្មោះក៏ប្លែកៗគ្នាដែរ ។

  • ចង្វាក់៖ ក្នុងកំណាព្យ ចង្វាក់សម្គាល់ការលើក ឬ ដាក់សម្លេងដែលមានលក្ខណៈខុសៗគ្នាទៅតាមបទកំណាព្យនីមួយៗ ។ វាជួយសម្រួលដល់ការនិពន្ធ ការពោល ឬ ការស្មូត្រកំណាព្យ និង ជួយជម្រុញឲ្យកំណាព្យមានលក្ខណៈពីរោះរណ្តំជាតន្ត្រី ។ បទពាក្យ ៤ (មានន័យថា បទព្យាង្គបួន ឬ បទមេបួន) ។

គ. ក្រិតក្រមចំណាប់ចួននៃកំណាព្យខ្មែរ៖

កំណាព្យត្រូវរក្សាចំណាប់ចួនតាំងពីល្បះទីមួយរហូតដល់ល្បះបញ្ចប់ គេមិនត្រូវធ្វើឲ្យភ្លាត់ ឬក៏ដាច់ចួននៅដំណាក់ ណា មួយឡើយ ។

ឃ. សញ្ញាសម្គាល់ដល់ការពិនិត្យចំណាប់ចុងចួន៖

នៅក្នុងកំណាព្យ ត្មែងអាចប្រើសញ្ញាសម្គាល់ដល់ការពិនិត្យចំណាប់ចុងចួនបានច្រើនយ៉ាង ប៉ុន្តែសញ្ញាដែលគេនិយមប្រើ ជាងគេគឺ លេខ ឬសញ្ញាពងត្រី ។

ខ្សែកោង ឬខ្នាត់មួយកំណាត់(អង្កត់១) សម្គាល់រណ្តំ៖ ព្យញ្ជនៈដូចគ្នា (កល កិច្ច....)
ធ្មេញរនាស់កែងពីរ ឬខ្នាត់ពីរកំណាត់ (អង្កត់២)សម្ពាល់ចួន៖ ប្រកបដូច (មិត្ត ពិត...)
ធ្មេញរនាស់ទ្រេតពីរ ឬខ្នាត់បីកំណាត់ (អង្កត់៣)សម្គាល់ព្យញ្ជនៈ បូកនឹងស្រៈប្រកបដូចគ្នា៖ ព្យាង្គដដែល(ម៉ែត្រ ...ម៉ែត្រ..)

ង. ផលប្រយោជន៍កំណាព្យ៖

តើបុព្វបុរសខ្មែរបានបង្កើតកំណាព្យឡើងក្នុងគោលបំណងអ្វីខ្លះ?

កំណាព្យ មិនត្រឹមតែបម្រើឲ្យមនោសញ្ចេតនាមួយប៉ុណ្ណោះទេ ផ្ទុយមកវិញ កំណាព្យថែមទាំងអាចបម្រើបាន ស្ទើរតែគ្រប់ មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើបសប្បាយ កំសត់ ពិពណ៌នានិរាសព្រាត់ប្រាស់ កំហឹង ទូន្មានប្រៀនប្រដៅ សង្វេគ អនិច្ចា ...។ល។ ជាវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាខ្មែរដែលយករូបភាព ពីរោះត្រចៀក ជាមធ្យោបាយ ដើម្បីងាយ ស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បានឲ្យដក់ជាប់ ចាំជានិច្ចក្នុងសតិអារម្មណ៍ កុលបុត្រ កុលធីតារបស់ខ្លួន ។

ច. បម្រើបម្រាស់កំណាព្យខ្មែរ៖

កំណាព្យបានជះឥទ្ធិពលនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងទម្រង់សិល្បៈដទៃទៀតរបស់ខ្មែរ ជាពិសេស ទំនុកច្រៀងនៃវង់ភ្លេងប្រពៃណី ។ ទម្រង់សិល្បៈដែលមានប្រើប្រាស់កំណាព្យជាទំនុកច្រៀងមានដូចជា៖ ភ្លេងអារក្ស ភ្លេង​ប្រពៃណី(ភ្លេងការ) របាំប្រពៃណី របាំបុរាណ ល្ខោនខោល ល្ខោនស្រមោល (ស្បែកធំ-ស្បែកតូច) ល្ខោនខោល (ល្ខោន​ពាក់មុខ) យីកេ អាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី ឆៃយ៉ាំ ....។ល។ វាមានឥទ្ធិពលធំធេងណាស់ ក្នុងសង្គម​ខ្មែរ។ កំណាព្យខ្មែរអាចរស់និងបំពេញតួនាទីដោយឯកឯងខាងការស្មូត្រ ។ កំណាព្យមួយបទៗ មានរបៀបស្មូត្រ អាន និង ច្រៀងច្រើនបែប ។

តាមរយៈកំណាព្យ គេក៏អាចដឹងពីភាពវ័យចំណាស់នៃទម្រង់សិល្បៈខ្មែរដទៃទៀតដែរ ។

ឆ. ប្រវត្តិកំណាព្យខ្មែរ

កំណាព្យខ្មែរកើតមានស្រករគ្នានឹងបទភ្លេង និង ទំនុកច្រៀងវង់ភ្លេងអារក្សដែរ ។ កំណាព្យ ត្រូវបានអ្នកស្រាវជ្រាវខ្មែរ សន្និដ្ឋានថា មានដើមកំណើតតាំងពី ៣០៩ មុនគ.ស ហើយដែលក្នុងនោះ បទមេបួនមានដើមកំណើតមុនគេបង្អស់។

តាមយោបល់កវីនិពន្ធល្បីល្បាញមួយចំនួនលោកបានសន្និដ្ឋានថា កំណាព្យខ្មែរមានលក្ខណៈពិសេស ប្លែកពីកំណាព្យ បរទេសភាគច្រើនត្រង់ថា កំណាព្យខ្មែរតែងគោរពបានទៅតាមរង្វាស់ព្យាង្គ ចួនរណ្តំ និង ការកំណត់ឃ្លាបានយ៉ាងត្រឹមត្រូវ និង មានរបៀបអាន ស្មូត្រ ឬច្រៀងបានច្រើនបែប ។ មិនតែប៉ុណ្ណោះបទពីរោះ ដែលខ្មែរបានបង្កើតក៏មានច្រើនទៅទៀត ។ បទកំណាព្យដែលខ្មែរធ្លាប់មាន គឺស្ទើរតែជាងរយបទឯណោះ ។ ប៉ុន្តែដោយសារសង្គ្រាម និង ការឈ្លានពានពីប្រទេស ជិតខាងមួយចំនួន ក្បួនច្បាប់ភាគខ្លះក៏ត្រូវបានបាត់បង់ និង ស្វែងរកវិញមិនទាន់ឃើញ ។

បើទោះជាយ៉ាងនេះក្តី ក៏ខ្មែរនៅសេសសល់ និង បានរកឃើញរបៀបសរសេរកំណាព្យចំនួន ៦៨បទ ដែរ ដែលយើងខ្ញុំនឹង រៀបរាប់ជូន ដូចខាងក្រោម៖

១. បទមណ្ទោកគតិ
២. បទមណ្ទោកគតិពិសេស
៣. បទកាកគតិ
៤. បទកាកគតិផ្ទួនរណ្តំ
៥. បទកាកគតិផ្ទួនពាក្យ
៦. បទព្រហ្មគិតិ
៧. បទព្រហ្មគិតិពិសេស
៨. បទភុជង្គលីលា
៩. បទភុជង្គលីលាពិសេស
១០. បទពំនោល
១១. បទពំនោលពិសេស
១២. បទពាក្យ៤
១៣. បទពាក្យ៦ធម្មតា
១៤. បទពាក្យ៦ ពិសេសទី១
១៥. បទពាក្យ៦ ពិសេសទី២
១៦. បទពាក្យ៦ (បទកង្កែបលោតលើគោក)
១៧. បទពាក្យ៧ធម្មតា
១៨. បទពាក្យ៧(បទវិវិធមាលី)
១៩. បទពាក្យ៧(បទអក្សរលូន)
២០. បទពាក្យ៧(សត្វកាងស្លាប)
២១. បទពាក្យ៧(បទនមោ)
២២. បទពាក្យ៧(បទ ក ខ)
២៣. បទពាក្យ៧(បទគោព័ទ្ធស្នឹង)
២៤. បទពាក្យ៧(នាគកៀវក្រវាត់)
២៥. បទពាក្យ៧(បទអើយរ៉ា)
២៦. បទពាក្យ៧(បទចក្រវាឡ)
២៧. បទពាក្យ៧(បទកង្កែបលោតកណ្តាលស្រះ)
២៨. បទពាក្យ៧ (បទមករខ្ជាក់កែវ)
២៩. បទពាក្យ៧(បទយត្តិភង្គ)
៣០. បទពាក្យ៧(បទពស់លេបកន្ទុយ)
៣១. បទពាក្យ៧ (បទថយក្រោយចូលព្រែក)
៣២. បទពាក្យ ៧ (សុក្រទិនវិសាល)
៣៣. បទពាក្យ៧ (បទសោរទិនវិសាល)
៣៤. បទពាក្យ៧ (បទនាគបរិព័ទ្ធ)
៣៥. បទពាក្យ៨ ធម្មតា
៣៦. បទពាក្យ៨ ពិសេស
៣៧. បទពាក្យ៨ (បដ្យាវត្តបុរាណ)
៣៨. បទពាក្យ៨ (បដ្យាវត្តបែបបាលី)
៣៩. បទពាក្យ៨ (បទត្រីពិធព័ន្ធ)
៤០. បទពាក្យ៨
៤១. (ត្រីពិធព័ន្ធបែបថ្មី)
៤២. បទពាក្យ៨(បទអក្សរសង្វាស)
៤៣. បទពាក្យ៨ (បទរម៉ាំងដើរព្រៃ)
៤៤. បទពាក្យ៨(បទឆ័ត្របីជាន់)
៤៥. បទពាក្យ៨(នាគរាជប្លែងឫទ្ធិ)
៤៦. បទពាក្យ៨(បទនាគបរិព័ទ្ធ)
៤៧. បទពាក្យ៩ ធម្មតា
៤៨. បទពាក្យ ៩ (សិង្ហលេងកន្ទុយ)
៤៩. បទពាក្យ៩ (បទកង្កែបលោតស្ទាក់ពេជ្រ)
៥០. បទពាក្យ៩ (បទរលកខ្ទប់ច្រាំង)
៥១. បទពាក្យ៩ (បទរលកខ្ទប់ច្រាំងចួនរណ្តំ)
៥២. បទពាក្យ៩ (បទសឡាបលូន)
៥៣. បទពាក្យ៩ (ព្រះច័ន្ទបាំងឆ័ត្រ)
៥៤. បទពាក្យ៩ (បទសារថី ទាញរថ)
៥៥. បទពាក្យ៩ (បទកង្កែបលោតផ្ទាត់ខ្ចៅ)
៥៦. បទពាក្យ៩(បទផ្កាឈូករីក)
៥៧. បទពាក្យ៩(បទរលកយោលយាវ)
៥៨. បទពាក្យ៩(បទនាគបរិព័ទ្ធ)
៥៩. បទពាក្យ១០ ធម្មតា
៦០. បទពាក្យ១០(បទវង្សវិចិត្រ)
៦១. បទពាក្យ១០(បទ សប៉ាត់សប៉ឹង)
៦២. បទពាក្យ១០(បទត្រឡាចឡើងទ្រើង)
៦៣. បទពាក្យ១១ ធម្មតា
៦៤. បទពាក្យ១១(បទសហរ៉ា)
៦៥. បទពាក្យ១១(បទសហរ៉ាបែបថ្មី)
៦៦. បទពាក្យ១២ ធម្មតា
៦៧. បទឆ អ័ស្ត (៦ - ៨)
៦៨. បទអ័ស្ត_ស័ប្ត (៨-៧)។

ជ. ដើម្បីរៀនតែងកំណាព្យខ្មែរឲ្យបានល្អ

ដើម្បីតែងកំណាព្យខ្មែរឲ្យបានល្អ ត្មែងគួរមានចំណេះដឹងជាមូលដ្ឋានដូចខាងក្រោម៖

  • ចំណេះដឹងខាងអក្សរសាស្ត្រខ្មែរ៖ ស្គាល់ពី អក្ខរក្រមខ្មែរ (ស្គាល់ពីព្យញ្ជនៈ ស្រៈនិស្ស័យ ស្រៈពេញតួ វណ្ណយុត្តិ មូលភេទ អ អ៊ វិធីបង្កើតពាក្យ វិធីបញ្ចេញសូរសម្លេង ក្បួនវេយ្យាករណ៍...) ។
  • ការយល់ពីក្បួនច្បាប់នៃការតាក់តែងកំណាព្យតាមបទនីមួយៗបានច្បាស់លាស់(បទកំណាព្យទាំង ៦៤) ឬបទណា មួយដែលខ្លួនចង់តែង ។
  • របៀបនៃការប្រើប្រាស់កំណាព្យក្នុងអក្សរសិល្ប៍ខ្មែរ ។
  • ការយល់ពីពាក្យគន្លឹះមួយចំនួនដែលទាក់ទងនឹងកំណាព្យដូចជា៖ កំណាព្យ កាព្យឃ្លោង ចំណាប់ចួន ព្យាង្គ ពាក្យ ឃ្លា ប្រយោគ ឬល្បៈ ចម្រៀង សុភាសិត ពាក្យបណ្តៅ ប្រស្នា រឿង បទ កម្រងកែវ សូរស័ព្ទ ឬសូរសៀង រង្វាស់កាព្យ ...។
  • មានចំណេះដឹងច្រើនលើកិច្ចការសង្គមវិជ្ជា ចិត្តវិទ្យា ទស្សនវិជ្ជា អក្សរសិល្ប៍ និង សិល្បៈមួយចំនួនទៀត ។
  • ការមានពិសោធន៍ច្រើនខាង (ការអានសៀវភៅ ការស្រាវជ្រាវ ការចងក្រង ឬសរសេរអត្ថបទពាក្យរាយ ការពិនិត្យ សង្កេតរឿងធម្មជាតិ និងសង្គម គំនិតបង្កើតថ្មី ខាងការរៀន និង បង្រៀន....)។
  • ការមានសណ្តានចិត្តទូលាយ ចូលចិត្តនិយាយប្រាប់រឿងអ្វីមួយដល់អ្នកដទៃតាមរយៈពាក្យកាព្យ ។
  • ជាមនុស្សដែលចូលចិត្តខាងការអប់រំ ការចែករំលែក និង មនុស្សធម៌ ....។
  • ការចូលចិត្តសេពគប់នឹងកវីនិពន្ធផ្សេងៗទៀត ។

ញ. គោលបំណងនៃការចងក្រង៖

  • រក្សានិងពង្រីកនូវវប្បធម៌ អក្សរសិល្ប៍ខ្មែរ ទុកជាមត៌កតទៅ ។
  • ទុកជាមេរៀន សម្រាប់ឲ្យកូនចៅជំនាន់ខ្មែរជំនាន់ក្រោយបានរៀនសូត្រ ចេះតែងនិពន្ធជាអត្ថបទកំណាព្យ បម្រើដល់ ជីវភាពសង្គមប្រទេសជាតិ ។
  • បង្កភាពងាយស្រួលដល់អ្នកស្រាវជ្រាវទាំងឡាយ ។
  • រំលេចនូវសោភ័ណភាព និង តម្លៃកំណាព្យខ្មែរឲ្យបានកាន់តែខ្ពស់ថែមទៀត។ នាំឆ្ពោះទៅរកការឯកភាពរួមគ្នា ខាង អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ។
  • បណ្តុះស្មារតីស្រលាញ់កំណាព្យ អក្សរសាស្ត្រ អក្សរសិល្ប៍ និង វប្បធម៌ខ្មែរថែមទៀតក្នុងជួរមហាជនខ្មែរ ។
  • ចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរឲ្យប្រជាជនក្នុងសកលលោកបានស្គាល់ ។

---------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ឯកសារយោង៖
សៀវភៅសិល្បៈ តែងកំណាព្យ រៀបរៀងដោយ លោក ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឆ្នាំ ២០១១
សៀវភៅ កវីទស្សនៈ ចងក្រងដោយ ជ័យ សេន បោះពុម្ពឆ្នាំ ២០០៥
ក្បួនកំណាព្យ រៀបរៀងដោយ លោកគ្រូមហា លីសេនផ្សាយចេញពីមន្ទីរវប្បធម៌ ឃោសនាការខេត្តឃ្លាំង បោះពុម្ពឆ្នាំ ១៩៩៦
សៀវភៅ ជ័យលាភីរង្វាន់អក្សរសិល្ប៍នូហាច
សៀវភៅ អរិយធម៌ខ្មែរថ្នាក់បញ្ចប់ របស់អ្នកស្រី ត្រឹង ងា
សៀវភៅអក្សរសិល្ប៍ខ្មែរ ដោយ វ៉ាន់ឌី កាអុន
សៀវភៅ សិក្សាស្វែងយល់ពីអក្សរសាស្ត្រខ្មែរ ដោយ ហ៊ុន គឹមសៀ
សៀវភៅ អក្សរសាស្ត្រខ្មែរ ដោយ លី ធាមតេង
សៀវភៅ តែងកំណាព្យខ្មែរ ដោយ តឿម សុភ័ស្ត
សៀវភៅ ស្មារតីខ្មែរ ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ និង លោក នភ ហង្ស ផលា
សៀវភៅ វិញ្ញាសាវិញ្ញាណ ១០ ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍
សៀវភៅកំណាព្យ រុក្ខជាតិឱសថ ដោយ ឌឹម ដន
សៀវភៅ ចំរៀង ចង្រិតដែក ដោយ ពេជ្រ ទុំក្រវ៉ិល
សៀវភៅ កំណាព្យ ពីនេះ ពីនោះ ដោយ ជ័យ ចាប

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...