ជ័យជំនះរបស់ ត្រាំ បង្កការបារម្ភពីគ្រប់ជ្រុងនៃផែនដី
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 09, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជ័យជំនះរបស់លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំណែង ជាម្ចាស់សេតវិមាន បានបង្កឲ្យមានការព្រួយបារម្ភ មកពីគ្រប់ជ្រុងជ្រោយទាំងអស់ នៅក្នុងពិភពលោក។ ការព្រួយបារម្ភដែលកើតមាននោះ ផ្ដោតសំខាន់ទៅលើ ប្រធានបទ«អាកាសធាតុ សេដ្ឋកិច្ច និងសិទ្ធិមនុស្ស»។
បណ្ដាជនជាច្រើនលើសលប់ នៅក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា បានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការបោះឆ្នោតប្រធានាធិបតី របស់សហរដ្ឋអាមេរិកកាលពីម្សិលម៉ិញ រហូតលុះត្រាលទ្ធផល (ជាបណ្ដោះអាសន្ន) ត្រូវបានប្រកាស ផ្ដល់ជ័យជំនះទៅឲ្យលោកមហាសេដ្ឋី ដូណាល់ ត្រាំ បេក្ខជនគ្មានបទពិសោធន៍ផ្នែកនយោបាយ មកពីគណបក្សសាធារណរដ្ឋ ឈ្នះពីលើអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខជនស្ថិតក្នុងតំណែងនយោបាយ ជាយូរឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ។ សម្រាប់ពួកគេទាំងនោះ ការឡើងមកកាន់តំណែង ជាប្រធានាធិបតីអាមេរិក របស់បុរសអ្នកជំនួញរូបនេះ (ដែលនឹងត្រូវស្បថ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ) គឺជាការលោតចូល ទៅក្នុងលំហរមួយ ដែលគ្មានភាពច្បាស់លាស់។
សហគមន៍អ៊ឺរ៉ុបប្រតិកម្ម...
ចំពោះសហគមន៍អ៊ឺរ៉ុបវិញ បានប្រកាសថាខ្លួន នឹងបន្តធ្វើការ ជាមួយសហរដ្ឋអាមេរិក នៅក្រោយជ័យជំនះ របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការប្រកាស របស់ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី «Federica Mogherini» នៅព្រឹកថ្ងៃពុធនេះ។ អ្នកស្រីបានថ្លែងឲ្យដឹង តាមរយៈទំព័រទ្វីសធើរ របស់អ្នកស្រីថា៖ «សម្ព័ន្ធមេត្រីភាព រវាងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក មានជម្រៅ ជ្រៅជាងការផ្លាស់ប្ដូរផ្នែកនយោបាយណាក៏ដោយ»។
សម្រាប់ប្រមុខរដ្ឋប៉ាឡេស្ទីន បានថ្លែងអំពាវនាវ ទៅលោក ដូណាល់ ត្រាំ ឲ្យជួយបង្កើតឲ្យមានជា «រដ្ឋប៉ាឡេស្ទីន» ដែលកំណត់ដោយព្រំដែនច្បាស់លាស់ ជាមួយប្រទេសអ៊ីស្ត្រាអែល។ លោក «Nabil Abou Roudeina» អ្នកនាំពាក្យរបស់ប្រមុខរដ្ឋប៉ាឡេស្ទីន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «អស្ថិរភាពនឹងបន្តកើតមាន ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងពិភពលោក ប្រសិនជាគេមិនស្វែងរកដំណោះស្រាយ ដ៏ពិតប្រាកដមួយ សម្រាប់វិបត្តិនៅប៉ាឡេស្ទីន»។
បារម្ភនឹងបញ្ហា«អាកាសធាតុ»
រីឯរដ្ឋមន្ត្រីបរិស្ថានបារាំង អ្នកស្រី សេហ្គោឡេន រ៉ូយ៉ាល់ (Ségolène Royal) បានសម្ដែងសុទិដ្ឋិនិយម ចំពោះបញ្ហា«អាកាសធាតុ» បន្ទាប់ពីជ័យជំនះរបស់លោក ត្រាំ ថា ការប្រកាសរបស់លោក ត្រាំ ក្នុងពេលកន្លងមក ទាក់ទងនឹងការឡើងកម្ដៅ នៃសីតុណ្ហភាពលើផែនដីនោះ នឹងមិនប៉ះពាល់ដល់ការអនុវត្តន៍ នូវកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពី«អាកាសធាតុ» ដែលត្រូវបានអនុម័តដោយប្រទេសជាច្រើន កាលពីឆ្នាំទៅម៉ិញនោះឡើយ។
ការលើកឡើងរបស់អ្នកស្រី រ៉ូយ៉ាល់ មានលក្ខណៈផ្ទុយ ពីប្រមុខការទូតបារាំង លោក ហ្សង់ម៉ាក៍ អារ៉ូលត៍ (Jean-Marc Ayrault) ដែលបានលើកឡើង ពីក្ដីបារម្ភរបស់លោក ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ និងកិច្ចព្រមព្រៀង ស្ដីពីគម្រោង«នុយក្លេអ៊ែរ» របស់ប្រទេសអៀរ៉ង់។
អ្នកស្រី «Dianita Sugiyo» អាយុ៣៤ឆ្នាំ មកពីសកលវិទ្យាល័យមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី បានថ្លែងឡើងថា នយោបាយហាមឃាត់ អ្នកកាន់សាសនាឥស្លាម ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយលោក ដូណាល់ ត្រាំ អាចនឹងរងនូវប្រតិកម្មដ៏អាក្រក់។ អ្នកស្រីបានថ្លែងឡើងថា៖ «សហរដ្ឋអាមេរិក ជាប្រទេសដែលមានវប្បធម៌ ចម្រុះជាតិសាសន៍ ហើយថែមទាំងមានបណ្ដាជន អ្នកកាន់សាសនាឥស្លាម ជាច្រើននាក់ផងទៀត... ហេតុការណ៍នេះបង្កឲ្យមានការភ័យព្រួយណាស់»។
ការព្រួយបារម្ភ ក៏កើតឡើងខ្លាំង សម្រាប់អ្នកតាមដានទាំងឡាយ ដែលមានជំនាញផ្នែកសេដ្ឋកិច្ចនោះដែរ។ អ្នកស្រី «Clarita Carlos» សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីសកលវិទ្យាល័យហ្វីលីពីន បានអះអាងថា៖ «ពិភពលោកទាំងមូល កំពុងដើរឆ្ពោះ ទៅរកសកលភារូបនីយកម្ម។ ប្រសិនជាសហរដ្ឋអាមេរិក ដែលជាចលករមួយ នៃសេដ្ឋកិច្ចពិភពលោក ចាប់ផ្ដើមដាក់រនាំងខណ្ឌចែក សម្រាប់ការធ្វើពាណិជ្ជកម្មនានានោះ វានឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដើរត្រឡប់ថយក្រោយ។»៕