យន្ដហោះយោធារ៉ូស្ស៊ីធ្លាក់ចូលសមុទ្រ ជាមួយកងសិល្បៈ៦៤នាក់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៥ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 25, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងសារសំដែងមរណទុក្ខ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីនៃប្រទេសរ៉ូស្ស៊ី បានបញ្ជាឲ្យបង្កើតឡើងភ្លាម នូវគណៈកម្មាការស៊ើបអង្កេតមួយ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ឌមីទ្រី ម៉េដវេដេវ (Dmitri Medvedev) ដើម្បីស្វែងយល់ ពីមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្ដហោះយោធាមួយគ្រឿង ធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅពេលដែលយន្ដហោះនេះ ហោះឆ្ពោះទៅកាន់ប្រទេសស៊ីរី។
យន្ដហោះធុន «Tu-154» បានហោះងើបខ្លួន នៅម៉ោង៥និង៤០នាទី ហើយភ្លាមៗក្រោយមក យន្ដហោះបានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស មុននឹងដំណឹងអកុសលបានធ្លាក់មកដល់ នៅពេលបន្ទាប់មកទៀត ថាយន្ដហោះបានធ្លាក់បោកខ្លួន ចូលក្នុងសមុទ្រ នៅខាងមុខក្រុង «Sotchi (ភាគខាងត្បូង នៃប្រទេសរ៉ូស្ស៊ី)»។
ពីក្នុងចំណោមអ្នកដំណើរ ទាំង៩២នាក់ ដែលជិះនៅក្នុងយន្ដហោះ មាន៨នាក់ជាបុគ្គលិកបម្រើការ របស់យន្ដហោះ និង៦៤នាក់ គឺជាកងសិល្បៈ ផ្នែកចម្រៀងជាពួក នៃកងទ័ពក្រហមរ៉ូស្ស៊ី។ កងសិល្បៈទាំងនេះ ត្រូវទៅចូលរួមប្រារព្ធពិធីអបអរសាទរឆ្នាំថ្មី របស់កងទ័ពរ៉ូស្ស៊ី នៅក្នុងប្រទេសស៊ីរី ដែលនឹងប្រព្រឹត្តិទៅ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
នៅនឹងកន្លែង ដែលយន្ដហោះធ្លាក់ ក្រុមអ្នកជួយសង្គ្រោះ បានស្រង់បានសាកសពដំបូងគេ ដែលស្ថិតនៅចំងាយប្រមាណជា ៦គីឡូម៉ែត្រ ពីដីជ្រោយ នៃក្រុង «Sotchi»។ នេះបើតាមការអះអាង របស់លោក «Igor Konashenkov» អ្នកនាំពាក្យ របស់ក្រសួងការពារជាតិរ៉ូស្ស៊ី។ ខាងក្រោមនេះ ជារូបភាពដំបូងគេ ពីកន្លែងដែលយន្ដហោះបានធ្លាក់៖
មិនគោរពក្រិត្យក្រមសុវត្ថិភាព នៃការហោះហើរ?
ការស៊ើបអង្កេតព្រហ្មទណ្ឌ ទំនងជាកំពុងធ្វើ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះ។ គណៈកម្មការស៊ើបអង្កេតរ៉ូស្ស៊ី បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ ថាតើគ្រោះថ្នាក់នេះ បង្កឡើងពីការមិនគោរពក្រិត្យក្រមសុវត្ថិភាព នៃការហោះហើរ ឬយ៉ាងណា។ ប្រភពពីមន្ត្រីនៅក្នុងគណៈកម្មការ បានបង្ហើបឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត កំពុងសាកសួរមន្ត្រី ខាងបច្ចេកទេសមួយចំនួន ដែលទទួលខុសត្រូវ ការរៀបចំឲ្យយន្ដហោះខាងលើហោះឡើង។
យន្ដហោះប្រភេទ «Tupolev-154» ដែលជាផលិតផល របស់ប្រទេសរ៉ូស្ស៊ី បានជួបគ្រោះថ្នាក់ ជាច្រើនលើកច្រើនសារមកហើយ ក្នុងពេលកន្លងមក។ កាលពីខែមេសា ឆ្នាំ២០១០ យន្ដហោះប្រភេទនេះ ដែលមានដឹកលោក «Lech Kaczynski» ប្រធានាធិបតីប៉ូឡូញ និងមនុស្ស៩៥នាក់ផ្សេងទៀត បានធ្លាក់បោកខ្លួន នៅខណៈពេលដែលយន្ដហោះ ព្យាយាមចុះចតក្រៅព្រលាន ក្បែរនឹងក្រុង «Smolensk (ភាគខាងលិច នៃប្រទេសរ៉ូស្ស៊ី)»។ នៅក្នុងគ្រោះថ្នាក់នោះ គ្មានអ្នកដំណើរ ឬបុគ្គលិកបម្រើការ នៅលើយន្ដហោះណាម្នាក់ នៅរស់រានមានជីវិតនោះទេ៕