សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ

ក្រុមអ្នកជំនាញរ៉ូស្ស៊ី បានបើកប្រអប់ខ្មៅ របស់យន្ដហោះ ដែលបាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ កាលពីថ្ងៃទី២៥ ខែ​ធ្នូ​នេះ ហើយ​បាន​បើក​ស្ដាប់ ការ​ជជែក​គ្នា​ចុងក្រោយ រវាងអ្នកកាន់ចង្កូតយន្ដហោះ ទាំងពីរនាក់។ ពាក្យសំដី​ដ៏​រំជួល​​ចិត្ត បាន​ធ្វើ​ឲ្យ​​អ្នក​​ស៊ើប​​អង្កេត​ដឹង​​កាន់​តែ​ច្បាស់​ថា យន្ដហោះ​បាន​ធ្លាក់ បណ្ដាលមក​ពី​បញ្ហា​​បច្ចេកទេស។
សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ
យន្ដហោះប្រភេទ «Tupolev-154» ដែលផលិតនៅប្រទេសរ៉ុស្ស៊ី។ (រូបថត​លើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី៣០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 30, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទិន្នន័យហោះហើរ និងសម្លេងថតទុក នៅក្នុងប្រអប់ខ្មៅ របស់យន្ដហោះយោធា ប្រភេទ «Tupolev Tu-154» ដែលបានជួបគ្រោះថ្នាក់ ធ្លាក់​ចូល​សមុទ្រ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងមកនេះ បាន​ប្រាប់​ឲ្យ​ដឹង ពីបញ្ហាបច្ចេកទេស នៅនឹងស្លាបយន្ដហោះ ដែលបានកើតឡើង នៅពេល​យន្ដហោះ​បាន​ហោះ​​ងើប​ខ្លួន ចេញ​ពី​​ព្រលាន​​យន្ដហោះ។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានរ៉ូស្ស៊ីជាច្រើន បានផ្សាយឲ្យដឹង។

ហើយសម្លេង ក្នុងប្រអប់ខ្មៅនោះ ក៏បានឲ្យដឹង ពីការជជែកគ្នាចុងក្រោយ របស់អ្នកបើកបរ យន្ដហោះ​ទាំង​ពីរ​នាក់ និងការប្រឈមមុខរបស់ពួកគេ នៅចំពោះស្ថានការណ៍ មុនពេលយន្ដហោះ ធ្លាក់ចូល​ទឹក​សមុទ្រ​នោះ​ដែរ។ សារព័ត៌មាន «Life News»​ បានស្រង់ប្រភព ពីក្រុមអ្នក​ស៊ើប​អង្កេត មកសរសេរថា ម្នាក់​ពីក្នុងចំណោម អ្នក​បើកបរ​ទាំងពីរនាក់ បានស្រែក​ឡើងថា៖ «អាស្លាប​យន្ដហោះ​​ចង្រៃវាយក៍!» បន្ទាប់មក អ្នកបើកបរដដែល ដែល​ជាជំនួយការបើកបរ បានស្រែកទៅកាន់ មេ​បញ្ជាការ​បើកបរ​​​របស់ខ្លួនថា៖ «លោក​មេបញ្ជាការ... យើង​​កំពុង​ធ្លាក់​ហើយ!»។

បើទោះជាព័ត៌មានខាងលើនេះ នៅមិនទាន់បានអះអាង ជាផ្លូវការក៏ដោយ តែវាដូចទៅនឹងការលើកឡើង របស់​ការិយាល័យ​សហព័ន្ធ ទទួលបន្ទុកខាង​សុវត្ថិភាព​ផ្លូវ​អាកាស របស់ប្រទេសរ៉ូស្ស៊ី ដែលបានអះអាង ក្នុង​ជំហាន​ដំបូង​ថា ស្លាបយន្ដហោះ មិនបានបិទចូលទៅវិញ តាមការបញ្ជា​ឲ្យទាន់ពេល ហើយ​បានបង្កឲ្យ​មាន​គ្រោះ​ថ្នាក់​​នេះ​​ឡើង។

អ្នកជំនាញមួយរូប មកពីការិយាល័យសហព័ន្ធខាងលើ បានថ្លែងឡើងថា៖ «នៅនាទីទីពីរ បន្ទាប់ពីយន្ដហោះ បានហោះងើបខ្លួនចេញពីព្រលាន យើង​ត្រូវបិទ​ស្លាប​យន្ដហោះ ទាំងសងខាង​ចូល​ទៅ​វិញ  ប៉ុន្តែដោយ​សារ​បញ្ហា​បច្ចេកទេស ស្លាបយន្ដហោះមួយ បានគាំងហើយនៅតែបើកដដែល។ ស្លាបមួយចំហៀង ដែល​គាំង​នេះ បាន​បង្ក​ការ​រំខាន ដល់ការធាក់ខ្យល់ហោះទៅមុខ របស់យន្ដហោះ។ យើងអាចបញ្ជៀស​គ្រោះថ្នាក់នេះបាន តែ​អ្នក​បើកបរ (នៅក្នុង​យន្ដហោះ​ដែល​ធ្លាក់) មិនអាច​​ធ្វើអ្វី​​បាន​ទាន់​ពេលទេ ដោយសារ​តែយន្ដហោះ ហោះ​នៅ​កំពស​​ទាប​​​នៅឡើយ។»។

សូមបញ្ជាក់ដែរថា យន្ដហោះធុន «Tu-154» របស់កងទ័ពរ៉ូស្ស៊ី បានហោះងើបខ្លួន នៅម៉ោង៥និង៤០នាទី ហើយ​​ភ្លាមៗ​ក្រោយមក យន្ដហោះ​បាន​បាត់​ខ្លួន ពីប្រព័ន្ធត្រួត​ពិនិត្យ​ផ្លូវអាកាស។ ​ដំណឹង​អកុសល​​​បានធ្លាក់​មក​ដល់ នៅ​​ពេល​​បន្ទាប់​​មក​ទៀត ថា​យន្ដហោះ​បាន​ធ្លាក់​បោកខ្លួន ចូលក្នុងសមុទ្រ នៅខាងមុខក្រុង «Sotchi (ភាគ​ខាង​ត្បូង នៃ​ប្រទេស​​រ៉ូស្ស៊ី)»។

ពីក្នុងចំណោមអ្នកដំណើរ ទាំង៩២នាក់ ដែលជិះនៅក្នុងយន្ដហោះ មាន៨នាក់ជាបុគ្គលិកបម្រើការ របស់​យន្ដហោះ និង៦៤នាក់ គឺជាកងសិល្បៈ ផ្នែក​ចម្រៀង​ជាពួក នៃកងទ័ពក្រហមរ៉ូស្ស៊ី។ កងសិល្បៈទាំងនេះ ត្រូវ​ទៅ​​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំថ្មី របស់កងទ័ពរ៉ូស្ស៊ី នៅក្នុងប្រទេសស៊ីរី ដែលនឹងប្រព្រឹត្តិទៅ ក្នុងប៉ុន្មាន​​ថ្ងៃ​​​ខាង​​មុខ​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...