ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង

ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានចោទ​ប្រធានាធិបតី​ផុតអណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) តាមរយៈទំព័រទ្វីសធើររបស់លោក ថាបានបង្កឧបសគ្គ ដល់​ការ​ចូល​មក​កាន់​តំណែង របស់លោក នៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីថ្មោង។ (រូបថត Reuters)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៩ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 30, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរ​ចោទ​ប្រធានាធិបតី​ផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថានៅតែបានលើកឡើង នូវ​សំដី​អុចអាល និង​បង្កើត​នូវ​ឧបសគ្គ ដែល​នាំ​ឲ្យ​រំខាន ដល់ការចូលមក​កាន់​តំណែង​របស់លោក ក្នុងពេលខាងមុខ។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ខ្ញុំបានធ្វើគ្រប់​លទ្ធភាព​របស់​ខ្ញុំ ដើម្បីបញ្ជៀសឧបសគ្គជាច្រើន និងការថ្លែងបែបអុចអាល របស់ប្រធានាធិបតី អូ (បាម៉ា)។ ខ្ញុំ​បាន​គិត​ថា ការ​ផ្ទេរ​តំណែង នឹង​ប្រព្រឹត្តិ​ទៅ ដោយ​រលូន។ តែ​នេះ មិន​អញ្ចឹង​ទេ!»។

ប៉ុន្តែលោក ត្រាំ មិនបានលំអិតថា «សំដីអុចអាល» របស់លោក អូបាម៉ា នោះ បានធ្វើឡើង នៅត្រង់ចំណុចណា និងនៅពេលណាឡើយ។

ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត នៅដើមខែវិច្ឆិកា រដ្ឋបុរសទាំងពីរបានជួបគ្នា នៅក្នុងការិយាល័យប្រធានាធិបតី នាសេតវិមាន ដោយបានព្យាយាម ទម្លាក់​ចោល​នូវភាពតឹងតែង ដែលកើតមានឡើង ក្នុងការឃោសនា​បោះ​ឆ្នោត តាំង​ពីច្រើនខែមកហើយ ហើយជំនួសមកវិញ នូវបំណងប្រាថ្នាធ្វើយ៉ាងណា ឲ្យ​ការ​ផ្លាស់​ប្ដូរ​តំណែង ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី។

ប៉ុន្តែរឿងមួយ ដែលគេឃើញថា មានការខ្វែងគំនិត ក្នុងពេលនេះ រវាងលោកទាំងពីរ មានជាប់ទាក់ទង​នឹង​បញ្ហា​​អ៊ីស្ត្រាអែល និងប៉ាឡេស្ទីន។ ខណៈ​រដ្ឋាភិបាល​អាមេរិក បានចូលរួមគាំទ្រ​ដំណោះស្រាយ របស់​អង្គការ​សហ​ប្រជាជាតិ ដែលបានថ្កោលទោស អ៊ីស្ត្រាអែល ក្នុងការ​សាងសង់​លំនៅដ្ឋានថ្មី ក្នុងតំបន់់ដែលមានជម្លោះនោះ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​​នៅ​​លើ​​បណ្ដាញ​សង្គម សំដែងការគាំទ្រ ចំពោះ​​ប្រទេស​អ៊ីស្ត្រាអែល​ទៅ​វិញ។

ប្រធានាធិបតីជាប់ឆ្នោតថ្មី បានសរសេរនៅលើទំព័រទ្វីសធើរថា៖ «យើងមិនអាចបន្ត ទុកឲ្យប្រទេសអ៊ីស្ត្រាអែល រងនូវការម៉ាក់ងាយ និងគ្មានការគោរព​យ៉ាងដូច្នេះទេ។ វាជាប្រពៃណីទៅហើយ ដែលសហរដ្ឋអាមេរិក មាន​មហា​​មិត្ត​​មួយ (ដូចប្រទេសអ៊ីស្ត្រាអែល) ប៉ុន្តែពេលនេះ មិនអញ្ចឹងឡើយ។ (...) រឹងប៉ឹង​ឡើង អ៊ីស្ត្រាអែល! ថ្ងៃ​ទី២០ ខែ​មករា (ថ្ងៃដែលលោក ត្រាំ ចូលស្បថកាន់តំណែង) ជិតមកដល់ហើយ។»។

ជាលើកទីមួយ រាប់ចាប់តាំងពីឆ្នាំ១៩៧៩មក ដែលសហរដ្ឋអាមេរិកមិនបានប្រើសិទ្ធិ «វេតូ (Veto)» របស់ខ្លួន ដើម្បីបង្អាក់ មិនឲ្យដំណោះស្រាយមួយ របស់​អង្គការសហប្រជាជាតិ ធ្វើការថ្កោលទោស ការសង់លំនៅដ្ឋាន​ថ្មីៗ របស់អ៊ីស្ត្រាអែល នៅលើតំបន់ដែលមានជម្លោះ រវាងអ៊ីស្ត្រាអែល និង​ប៉ាឡេស្ទីន។ ហេតុការណ៍ បាន​បង្ក​ឲ្យ​ប្រទេស ដែលសំបូរដោយ​អ្នក​កាន់​សាសនា​ជីហ្វមួយនេះ ផ្ទុះកំហឹងឡើង ព្រោះការមិនប្រើសិទ្ធិ «វេតូ» នេះ បានធ្វើឲ្យ​ដំណោះ​ស្រាយ ដែលយល់ព្រម ដោយ​ប្រទេស​សមាជិក​ទាំង១៤ របស់​ក្រុមប្រឹក្សាសន្តិសុខ ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...