សារព័ត៌មានអ៊ឺរ៉ុប៖ យុទ្ធនាការកំចាត់ សម រង្ស៊ី របស់ ហ៊ុន សែន
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី៣០ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 30, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលក្រមសម្រេច កាលពីថ្ងៃអង្គារ របស់សាលាដំបូងរាជធានី ផ្ដន្ទាទោសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ជុំវិញការបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់លោកនោះ បានបង្កការចាប់អារម្មណ៍ យ៉ាងព្រោងព្រាត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ នៅអ៊ឺរ៉ុប សឹងតែគ្រប់ភាសា គ្រប់ប្រទេស។ ព័ត៌មានដែលចេញផ្សាយ ទាំងនៅលើទំព័រគេហរទំព័របស់ពួកគេ ទាំងនៅលើក្រដាសបោះពុម្ភផ្សាយ បានពញ៉ាក់សាធារណមតិ នៅអ៊ឺរ៉ុបចាប់ពីថ្ងៃ ដែលចេញសាលក្រម រហូតមកដល់ថ្ងៃនេះ។
ដូចសារព័ត៌មានបារាំង ឈ្មោះ «Le Monde» ទើបនឹងចេញផ្សាយអត្ថបទ (បង់ប្រាក់ ដើម្បីបានអាន) របស់ខ្លួន នៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូនេះ ដោយដាកចំណងជើងថា «សម រង្ស៊ី មុខព្រួញដដែលៗ នៃអ្នកកាន់អំណាច នៅកម្ពុជា» ដោយបានសរសេររៀបរាប់ថា ការផ្ដន្ទាទោស ដាក់ពន្ធនាគារលើលោក សម រង្ស៊ី ចំនួនប្រាំឆ្នាំនេះ បូកបន្ថែមនឹងការផ្ដន្ទាទោសលើកមុនៗផង នឹងធ្វើឲ្យប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង សម្រាប់រយៈពេលយូរបន្តទៀត។
សម្រាប់សារព័ត៌មាន នៅក្នុងប្រទេសស្វីស ដូចយ៉ាង «Tribune de Genève» «24 Heures» និង«20 Minutes» ជាដើម បានពន្យល់ថា ការកាត់ទោស ដោយកំបាំងមុខ ធ្វើទៅលើមេដឹកនាំប្រឆាំង ជាការផ្តន្ទាទោសមួយ ដែលលោក សម រង្ស៊ី ខ្លួនឯងមិនបានធ្វើ តែដោយគ្រាន់តែ ការបង្ហោះផ្សាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែន «ខ្មែរ-យួន» តាំងពី៣៧ឆ្នាំមកហើយនោះ ត្រូវបានធ្វើឡើង ដោយសហការីរបស់លោក នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក។ បញ្ហាព្រំដែន «ខ្មែរ-យួន» ដែលរបបដឹកនាំ របស់នាយករដ្ឋមន្ត្រីសព្វថ្ងៃ «ចាក់ឬសតាំងពី៣១ឆ្នាំ»មកនោះ ចាត់ទុកថា ជាបញ្ហាដ៏រសើប ហើយអាចប៉ះពាល់ ដល់សន្តិសុខជាតិ។
សារព័ត៌មាន បានដកស្រង់ការរិះគន់ របស់ក្រុមប្រឆាំងក្នុងប្រទេសកម្ពុជា ទាក់ទងនឹងព្រំដែន «ខ្មែរ-យួន» ប្រវែង១២៧០គីឡូម៉ែត្រ មកផ្សាយថា គណបក្សកាន់អំណាច (ឬគណបក្សប្រជាជនកម្ពុជា) បានបើកដៃឲ្យប្រទេសវៀតណាម កាត់យកទឹកដីខ្មែរ ដោយប្រើផែនទីក្លែងក្លាយ (ឬនិយាយម្យ៉ាងទៀត ជាផែនទីដែលគ្មានការទទួលស្គាល់ នៅអង្គការសហប្រជាជាតិ)។ តែផែនទីនោះ ដែលក្រុមការងាររបស់ប្រធានគណបក្សប្រឆាំង យកមកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីឆ្នាំទៅម៉ិញ ត្រូវបានអាជ្ញាធរ គ្រប់គ្រងដោយគណបក្សកាន់អំណាច ចាត់ទុកថា ជាផែនទីប្រឌិតឡើង ដើម្បីការ«ញុះញង់-បំបែកបំបាក់» បង្កឲ្យមាន«បដិវត្តន៍» ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។
បណ្ដាញផ្សព្វផ្សាយរដ្ឋ របស់ប្រទេសប៊ែលហ្សិក ឈ្មោះ «RTBF» បានបញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ត្រូវបានផ្ដន្ទាទោស ជាមួយនឹងសហការីរបស់លោកចំនួនពីរនាក់ទៀត ដោយសហការីម្នាក់ៗ រងការផ្ដន្ទាទោស២ឆ្នាំ នៅក្នុងពន្ធនាគារ។ សហការីទាំងពីរនាក់នេះ កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចពីការចាប់ខ្លួន ដូចគ្នានឹងប្រធានគណបក្សរបស់ពួកគេ។ ប៉ុន្តែ មិនមែនតែប៉ុណ្ណឹងទេ ព្រោះនៅពេលក្រោយឯកសារផែនទី ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គមរួចហើយនោះ សមាជិកព្រឹទ្ធសភាម្នាក់ របស់គណបក្សប្រឆាំង ឈ្មោះ ហុង សុខហួរ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយបានរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ ដោយតុលាការកម្ពុជានោះដែរ។
រីឯសារព័ត៌មានបារាំងប្រចាំតំបន់ ឈ្មោះ «Ouest-France» បានស្រង់សំដីរបស់លោក សម រង្ស៊ី ដែលបរិហារសាលក្រមខាងលើ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» មករាយការណ៍ថា រូបលោកផ្ទាល់ មិនត្រូវចាប់ឲ្យទទួលខុសត្រូវ ពីការបង្ហោះផ្សាយរបស់អ្នកដទៃឡើយ។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានជ្រើសរើសការនិរទេសខ្លួន តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃនេះ ដើម្បីគេចចេញពីការចាប់ខ្លួន របស់អាជ្ញាធរកម្ពុជា ទាក់ទងនឹងសាលក្រមចូលជាស្ថាពរមួយ ដែលដើមបណ្ដឹង គឺលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស ទើបនឹងគាស់កកាយមកវិញ បន្ទាប់ពីសាលក្រមនេះ មិនត្រូវបានយកមកអនុវត្តន៍ អស់រយៈពេលជាច្រើនខែ។
មានចំណុចមួយ ដែលបណ្ដាសារព័ត៌មានទាំងនោះ បានសរសេរប្រហាក់ប្រហែលគ្នា។ នោះគឺការផ្តន្ទាទោសទៅលើមេដឹកនាំប្រឆាំង គឺជាផ្នែកមួយ នៃយុទ្ធនាការបង្ក្រាប ក្នុងឆ្នាំនេះ ទៅលើក្រុមអ្នករិះគន់ ប្រឆាំងបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដែលអង្គុយនៅក្នុងកៅអី ជានាយករដ្ឋមន្ត្រី តាំងពី៣១ឆ្នាំមកហើយ។ សារព័ត៌មាន «Challenges» របស់បារាំង បានយកសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) មកផ្សាយបន្តថា លោក ហ៊ុន សែន និងគណបក្សរបស់លោក បានទទួលការគាំទ្រចុះខ្សោយ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ នៅចំពោះការងើបស្ទុះឡើងដ៏ខ្លាំង របស់គណបក្សប្រឆាំង។
ក្រុមសារព័ត៌មានខ្លះ បានលើកយកសំដី របស់ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជា មកបញ្ជាក់ថា បើទោះជាសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ងាកមករកការសន្ទនាវិញនោះក៏ដោយ តែលោក ហ៊ុន សែន ហាក់កំពុងព្យាយាមកំចាត់ចេញ នូវគ្រប់អ្នកជំទាស់ទាំងឡាយ ឲ្យខាងតែបាន នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតសកល នៅឆ្នាំ២០១៨ ខាងមុខ៕