បាល់ទាត់ពិភពលោក៖ អ្នកចាំទីក្រូអាស៊ីជួយក្រុមឲ្យឡើងជួបរ៉ុស្ស៊ី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 02, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួតដែលមានរយៈទាំងអស់ ២ម៉ោង (៩០+១៥+១៥) រវាងក្រុម ក្រូអាស៊ី និងក្រុម ដាណឺម៉ាក ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ បានធ្វើឲ្យក្រុមអ្នកតាមដាន ហើបគូថពីកៅអី ត្រឹមតែ៤នាទីដំបូងប៉ុណ្ណោះ។ ពោលគឺគ្រាប់បាល់ (០-១)ដ៏រហ័សរបស់ក្រុម ដាណឺម៉ាក់ ដែលរកបាននៅវិនាទី ទី៥៧ (មិនបានមួយនាទី) មុននឹងគ្រាប់បាល់ស្មើ (១-១) របស់ក្រុម ក្រូអាស៊ី នៅ៣នាទីក្រោយមក។
បន្ទាប់ពីគ្រាប់បាល់ទាំងពីរនោះមក... គ្មានអ្វីគួរឲ្យរំភើបទៀតទេ! ទាំងនៅក្នុងម៉ោងប្រកួតធម្មតា ៩០នាទី និងម៉ោងបន្ថែម... ក្រុមកីឡាករទាំងសងខាង បានត្រឹមតែបញ្ជូនបាល់ចុះឡើង រហូតលុះត្រា មកដល់បាល់ពិន័យមួយគ្រាប់ ដែលកីឡាករ «Luka Modric» របស់ក្រុម ក្រូអាស៊ី ទាត់មិនចូលទីដាណឺម៉ាក នៅ៣នាទីមុនចុងបញ្ចប់ នៃការប្រកួតបន្ថែមម៉ោង។
ដូច្នេះ នៅចុងបញ្ចប់នៃការប្រកួត (១-១) គឺត្រូវសម្រេចការចាញ់ឈ្នះ ដោយការរាប់គ្រាប់បាល់ ១១ម៉ែត្រ ដែលតម្រូវឲ្យក្រុមទាំងសងខាង ទាត់ចំនួន៥គ្រាប់ដូចគ្នា។ បន្ទាប់ពីទប់គ្រាប់បាល់ពិន័យខាងលើ បានសម្រេចម្ដងរួច ក្នុងវគ្គទាត់បាល់រាប់គ្រាប់នេះ អ្នកចាំទីស៊ុយអែដ កីឡាករ «Kasper Schmeichel» បានទះបាល់១១ម៉ែត្រ របស់ក្រុម ក្រូអាស៊ី បានចំនួន២ដងទៀត។ ប៉ុន្តែ អ្នកចាំទីក្រូអាស៊ី កីឡាករ «Danijel Subasic» ធ្វើបានល្អជាង ដោយទះបាល់១១ម៉ែត្រ របស់ក្រុម ដាណឺម៉ាក បានចំនួន៣ដងវិញ ដែលអនុញ្ញាតឲ្យក្រុម ក្រូអាស៊ី ទទួលជ័យជំនះលើក្រុម ដាណឺម៉ាក និងឆ្លងវគ្គទៅជួបក្រុម រ៉ុស្ស៊ី នៅថ្ងៃសៅរ៍ខាងមុខ៕
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ក្រូអាស៊ី និងក្រុម ដាណឺម៉ាក៖