ឌុយតែតេ ព្រមាន​«ដុត​កំទេច​អង្គការ​សហ​ប្រជាជាតិ»

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានសម្ដែងការខឹង​ច្រឡោត​ជា​ថ្មី​ទៀត ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ ប្រឆាំងនឹងរូបលោក ជាពិសេស ការចោទប្រកាន់ ពីសំណាក់ឧត្ដមស្នងការ របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស។ លោក ឌុយតែតេ បានព្រមានតបទៅវិញថា លោក​នឹង​ទៅ​ដុត​កំទេច អង្គការ​សហ​ប្រជាជាតិ នៅ​ពេល​ណា​លោក ធ្វើដំណើរ​​មក​កាន់​សហរដ្ឋ​អាមេរិក។
ឌុយតែតេ ព្រមាន​«ដុត​កំទេច​អង្គការ​សហ​ប្រជាជាតិ»
ពីឆ្វេងទៅស្ដាំ៖ លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន និងលោក បាន គី-មូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៧ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 27, 2016
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តបទៅនឹងការចោទប្រកាន់ ធ្វើចំពោះរូបលោក និងការអំពាវនាវ សុំឲ្យមានការស៊ើបអង្កេត លើករណី​«មនុស្ស​ឃាត»​ជាច្រើន តាំងពីពេលលោក នៅ​ក្នុង​តំណែង ជាអភិបាលក្រុងនោះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន បានប្រើប្រាស់ភាសា ដ៏ពិសេសៗ គម្រាមដល់​​អង្គការ​ពិភពលោក ដ៏​ធំ​ជាង​គេ​នោះ​តែម្ដង។ លោក ឌុយតែតេ ថែមទាំងបានព្រមាន ថានឹង​«ដុតកំទេច» ទីស្នាក់ការ​ធំ របស់អង្គការ​សហ​ប្រជាជាតិ ស្ថិត​នៅ​ក្នុង​ទីក្រុង​ញ៉ូយក សហរដ្ឋអាមេរិកនោះផង។

សារព័ត៌មាន​ចេញផ្សាយប្រចាំថ្ងៃ «The Independent» របស់អង់គ្លេស បានស្រង់​សំដី​​ខឹង​​ច្រឡោត​​របស់​​លោក ឌុយតែតេ មក​បញ្ជាក់​ថា៖ «(បើសិនជា) ហ្អែងប្ដឹងឡើង ទៅអង្គការសហប្រជាជាតិ អញ​នឹង​ទៅ​ដុត​កំទេច អង្គការ​សហ​ប្រជាជាតិ​ចោល នៅ​ពេល​ណា ដែល​អញធ្វើដំណើរ​ទៅ​អាមេរិក»។

នៅក្នុងការថ្លែងមួយ នៅក្នុងមូលដ្ឋានយោធាន នៃខេត្ត«Zamboanga» ស្ថិតនៅភាគខាងត្បូង នៃប្រជុំ​កោះ​ហ្វីលីពីន លោកប្រធានាធិបតី ឌុយតែតេ បាន​លើកឡើងដូច្នេះ ដើម្បីជាការតបតរ ទៅបណ្ដាអ្នកជំនាញ របស់​អង្គការ​សហប្រជាជាតិ ដែលអំពាវនាវ ទៅស្ថាប័នជាតិហ្វីលីពីន ឲ្យបើក​ការស៊ើប​អង្កេត ទៅលើរូបលោក បន្ទាប់​ពីលោក​​បាន​ប្រកាស​សារភាព កាលពីសប្ដាហ៍កន្លងទៅ ថាបានសម្លាប់ «ឧក្រិដ្ឋជនថ្នាំញៀន» ជា​ច្រើន​នាក់ ដោយ​​ផ្ទាល់​ដៃ​របស់​លោក។

បន្ថែមពីលើនេះ លោកប្រធានាធិបតី នៅបានគម្រាមទៀតថា លោកកំពុងពិនិត្យមើលលទ្ធភាព ដក​ប្រទេស​លោក ចេញ​ពី​សមាជិកភាព របស់​អង្គការ​សហប្រជាជាតិ ពីសន្ធិសញ្ញាស្ដីពីសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ ព្រម​ទាំង​បិទ​បញ្ចប់​ទាំង​អស់ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ជាមួយអង្គការពិភពលោក ដែល​ធំ​ជាង​គេ​មួយនេះ។

ការផ្ទុះសង្គ្រាមសំដី រវាងលោក ឌុយតែតេ និងអង្គការសហប្រជាជាតិ មិនមែនទើបនឹងកើតមាន នៅ​លើក​នេះ​ទេ។ ជាពិសេស នៅក្នុងសំនុំរឿងតែមួយនេះ កាលពីថ្ងៃទី២២ ខែធ្នូថ្មីៗ លោកប្រធានាធិបតី បានហៅ​ស្នងការ​ជាន់​ខ្ពស់ របស់អង្គការពិភពលោក ទទួលបន្ទុកខាងសិទ្ធិមនុស្ស លោក «Zeid Ra'ad Zeid Al-Hussein» ថា​ជា​មនុស្ស​«ភ្លីភ្លើ»ម្នាក់ និងបាន «ជេរម្រាយ» លោកស្នងការរូបនោះ យ៉ាង​ចាស់​មាត់។

លោក រ៉ូឌ្រីចូ ឌុយតែតេ បានជាប់ឆ្នោត ជាប្រធានាធិបតីហ្វីលីពីន ដោយសារភាពល្បីល្បាញរបស់លោក ក្នុង​ការ​​បង្ក្រាប​ឧក្រិដ្ឋកម្ម និង​ការរត់គ្រឿងញៀន នៅពេលលោកកាន់តំណែង ជាអភិបាលក្រុង ដាវ៉ៅ (Davao) ទីក្រុង​ធំទីពីរ ស្ថិតនៅភាគខាងត្បូង បន្ទាប់ពីរដ្ឋធានីម៉ានីល។ បន្ទាប់​ពី​លោក​បាន​ស្បថ ឡើង​កាន់​តំណែង ជា​ប្រធានាធិបតី កាល​ពីខែមិថុនាកន្លងទៅ លោកបាន​ប្រកាស​​ប្រើ​កណ្ដាប់​ដៃ​ដែក ដោយបើកយុទ្ធនាការ បង្ក្រាប​បណ្ដាញ​គ្រឿង​ញៀន នៅ​លើ​​ផ្ទៃ​​ប្រទេស បង្កឲ្យមនុស្ស​​ច្រើន​ជាង​៥៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​នោះ ២១២៤​នាក់ បាន​ស្លាប់​ក្រោមស្នាដៃ របស់កង​កម្លាំង​អាជ្ញាធរ។

យុទ្ធនាការនេះ បានបណ្ដាល​ឲ្យមានការរិះគន់ ជាបន្តបន្ទាប់ ពីសំណាក់អង្គការ​សហប្រជាជាតិ សហគមន៍​អ៊ឺរ៉ុប និងជាពិសេស ពីសំណាក់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួន។ ប៉ុន្តែការរិះគន់ទាំងនោះ មិន​បាន​ធ្វើ​ឲ្យ​លោក ឌុយតែតេ ស្កៀបជើងធ្មេញ សូម្បីបន្តិចឡើយ។ កាលពីសប្ដាហ៍មុន លោក​បាន​គម្រាម ថានឹង​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​យោធា​ទាំង​ឡាយ ដែលប្រទេសហ្វីលីពីន មាន​ជាមួយ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​​ប្រទេស​​មហា​អំណាច បានសម្រេចកាត់ផ្ដាច់ រាល់ជំនួយហិរញ្ញវត្ថុ ពីរដ្ឋាភិបាលហ្វីលីពីន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...