ឌុយតែតេ សុំទោស​ដែល​បាន​ជេរ អូបាម៉ា ថា​«កូន​សំផឹង»

ប្រធានាធិបតីនៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ធ្លាប់បានជេរបញ្ចោរ ជាសាធារណៈ ហៅលោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតី នៃសហរដ្ឋអាមេរិក ថា «កូនសំផឹង» កាលពីឆ្នាំ២០១៦កន្លងទៅ។ វេលានេះ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្ត្រាអែល លោក ឌុយតែតេ បានសំដែងការសុំទោស ចំពោះការជ្រុលជ្រួសសំដីខាងលើ របស់លោក។
ឌុយតែតេ សុំទោស​ដែល​បាន​ជេរ អូបាម៉ា ថា​«កូន​សំផឹង»
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 04, 2018
  • ប្រធានបទ: សំដីមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រមុខរដ្ឋហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានសំដែងការសុំទោស ចំពោះលោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតី​អាមេរិក ជុំវិញការជេរបញ្ចេរមេដឹកនាំ នៃប្រទេសមហាអំណាច កាលពីឆ្នាំ២០១៦ ថាជា«កូនសំផឹង»។ ការជេរបញ្ចោរ ដែលបង្កផលប៉ះពាល់ ទៅដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ហ្វីលីពីន - អាមេរិក។

ការជេរបញ្ចោររបស់លោក ឌុយតែតេ ធ្វើឡើង ដើម្បីជាប្រតិកម្ម តបទៅសហរដ្ឋអាមេរិក ដែលរិះគន់មិនឈប់ឈរ ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន។ សង្គ្រាមនោះ ដែលប្រកាសធ្វើ ក្រោមបញ្ជារបស់លោក ឌុយតែតេ បានធ្វើឲ្យមានមនុស្សស្លាប់ នៅក្រៅប្រព័ន្ធច្បាប់ ជាច្រើនពាន់នាក់ និងបានរងការថ្កោលទោសជាទូទៅ ពីសហគមន៍អន្តរជាតិ។

ប៉ុន្តែនៅវេលានេះ លោក រ៉ូឌ្រីចូ ឌុយតែតេ ដែលកំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្ត្រាអែល បានអះអាងថា ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន បានរីកចម្រើនជាបន្តបន្ទាប់ ក្រោយពីលោក ដូណាល់ ត្រាំ (Donald Trump) បានឡើងជាប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក។ លោក ឌុយតែតេ ថែមទាំងបានចាត់ទុក​ប្រធានាធិបតី​អាមេរិក​សព្វថ្ងៃ ថាជា «មិត្តភ័ក្រដ៏ល្អ» ដែលបាន «បោះជំហានដូចគ្នា» នោះផងទៀត។

ថ្លែងនៅចំពោះ សហគមន៍ហ្វីលីពីន ក្នុងប្រទេសអ៊ីស្ត្រាអែល ប្រធានាធិបតី ឌុយតែតេ បានលើកឡើងថា៖ «វាក៏ជាពេលវេលាដ៏សមរម្យដែរ នៅថ្ងៃនេះ ដើម្បីនិយាយទៅកាន់លោក អូបាម៉ា ថាឥឡូវនេះ លោកគឺជាជនស៊ីវិលម្នាក់ ហើយខ្ញុំសូមសុំទោស ចំពោះពាក្យសំដីទាំងនោះ»។

លោក ឌុយតែតេ កំពុងធ្វើទស្សនកិច្ច ក្នុងប្រទេសអ៊ីស្ត្រាអែល សម្រាប់រយៈពេល៤ថ្ងៃ រាប់ចាប់តាំងពីថ្ងៃអាទិត្យនេះមក។ ដំណើរទស្សនកិច្ច​របស់​លោក ត្រូវបានកត់សម្គាល់ថា ក្រុងម៉ានីល កំពុងព្យាយមស្វែងរក ឱ្យមានការផ្គត់ផ្គង់ ផ្នែកសព្វាវុធ សម្រាប់យោធារបស់ខ្លួន និងការធានាឲ្យបាន នូវសិទ្ធិរបស់បណ្ដាជនហ្វីលីពីន ដែលធ្វើការនៅបរទេស។

បុរសខ្លាំងហ្វីលីពីន បានបន្តថា៖ «បើអ្នកឯងមានលទ្ធភាព ក្នុងការអភ័យទោស អញ្ចឹងសូមអភ័យទោស ឲ្យខ្ញុំផង។ ខ្ញុំបានអភ័យទោសឲ្យអ្នក ដូចសង្សា និងមិត្តស្រីច្រើននាក់របស់ខ្ញុំ កាលពេលខ្ញុំ នៅមិនទាន់រៀបការ (...) ខ្ញុំក៏បានអភ័យទោស ឲ្យពួកគេអញ្ចឹងដែរ។»។

តាំងពីលោកបានឡើង ជាប្រធានាធិបតី នៃកោះហ្វីលីពីន ក្នុងខែមិថុនា ឆ្នាំ២០១៦នោះមក លោក រ៉ូឌ្រីចូ ឌុយតែតេ បានថ្លែងជាសាធារណៈជាញឹកញាប់ ដោយប្រើសំដីខ្លាំងៗ និងភាសាគ្រោតគ្រាត ដើម្បីឆ្លើយតប ទៅនឹងរាល់ការរិះគន់ទាំងឡាយ ប្រឆាំងនឹងនយោបាយរបស់លោក ជាពិសេសប្រឆាំង នឹងសង្គ្រាមបង្ក្រាបគ្រឿងញៀន។

ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដ៏ចម្រូងចម្រាស នគរបាលហ្វីលីពីន បានប្រកាសថា មនុស្ស ៤៤១០នាក់ ដែលរងការសង្ស័យថា ជាមនុស្សរត់ ឬលក់គ្រឿងញៀនស្រវឹង ត្រូវបានសម្លាប់។ តែសម្រាប់ក្រុម អ្នកការពារសិទ្ធិមនុស្ស វិញ បានលើកឡើងថា មនុស្សស្លាប់ ត្រូវមានចំនួន ៣ដង លើសរបាយការណ៍ផ្លូវការខាងលើ និងអះអាងបន្ថែម ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើង ក្នុងយុទ្ធនាការបង្ក្រាបនោះ។

ក្រៅពីលោក បារ៉ាក់ អូបាម៉ា នៅមានក្រុមមេដឹកនាំមួយចំនួនទៀត ដែលរងការជេរបញ្ចោរ «កូនសំផឹង» ពីសំណាក់លោក ឌុយតែតេ ក្នុងនោះមានដូចជា សម្ដេចសង្ឃកាតូលិក ហ្វ្រង់ស៊័រ (Pap François) និងអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅក្នុង​រដ្ឋធានីម៉ានីល​ជាដើម។ អង្គការសហប្រជាជាតិ និងសភាអ៊ឺរ៉ុប ក៏សុទ្ធតែត្រូវរងគ្រោះ ព្រោះ​ពាក្យសំដីធ្ងន់ៗ ដូចគ្នា​ពីសំណាក់ប្រមុខរដ្ឋ ហ្វីលីពីន ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...