កូរ៉េខាងជើងបាញ់កាំជ្រួចជាថ្មី តែជួបបរាជ័យ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៧
- កែប្រែចុងក្រោយ: April 29, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹង នៃការបាញ់កាំជ្រួចជាថ្មីនេះ របស់របបកុម្មុយនីសកូរ៉េ ត្រូវបានប្រកាសអះអាង ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង និងត្រូវបានបញ្ជាក់បន្ថែម ដោយបញ្ជាការដ្ឋាន របស់កងទ័ពអាមេរិក នៅក្នុងមហាសមុទ្របាស៊ីភិក។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន យ៉ុងហាប់ (Yonhap) កងទ័ពកូរ៉េខាងត្បូង បានអះអាងថា ការបាញ់បានធ្វើឡើង កាលពីព្រឹកព្រហាមថ្ងៃសៅរ៍ ចេញពីមូលដ្ឋានយោធាមួយ នៃតំបន់ «Bukchang» ក្នុងខេត្ត «Pyeongannam-do» ភាគខាងជើងរដ្ឋធានី ព្យុងយ៉ាង។
ប្រភពនោះ បានបន្តទៀតថា ការព្យាយាមនេះ របស់ប្រទេសកុម្មុយនីស បានជួបបរាជ័យ ដោយសារកាំជ្រួចអន្តរទ្វីប ទំនងជាបានផ្ទុះ នៅក្នុងអាកាស នៅប៉ុន្មានវិនាទីក្រោយការបាញ់។ គេមិនទាន់ដឹងថា កាំជ្រួចដែលរបបក្រុងព្យុងយ៉ាងបានបាញ់នេះ មានប្រភេទអ្វីនៅឡើយ។
សកម្មភាពរបស់របបកុម្មុយនីស បានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើង ក្រោមពាក្យបណ្ដឹង របស់សហរដ្ឋអាមេរិក ប្រឆាំង«ការគម្រាមនុយក្លេអ៊ែរ» របស់ប្រទេសកូរ៉េខាងជើង។
«មិនគោរពចិន... ចំជាអាក្រក់ណាស់»
មិនបង្អង់យូរឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រតិកម្មភ្លាមៗ ទៅនឹងការបាញ់កាំជ្រួច នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ ដោយចាត់ទុកទង្វើ របស់ប្រទេសកូរ៉េខាងជើង ថាជា«ការមិនគោរពប្រទេសចិន»។
លោក ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ របស់លោកដូច្នេះថា៖ «ប្រទេសកូរ៉េខាងជើង មិនបានគោរព ពីបំណងប្រាថ្នារបស់ប្រទេសចិន និងប្រធានាធិបតីចិននោះទេ នៅពេលដែលប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួច នៅព្រឹកនេះ បើទោះជាមិនទទួលបានជោគជ័យក៏ដោយ។ ចំជាអាក្រក់ណាស់។»
ចំពោះប្រទេសជប៉ុនវិញ បានប្រកាសថ្កោលទោស ការបាញ់សាកល្បងជាថ្មី របស់ប្រទេសកូរ៉េខាងជើង ដោយបានបញ្ជាក់ ពីការរំលោភរបស់ប្រទេសកុម្មុយនីស លើសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ។
» កាំជ្រួចអន្តរទ្វីបរបស់ប្រទេសកូរ៉េខាងជើង៖
ក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់តាំង នូរប្រព័ន្ធខែល ប្រឆាំងមីស៊ីល (THAAD) មួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចំពោះការគម្រាម ម្ដងហើយម្ដងទៀត របស់របបក្រុងព្យុងយ៉ាង។ កាលពីសប្ដាហ៍មុន ប្រទេសមហាអំណាច ក៏បានប្រកាសឲ្យដឹងដែរ ថានាវាសង្គ្រាមផ្ទុកយន្ដហោះចម្បាំង ឈ្មោះ «Carl Vinson» និងនាវាជាច្រើនទៀត របស់ខ្លួន កំពុងរំកិលខ្លួន ចូលមកក្នុងសមុទ្រជប៉ុន (ភាគខាងកើតឧបទ្វីបកូរ៉េ)។
អាមេរិក មិនបដិសេធក្នុងការប្រើកម្លាំងយោធា...
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទាមទារ ឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រម្សិលម៉ិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិក ធីល័រសាន់ (Rex Tillerson) បានស្នើទៅប្រទេសចិន ឲ្យដាក់សម្ព័ន្ធមិត្តរបស់ខ្លួន (កូរ៉េខាងជើង) ទៅក្នុងសភាពឯកោ ទាំងផ្នែកសេដ្ឋកិច្ច និងទាំងការទូត។ លោក ធីល័សាន់ បានអះអាងផ្ដល់សារសំខាន់ ពីដំណោះស្រាយ តាមផ្លូវចរចា តែលោកបានបញ្ជាក់ជាថ្មីថា៖ «សហរដ្ឋអាមេរិកមិនបដិសេធ ក្នុងការប្រើដំណោះស្រាយ តាមផ្លូវយោធាឡើយ ប្រសិនជាចាំបាច់»៕