កូរ៉េខាងជើងសាកល្បងកាំជ្រួចរំលងកោះជប៉ុន ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងប្រជុំបន្ទាន់
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានថ្កោលទោស ការបាញ់សាកល្បងកាំជ្រួចបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង ហើយ បានសុំអោយមានកិច្ចប្រជុំជាបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
កាំជ្រួចបង្ហោះ ដែលកូរ៉េខាងជើងត្រៀម នឹងបាញ់កាលពីខែមេសាឆ្នាំ២០១២នេះ។
នៅថ្ងៃពុធទី១២ធ្នូនេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមួយ ទៅក្នុងអវកាសជាលើកទីមួយរបស់ខ្លួន ប្រកបដោយជោគជ័យ។ ការបាញ់នេះបានបង្កអោយមាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័នមិត្ត ដែលបានបរិហាថា ជាការបាញ់កាំជ្រួចបាស៊ីលីក ជាថ្មីទៀត ជម្រុញអោយមានការកោះប្រជុំ ជាបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ក្នុងសម្លៀកបំពាក់ប្រពៃណីពណ៌ស៊ីជម្ពូ ពិធីការីម្នាក់ បាននិយាយតាមទូរទស្សន៍ជាតិ ដោយញញឹមពព្រាយថា «ការបាញ់ជាលើកទីពីរ នៃកាំជ្រួចផ្កាយរណប ខ្វងម្យុងសុង-៣ (Kwangmyongsong-3) ពីមជ្ឈមណ្ឌលអវកាស សូហាវ (Sohae) [...] ទទួលបានជោគជ័យ។ ផ្កាយរណបរបស់យើង បានចូលទៅក្នុងប្រពន្ធតារាវិថី ដូចដែលបានគ្រោងទុក។»
បញ្ជាការដ្ឋានការពារអាកាសរបស់អាមេរិក ប្រចាំតំបន់ខាងជើង បានអះអាងទាំងប្រយ័ត្នប្រយែងពីជោគជ័យ នៃការបាញ់កាំជ្រួចនេះដែរ ដោយបានបញ្ជាក់ ពី«គ្រាប់កាំជ្រួច» ថាបានដាក់ពង្រាយ «វត្ថុ»មួយ ស្ថិតនៅលើប្រព័ន្ធតារាវិថី។ តាមអ្នកជំនាញ បានលើកឡើងពី សមត្ថភាពជាលើកទីមួយ របស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង ដែលមានកាំជ្រួចចម្ងាយឆ្ងាយ អាចបាញ់បានរហូតដល់ ទឺកដីនៃសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងជើង ធ្លាប់បានបាញ់សាកល្បងកាំជ្រួចទាំងនោះ ចំនួនបីលើករួចមកហើយ តែមិនដែលបានជោគជ័យទេ។
នៅក្នុងប្រតិកម្មជាលើកដំបូងរបស់ខ្លួន សហរដ្ឋអាមេរិកដែលមិនដែលមានទំនាក់ទំនងការទូតជាមួយ ទីក្រុងព្យុងយ៉ាងនោះ បានថ្កោលទោសថាជាអំពើរ «បង្ករឿងហេតុមហាកំពូល»មួយ។
ប្រតិកម្មខ្លាំងមួយ ពីអង្គការសហប្រជាជាតិ នឹងធ្លាក់មកដល់?
អ្នកការទូតលោកខាងលិចម្នាក់ បានបង្ហើបអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នឹង«ពិគ្រោះយោបល់» នូវ«ទណ្ឌកម្មខ្លាំងជាលក្ខណៈបន្ទាន់»មួយ ប្រឆាំងរបបកុម្មុយនីសព្យុងយ៉ាង នៅថ្ងៃពុធម៉ោង១១ម៉នេះ ម៉ោងនៅទីក្រុងញ៉ូយក (ត្រូវជាម៉ោង ១៨ម៉ ម៉ោងនៅប៉ារីស និងម៉ោង ០ម៉ រលងអាធ្រាត ម៉ោងនៅភ្នំពេញ) ទៅតាមការស្នើសុំរបស់ប្រទេសអាមេរិក និងជប៉ុន។ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត ដែលមានទម្ងន់តែមួយគត់របស់ កូរ៉េខាងជើង បានរំពឹងគិតថា ប្រទេសនេះគួរ«សម្របខ្លួន ទៅតាមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ» នៃអង្គការសហប្រជាជាតិ ដែលបានហាមឃាត់ នូវ«រាល់ការសាកល្បងទាំងឡាយ ដែលប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចបាលីស្ទីក»។ នេះជាការអោយដឹង របស់ភ្នាក់ងារសារពត៌មានផ្លូវការរបស់ចិន ឈ្មោះថា«ចិនថ្មី»។
ទីក្រុងតូក្យូ បានបរិហានូវអំពើ «មិនអាចអត់អោន»អោយបាន ខណៈទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានថ្កោលទោស «យ៉ាងម៉ឺម៉ាត់» ពីការបាញ់នេះ ហើយលើកពីការបង្ករឿងហេតុ របស់ប្រទេសកូរ៉េខាងជើង។ ការថ្កោលទោស«ដ៏ខ្លាំង»នេះ ក៏ត្រូវបានប្រមុខការទូតអង់គ្លេស លោកវីល្លីយ៉ាម ហាហ្គេ (William Hague) បញ្ជាក់យ៉ាងច្បាស់ ជាមួយនឹងការកោះហៅ ឯកអគ្គរដ្ឋទូតរបស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅទីក្រុងឡុងដ៍ អោយមកជួបផងដែរ។
កាំជ្រួចបង្ហោះនេះ បាញ់រំលងពីលើកោះអូគីណាវ៉ា របស់ជប៉ុន
ប្រទេសពីរជិតខាង របស់កូរ៉េខាងជើង គឺកូរ៉េខាងត្បូង និងជប៉ុន ជាអ្នកប្រកាសមុនគេ ពីការបាញ់នេះ នៅម៉ោង៩ម៉៥១នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង១ម៉៥១នាទី នៅប៉ារីស និងម៉ោង៧ម៉៥១នាទី ម៉ោងនៅទីក្រុងភ្នំពេញ) ពីមជ្ឈមណ្ឌលអវកាស សូហាវ នៅផ្នែកខាងលិចឈៀងខាងជើងនៃប្រទេស។ តាមក្រុមអ្នកសង្កេត បាននិយាយថា កន្ទុយគ្រាប់ទីមួយ និងទីពីររបស់កាំជ្រួចនេះ បានធ្លាក់នៅក្នុងសមុទ្រខាងលិច និងសមុទ្រខាងលិចឈៀងខាងត្បួង នៃឧបទ្វីបកូរ៉េ។ រីឯកន្ទុយគ្រាប់ពីបី បានធ្លាក់នៅចម្ងាយប្រមាណជា ៣០០គម ផ្នែកខាងកើតនៃប្រទេសហ្វីលីពីន។
ប្រទេសជប៉ុន ដែលបានចាត់វិធានការបម្រុងទុក ក្នុងការបាញ់កម្ទេច នូវគ្រាប់បង្ហោះណាមួយ ដែលជប៉ុនយល់ថា ជាការគម្រាមដល់សន្តិសុខប្រទេសរបស់ខ្លួន បានអះអាងថា កាំជ្រួចបង្ហោះបានហោះរំលង ពីលើកោះរបស់ខ្លួន ឈ្មោះ អូគីណាវ៉ា នៅប្រហែលជា១២នាទី ក្រោយពីពេលចាប់ផ្ដើមបាញ់ដំបូង។ ប្រទេសកូរ៉េខាងជើង បានគ្រោងនឹងបាញ់សាកល្បង កាំជ្រួចបង្ហោះនេះ ក្នុងអំឡុងពីថ្ងៃ១០ទៅ២២ធ្នូ ដែលមើលទៅទំនងជាចង់អបអរសាទរ ខួបមរណភាពឆ្នាំទីមួយ នៃអគ្គមគ្គុទេស«ដ៏ឆ្នើម» គីម ជុងអ៊ីល (Kim Jong-Il) របស់ខ្លួន ដែលស្លាប់ កាលពីថ្ងៃ១៧ធ្នូ ឆ្នាំ២០១១កន្លងទៅ។ តែដោយសារស្ថានភាពបច្ចេកទេស និងឧត្តុនិយម មិនអំណោយផល ទីក្រុងព្យុងយ៉ាងបានរំកិលថ្ងៃសាកល្បង អោយទៅដល់ថ្ងៃ២៩ធ្នូវិញ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បួង ក៏បានបញ្ជាក់ថា កាំជ្រួចបង្ហោះនេះ ត្រូវបានគេឃើញ ថាបានដកចេញពីកន្លែងដែលត្រូវបាញ់ដែរ កាលពីថ្ងៃអង្គារទី១១ធ្នូ។
ទណ្ឌកម្មបែបណា?
អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មចំនួនពីរដងរួចហើយ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នៅក្រោយពេលការសាកល្បងអាវុធនុយក្លេអ៊ែរ កាលពីឆ្នាំ២០០៦ និង២០០៩កន្លងមក។ ដំណោះស្រាយលេខ ១៧១៨ និងលេខ ១៨៧៤ របស់អង្គការសហប្រជាជាតិ បានហាមប្រទេសនេះ នូវគ្រប់សកម្មភាពទាំងឡាយ ដែលទាក់ទងនឹងនុយក្លេអ៊ែរ និងបាលីស្ទីក។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ប្រទេសទាំងបី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងសុំក្រុមប្រឹក្សាសន្តិសុខ នៃអ.ស.ប. អោយពង្រឹកទណ្ឌកម្មបន្ថែមទៀត អោយស្មើនឹងប្រទេសអ៊ៀរ៉ង់សព្វថ្ងៃ។ ការដាក់ទណ្ឌកម្មមានលក្ខណៈជាអន្តរជាតិនោះ មានរាប់បញ្ចូលទាំងប្រព័ន្ធហិរញ្ញវត្ថុ ក្រុមហ៊ុនរកទទួលទានរបស់ប្រទេសនេះ និងហាមមិនអោយមនុស្សសំខាន់ៗ ចេញមកក្រៅជាដើម។ កាលពីថ្ងៃច័ន្ទ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហគមអ៊ឺរ៉ុប បាននិយាយរួចហើយថា រាល់ការបាញ់សាកល្បងណាមួយក៏ដោយ នឹងត្រូវចាត់ទុកជា «ការរករឿងបង្កហេតុ» ហើយអាចនឹងរង នូវវិធានការតបតរវិញ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ