ស៊ីរី៖ អាសាធ ស្នើ«ដំណោះស្រាយ»នយោបាយ តែក្រុមបះបោរបដិសេធ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតី បាឆារ អាល់-អាសាធ បានប្រកាសកាលពីថ្ងៃអាទិត្យទី៦ ខែមករានេះ ពីផែនកានយោបាយមួយ ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ដែលបានដាក់ប្រទេសស៊ីរី អោយធ្លាក់ចូល ទៅក្នុងសង្គ្រាមស៊ីវិលតាំងពី២១ឆ្នាំមកហើយ។ តែជាដំណោះស្រាយ ដែលលោកអាល់-អាសាធ នៅតែមានអំណាចពេញដៃដដែល ហើយត្រូវបានបដិសេធភ្លាមៗ ដោយពួកបះបោះ ដែលតម្រូវអោយលោកប្រធានាធិបតី ចុះចេញពីតំណែងជាមុនសិន។
លោកបាឆារ អាល់ អាសាធ ប្រធានាធិបតីនៃប្រទេសស៊ីរី ដែលក្រុមប្រឆាំង ចង់អោយចុះពីតំណែង។
នេះជាកាបង្ហាញខ្លួនមួយ បន្ទាប់ពីសម្ងំក្នុងភាពស្ងប់ស្ងៀមតាំងពីជាង៧ខែមកហើយ របស់លោកបាឆារ អាល់ អាសាធ (Bachar al-Assad) ប្រធានាធិបតីនៃប្រទេសស៊ីរី។ លោកបានធ្វើអោយគេមើលឃើញលោកថា ជាមនុស្សចេះផ្លាស់ប្ដូរ ដោយបានស្នើអោយមាន នូវ«ដំណោះស្រាយនយោបាយ»មួយ ដែលនឹងបញ្ជៀសជម្លោះ ប្រកបដោយឈាម នៅក្នុងប្រទេស។ នៅពីមុខមនុស្សជាច្រើននាក់ ដែលប្រជុំគ្នានៅក្នុងគ្រឹះស្ថានវប្បធម៌និងសិល្បៈ ក្នុងថ្ងៃអាទិត្យទី០៦មករានេះ លោកបានអំពាវនាវ អោយមានការជជែកគ្នាមួយ ជាមួយដៃគូរណាក៏ដោយ ដែលរហូតមកទល់សព្វថ្ងៃ នៅមិនទាន់មាន«ដៃគូរ»នោះនៅឡើយ តែបានបដិសេធមិនជួបនិយាយជាមួយ «ពួកអ្នកលេង» ដែលទទួលបញ្ជាពីបរទេសឡើយ។
លោកបានស្នើ នូវ«ផែនការ»មួយ មានបីជំហាន ចាប់ផ្ដើមពីប្រទេសដែលផ្ដល់ថវិការអោយ «ក្រុមភេវរជន»ទាំងនោះ ត្រូវអោយ«បញ្ឈប់»ជាមុន។ បន្ទាប់មកទៀត កងទ័ពនឹងបញ្ឈប់ភ្លាមដែរ នូវប្រតិបត្តិការសឹករបស់ខ្លួន តែនៅរក្សាសិទ្ធិ ក្នុងការ«តបតរ»។ លោកអាល់ អាសាធ បានសន្យាទៀតថា នៅក្នុងលក្ខខ័ណ្ឌនេះ នឹងអាចបើកទ្វាទៅរក «កិច្ចប្រជុំចរចារថ្នាក់ជាតិ»មួយ ដោយរួមបញ្ចូលទាំងវិធានការ «បោះប្រជាមតិ» ខណៈរដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មី នឹងត្រូវកើតចេញពីការបោះឆ្នោត។
ក្រុមអ្នកបះបោរ ឈប់ចង់បាន «របបផ្ដាច់ការ» នេះទៀតហើយ
ខាងអ្នកបះបោរ បានបដិសេធភ្លាមៗ នូវ«ផែនការ» ដែលគ្មានអ្វីបញ្ជាក់អោយច្បាស់នេះ ហើយថែមទាំងចោទលោកប្រមុខរដ្ឋរូបនេះ ថាចង់ជ្រើសរើស «ដៃគូរ»ជជែក និងនៅតែចង់រក្សាអំណាចរបស់ខ្លួន។ អ្នកនាំពាក្យនៃសម្ព័ន្ធមិត្តអ្នកបះបោរ លោក វ៉ាលីដ អាល់ ប៊ូននី (Walid al-Bounni) បានអះអាងប្រាប់ភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP មានសាខានៅទីក្រុងបៃរូឌ ប្រទេសលីបង់) ថា ក្រុមរបស់លោកចង់បាន«ដំណោះស្រាយនយោបាយមួយ។ តែគោលបំណងសំខាន់ សម្រាប់ប្រជាជនស៊ីរី គឺត្រូវបណ្ដេញលោក អាសាធ ចេញពីតំណែង ហើយមកទល់នឹងបច្ចុប្បន្ន ប្រជាជនស៊ីរីបានបាត់បង់ជិវិត ប្រមាណជាជាង ៦០ពាន់នាក់ហើយ។ ប្រជាជនស៊ីរី មិនបានធ្វើការបូជាទាំងនេះ ដើម្បីរក្សាទុក នូវរបបផ្ដាច់ការបែបនេះតទៅទៀតទេ។»
ចំណែកឯខាង បងប្អូនមូស្លីម នៃប្រទេសស៊ីរីវិញ ដែលជាកម្លាំងយ៉ាងសំខាន់ នៅក្នុងចលនាបះបោរ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសពត៌មានមួយថា «ផែនការ»នេះ «គ្មានន័យ»អ្វីសោះ និងបានចាត់ទុកលោកអាល់-អាសាធ ជា«ឧក្រិដ្ឋជនសង្គ្រាម ដែលត្រូវគេកាត់ទោសជាមុនសិន»។
ប្រតិកម្មពីបរទេស អាមេរិក និងអ៊ឺរ៉ុប
សុន្ទរកថារបស់លោក អាល់-អាសាធ បានបង្កអោយមានប្រតិកម្មពុះកញ្ជ្រោលឡើង ពីសំណាក់អង់គ្លេស អាឡឺម៉ង់ និងអាមេរិក។ ទីក្រុងឡុងដ៍ បានបរិហាពី «ភាពពុតត្បុត» របស់ប្រធានាធិបតីស៊ីរីរូបនេះ ចំណែកឯទីក្រុងវ៉ាស៊ិនតោន គិតថា លោកអាសាធ «បានចេញឆ្ងាយពីការពិត» ហើយសុន្ទរកថារបស់លោក ជាការសាកល្បងថ្មីមួយទៀត សម្រាប់ចាប់តោងរកអំណាច។
ប្រមុខការទូតអង់គ្លេស លោកវីល្លីយ៉ាម ហាគ (William Hague) បានសរសេរក្នុងប្រព័ន្ធបណ្ដាញសង្គមទ្វីធើរថា «កិច្ចសន្យាខ្យល់»របស់លោកអាសាធ មិនអាចបញ្ឆោតអ្នកណាបានទេ ហើយបានចាត់ទុកសុន្ទរកថានេះ ថាទៅហួសពីភាពពុតត្បុតនោះទៅទៀត។ ទីក្រុងប៊ែរឡាំងឯណោះ បានបង្ហាញការសោកស្ដាយ ពីសុន្ទរកថានោះ ថាគ្មាន«គំនិតល្អយល់ពីអ្វីថ្មីបន្ថែម»សោះ។ សហគមន៍អ៊ឺរ៉ុប បានជម្រុញអោយលោកអាសាធ ដកខ្លួនចេញជាមុនសិន ដើម្បីឈានទៅរក«ដំណោះស្រាយរនយោបាយ»ណាមួយ។
ដោយឡែក នៅលើសមរភូមិឯណោះវិញ ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សនៃប្រទេសស៊ីរី បានធ្វើរបាយការណ៍មកថា យ៉ាងតិចណាស់មនុស្ស ៧៨នាក់ ក្នុងនោះ ប្រជាជនស៊ីវិល ៣៦នាក់ ពួកបះបោរ ២២នាក់ និង កងទ័ព២០នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យនេះដដែល៕
--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ