បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់ ISIS គ្រោង​ធ្វើ​«ភ្លើង​ឆេះ​កាល»

ប្រសិនបើគេមានការជឿជាក់ ទៅលើឯកសារសម្ងាត់ របស់អង្គការរដ្ឋអ៊ីស្លាម ដែលសារព័ត៌មានអាមេរិកមួយ បាន​ទទួល​កាលពីពេលថ្មីៗនោះ ក្រុមនេះបានគ្រោង ធ្វើការវាយលុយ ប្រទេស«ឥណ្ឌា» និងប្រយុទ្ធដល់​«តំណក់​ឈាម​ចុង​ក្រោយ» ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលគម្រោងការទាំងអស់នេះ មានន័យស្មើរនឹង«ភ្លើងឆេះកាល»។ ក្រុម​អង្គការ​ភេរវនិយម​នេះ មានបំណងចង់រកការរួបរួម ជាមួយក្រុមតាលីបង់ នៅក្នុងប្រទេស អាហ្វហ្គានីស្ដង់ និងនៅក្នុង​ប្រទេស ប៉ាគីស្ថាន។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - រាយការណ៍៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 02, 2015
  • ប្រធានបទ: អ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស៊ើបអង្កេត របស់សារព័ត៌មានអាមេរិកមួយឈ្មោះ «USA Today» ដែលត្រូវបានវិទ្យាស្ថាន​អាមេរិក ដើម្បី​ការផ្សព្វផ្សាយ​ (American Media Institute) យកមកអះអាងបន្តនោះ បានរកឃើញ ពីឯកសារ​សម្ងាត់​មួយ ដ៏​សំខាន់ និងគួរឲ្យព្រឺព្រួច របស់ក្រុមអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ហៅកាត់តាមអង់គ្លេស ISIS និង​ហៅ​កាត់​តាម​​បារាំង EI)។ បណ្ដាញសារព័ត៌មាន បានរកបានឯកសារទាំងនេះ តាមរយៈអ្នកទទួល​ខុស​ត្រូវ ជាតិ​ប៉ាគីស្ដង់​​មួយ​​រូប ដែលស្និតនឹងក្រុមតាលីបង់ នៅក្នុងប្រទេស។ នៅក្នុងសំនុំឯកសារ​ជាច្រើន​សន្លឹក​នោះ ក្រុម​យុទ្ធជន​​ស្ម័គ្រ​ប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម បានរៀបគម្រោងការយ៉ាងលំអិត ពីយុទ្ធសាស្ត្រអនាគត​របស់​ខ្លួន ដែល​អ្នក​ផង​​ទាំង​ឡាយ​​​នឹកស្មានពុំដល់។

របាយការណ៍​របស់​សារព័ត៌មាន​ទាំង​នោះ បានសរសេរថា៖ «ឯកសារបានគិតរួចជាស្រេច ថាគម្រោងវាយ​លុក​ប្រទេសឥណ្ឌា កំពុងរៀបចំធ្វើ និងប្រមើលមើលថា ការវាយលុកមួយ ដ៏ខ្លាំងក្លា នឹងបង្កើតឲ្យមានការ​ប្រឈម​មុខ រហូតដល់តំណក់ឈាមចុងក្រោយ ប្រឆាំងសហរដ្ឋអាមេរិក»។

«បើទោះជាសហរដ្ឋអាមេរិក ព្យាយាមវាយប្រហារ ដោយមានការគាំទ្រ ពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួននោះ - ពួកគេនឹងធ្វើរឿងនេះ ដោយគ្មានសង្ស័យអ្វីឡើយ - នោះសហគមន៍កាន់សាសនាអ៊ីស្លាម នឹងរួមរួម​គ្នាជា​ធ្លុង​មួយ ដើម្បីធ្វើសង្គ្រាម"ផ្ដាច់ព្រ័ត្រ"»។

ឯកសារសម្ងាត់នោះ ត្រូវបានបកប្រែជាភាសាអង់គ្លេស ដោយក្រុមអ្នកជំនាញឯករាជ្យ ជាពិសេសដោយ​អ្នក​ជំនាញមួយរូប មកពីសកលវិទ្យាល័យ ហារវាដ (Harvard សហរដ្ឋអាមេរិក) និងបន្ទាប់មក ត្រូវបានយកទៅ​ផ្ទៀងផ្ទាត់ ដោយ​ភ្នាក់ងារ​ព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត។ ឯកសារនោះ មិនឃើញមានចុះពីថ្ងៃខែទេ ប៉ុន្តែមាន​ចំណងជើងថា៖ «ប្រវត្តិសង្ខេបមួយ របស់ទឹកដីព្រះជាម្ចាស់ នៃរដ្ឋអ៊ីស្លាម, ទឹកដីក្រោមឱវាទ របស់​សាវ័ក​ដ៏​ឧត្ដម នៃព្រះជាម្ចាស់ (A Brief History of the Islamic State Caliphate (ISC), The Caliphate According to the Prophet /Une brève histoire du califat de l'état islamique, le califat selon le Prophète)»។

«ពែងដាក់ឈាម សម្រាប់ផឹកផ្ដល់ជីវិតអមតៈ»

បើតាមលោក ប្រ៊ុស រ៉ៃដែល (Bruce Riedel) ភ្នាក់ងារចារកម្មអាមេរិក ដែលបានចូលនិវត្តន៍ទៅហើយ បាន​ឲ្យ​ដឹងថា ការវាយលុកទៅលើ ប្រទេសឥណ្ឌា នឹងបង្កើតឥទ្ធិពលរបស់រដ្ឋអ៊ីស្លាម តែបានគម្រាមដល់ស្ថិរភាព នៅ​ក្នុងតំបន់ទាំងមូល។ លោកថ្លែងឲ្យដឹងទៀតថា៖ «វាយប្រហារប្រទេសឥណ្ឌា ជា"ពែងដាក់ឈាមព្រះ សម្រាប់​ផឹកផ្ដល់ជីវិតអមតៈ (Saint-Graal)" របស់ក្រុមស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍»។

ចុះមុខសញ្ញានៃកងទ័ព របស់ក្រុមយុទ្ធជនរដ្ឋអ៊ីស្លាម ជាអ្វីទៅ? កម្មវត្ថុនៃក្រុមនេះ នឹងឈានទៅបង្កើតកងទ័ព ដ៏ខ្លាំងក្លាបំផុតមួយ ឬ«កងទ័ពមច្ចុរាជ (Army of terror /Armée de la mort)» ដោយមានរាប់​បញ្ចូល​ទាំង​កង​កម្លាំង របស់​ក្រុម​ភេរវនិយម អាល់កៃដា (Al-Qaïda) និងចលនានិយមអ៊ីស្លាមផ្សេងទៀត ប្រមាណ​ជា​១២ចលនា​ធំៗ នៅ​​ក្នុង​​តំបន់។

របាយការណ៍របស់សារព័ត៌មាន បានដកស្រង់សំណេរ​ពីឯកសារនោះ មកសរសេរបញ្ជាក់ថា៖ «វាជាប្រវត្តិ​មួយ ដែលបានឃើញពីមុនមក នៃរដ្ឋអ៊ីស្លាម, គម្រោងលំអិតនាពេលអនាគត ស្ដីពីសង្គ្រាមធំៗ ដែលបានធ្វើឲ្យ​ស្រៀវ​​ដល់​ឆ្អឹងខ្នង និងអំពាវនាវឲ្យក្រុម អាល់ កៃដា ឲ្យចូលរួមក្នុងផែនការរបស់ពួកគេ រួចកំណត់ថា មេ​ដឹកនាំ​កំពូល​របស់រដ្ឋអ៊ីស្លាម នឹងត្រូវចាត់ទុក ជាមេដឹកនាំកងទ័ពតែមួយ របស់សាសនិកអ៊ីស្លាម​ប្រមាណជា ១កោដ​នាក់​លើ​លោក នៅក្នុងចក្រភពតែមួយ ដែលមានឈ្មោះ "ទឹកដីរបស់ព្រះជាម្ចាស់"»។

ភាពពិតប្រាកដនៃឯកសារ...

ឯកសារបានសរសេរបន្ថែមទៀតថា៖ «ជៀសជាងការខ្ជះខ្ជាយកម្លាំង ដោយការប្រឈមមុខផ្ទាល់ ជាមួយនឹង​សហរដ្ឋអាមេរិក យើងត្រូវប្រមូលផ្ដុំ ទៅលើការកសាងកម្លាំងយោធា ដ៏ខ្លាំងក្លាមួយ នៅក្នុងពិភពអារ៉ាប់ ដើម្បី​បង្កើត​ឲ្យមានឡើង នូវ"ទឹកដីរបស់ព្រះជាម្ចាស់"»។

ឯកសារនេះ ត្រូវបានផ្ទៀងផ្ទាត់ ថាជាឯកសារពិត ដោយអ្នកជំនាញឯករាជ្យ របស់អាមេរិកជាច្រើននាក់ ដោយ​យោងទៅលើ ចរិកលក្ខណៈនៃឯកសារ ដែលមានតែមួយ - ភាសាប្រើប្រាស់ដោយក្រុមមេដឹកនាំ - របៀប​របប​នៃការសរសេរ និងការប្រើប្រាស់ភាសាសាសនា ដែលទាំងអស់នេះ មានលក្ខណៈដូចទាំងស្រុង ទៅនឹង​ឯកសារ​ផ្លូវការ នាពេលកន្លងមក។ រីឯសេតវិមានវិញ បានប្រកាសឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងយក​ចិត្ត​ទុក​ដាក់ និងយ៉ាងកៀកបំផុត ពីស្ថានការណ៍នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...