ដូណាល់ ត្រាំ ហៅ គីម ជុង-អ៊ុន ថាជា«ក្មេងឆ្លាត»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 02, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មេដឹកនាំវ័យក្មេង របស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) គឺជា«ក្មេងឆ្លាត»ម្នាក់ ដែលបានធ្វើឲ្យសំម្រេច នូវការកាន់តំណែង ដ៏កំពូលរបស់ខ្លួន បើទោះជាខ្លួន នៅមានវ័យក្មេងក៏ដោយ ជាពិសេស នៅចំពោះមហិច្ឆតា របស់មន្ត្រីគ្រាក់ៗ នៃបបកូរ៉េខាងជើង» នេះ ជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ (Donald Trump.) ប្រធានាធិបតីអាមេរិក នៅក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងទូរទស្សន៍អាមេរិក «CBS» ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
លោក ត្រាំ បានបន្តទៀតថា៖ «អ្វីដែលខ្ញុំអាចនិយាយ ប្រាប់អ្នកបាន ហើយមនុស្សជាច្រើន មិនចូលចិត្តឲ្យខ្ញុំនិយាយទេ នោះគឺគាត់ (លោក គីម ជុង-អ៊ុន) បានស្នងតំណែង ពីឪពុករបស់គាត់ នៅពេលគាត់មានអាយុ ត្រឹមតែ២៦ ឬ២៧ឆ្នាំប៉ុណ្ណោះ។ គាត់ត្រូវដោះស្រាយបញ្ហា ជាមួយមនុស្សដ៏ខ្លាំងៗជាច្រើន ជាពិសេស ជាមួយឧត្តមសេនីយ៍ និងមនុស្សមានអំណាចផ្សេងទៀត។ ជាមួយនឹងអាយុ ដ៏ក្មេងវ័យ គាត់ធ្វើបានសម្រេច នូវការកាន់តំណែង ដ៏កំពូលនេះ។»។
ប្រធានាធិបតីអាមេរិក បានពន្យល់ថា មនុស្សដ៏ខ្លាំងៗ នៅជិតដិតជាមួយលោក គីម ជុង-អ៊ុន ជាច្រើននាក់ ដូចយ៉ាងឪពុកមា ខាងសាច់ថ្លៃរបស់លោកជាដើម បានព្យាយាម ឬសាកល្បងដណ្ដើមតំណែង ពីមេដឹកនាំវ័យក្មេងរូបនេះ។ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «តែគាត់ (លោក គីម ជុង-អ៊ុន) ធ្វើបានសម្រេច (ក្នុងការរក្សាតំណែងខ្លួន ឲ្យនៅដដែល)។ ដូច្នេះហើយ គឺប្រាកដណាស់ថា ថាគាត់គឺជាក្មេងឆ្លាតម្នាក់។»។
ក្នុងឱកាសនោះ លោក ត្រាំ នៅបានបញ្ជាក់ជាថ្មីទៀត ពីបំណងរបស់លោក ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ របស់របបក្រុងព្យុងយ៉ាង ដោយឆ្លងកាត់តាមប្រទេសចិន សម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ របស់ប្រទេសកូរ៉េខាងជើង បើទោះជាបំណង របស់លោកនេះ អាចប៉ះពាល់ទៅដល់ចំណងទាក់ទងសេដ្ឋកិច្ច ជាមួយមហាអំណាចនៅអាស៊ីនេះក៏ដោយ។
លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «និយាយឲ្យពិតទៅ ខ្ញុំគិតថា បញ្ហាកូរ៉េខាងជើង មានសារៈសំខាន់ ជាងរឿងពាណិជ្ជកម្ម។ រឿងធ្វើពាណិជ្ជកម្ម វាសំខាន់ហើយ តែបើប្រៀបធៀបទៅនឹងសង្គ្រាម ដែលអាចធ្វើឲ្យមនុស្សស្លាប់ រាប់លាននាក់នោះ ខ្ញុំថា រឿងពាណិជ្ជកម្មមិនសំខាន់ដល់ បញ្ហាកូរ៉េខាងជើងនោះទេ។»។
President Trump calls North Korean leader Kim Jong-un “a pretty smart cookie” pic.twitter.com/CrvVCMYc9C
— Face The Nation (@FaceTheNation) 30 avril 2017
គំនាបលើចិន...
តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់អំណាច នៅថ្ងៃទី២០ ខែមករានោះមក រដ្ឋបាលរបស់លោក បានបន្តកិច្ចការរបស់រដ្ឋបាល នៃប្រធានាធិបតីផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅក្នុងសំនុំរឿងកូរ៉េខាងជើង ជាបន្តទៅទៀត។ ប៉ុន្តេរដ្ឋបាលលោក ត្រាំ ហាក់ដូចជាដាក់គំនាបខ្លាំង ទៅលើរដ្ឋាភិបាលក្រុង ប៉េកាំង ច្រើនជាងរដ្ឋបាលលោក អូបាម៉ា ដើម្បីឲ្យមហាអំណាចនៅអាស៊ីមួយនេះ ដាក់ប្រទេសកូរ៉េខាងជើង ឲ្យស្ថិតក្នុងសភាពឯកោ កាន់តែខ្លាំងថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច និងការទូត។
ប៉ុន្តែ លទ្ធផលចេញពីនយោបាយនេះ ហាក់មិនដូចការរំពឹងចង់បាន របស់រដ្ឋបាលលោកនោះទេ។ កាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ ប្រទេសកុម្មុយនីសកូរ៉េ បានបាញ់សាកល្បង កាំជ្រួចអន្តរទ្វីបមួយគ្រាប់ទៀត តែបានទទួលបរាជ័យ ដោយសារកាំជ្រួចនោះ បានផ្ទុះខូច នៅពេលបាញ់ចេញបានបន្តិច។ ការបាញ់សាកល្បង ត្រូវបានគេគិតថា ជាសកម្មភាព «ផ្គើន» ទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការស្នើឲ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ជាបន្ទាន់ កាលពីថ្ងៃសុក្រ ដើម្បីប្រឆាំងនឹង «ការគម្រាមផ្នែកនុយក្លេអ៊ែរ ពីសំណាក់របបក្រុង ព្យុងយ៉ាង៕