អូបាម៉ា ប្រកាសគាំទ្រ ម៉ាក្រុង បេក្ខជនប្រធានាធិបតីបារាំងនាំមុខ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៤ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 04, 2017
- ប្រធានបទ: បោះឆ្នោតបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានាធិបតីអាមេរិក ដែលទើបផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសផ្ដល់ការគាំទ្ររបស់លោក ជូនទៅលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បេក្ខជនប្រធានាធិបតីបារាំង មកពីគណបក្ស «En Marche!» ដែលកំពុងត្រៀមប្រកួតផ្ដាច់ព្រ័ត្រ ជាមួយនឹងអ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បេក្ខនារីមួយរូប មកពីគណបក្ស «Front National»។
ការគាំទ្ររបស់លោក អូបាម៉ា បានធ្វើឡើងទៅកាន់ពលរដ្ឋបារាំង នៅក្នុងវីដេអូមួយ ដែលត្រូវបានគណបក្សរបស់លោក ម៉ាក្រុង យកផ្សព្វផ្សាយ នៅថ្ងៃព្រហស្បត្តិ៍នេះ។ អតីតប្រធានាធិបតីអាមេរិក បានថ្លែងឡើងថា៖ «ក្រោមហេតុផលតែមួយគត់ ជុំវិញសារៈសំខាន់ នៃការបោះឆ្នោតនេះ ខ្ញុំចង់ឲ្យលោកអ្នកដឹងថា ខ្ញុំគាំទ្រលោក អេម៉ានុយអែល ម៉ាក្រុង»។
លោក អូបាម៉ា បានបន្តថា៖ «ការបោះឆ្នោតនៅក្នុងប្រទេសបារាំង មានអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់អនាគតរបស់ប្រទេសបារាំង និងគុណសម្បត្តិ៍ទាំងឡាយ ដែលយើងទាំងអស់គ្នាស្រឡាញ់»។
សម្រាប់អតីតប្រធានាធិបតីអាមេរិក ដែលមានបណ្ដាជនបារាំងភាគច្រើន ស្រឡាញ់ចូលចិត្តនោះ លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីអនាគតដ៏ល្អមួយ របស់ប្រជាជនបារាំង និងអ៊ឺរ៉ុប។ លោក ម៉ាក្រុង បានឆ្លើយតប ទៅរកក្ដីសង្ឃឹមរបស់ប្រជាជនបារាំង តែមិនបានយកការ«ភ័យខ្លាច» របស់បណ្ដាជនបារាំង មកធ្វើនយោបាយនោះទេ។
នៅចុងបញ្ចប់ លោក បារ៉ាក់ អូបាម៉ា បានយកឈ្មោះគណបក្សលោក ម៉ាក្រុង មកអះអាងបន្ថែមថា៖ «តោះ ដើរទៅមុខ (En Marche)! ជ័យោ ប្រទេសបារាំង!»។
L'espoir est en marche. Merci @BarackObama. pic.twitter.com/0azZHLZLse
— Emmanuel Macron (@EmmanuelMacron) 4 mai 2017
កាលពីប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជុំទីមួយ លោក អូបាម៉ា បានជជែកឆ្លើយឆ្លងម្ដងហើយ ជាមួយលោក ម៉ាក្រុង តាមរយៈទូរស័ព្ទ។ ការជជែកនៅពេលនោះ ដែលគេឮសូរត្រឹមតែសម្លេង ក៏ត្រូវបានបេក្ខជនរូបនេះ យកមកបង្ហោះ បង្ហាញជាសាធារណៈ ដូចលើកនេះដែរ។
លោក អេម៉ានុយអែល ម៉ាក្រុង កំពុងមានពិន្ទុ នាំមុខអ្នកស្រី ម៉ារីន ឡឺពែន នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់ សម្រាប់ការបោះឆ្នោតជុំទីពីរ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យខាងមុខ។ ការជជែកដេញដោល ផ្នែកនយោបាយ រវាងអ្នកទាំងពីរ ដែលត្រូវបានធ្វើ តាមកញ្ចក់ទូរទស្សន៍ កាលពីយប់ម៉ិញ ក៏ត្រូវបានការស្ទង់មតិមួយ អះអាងក្នុងលទ្ធផលរបស់ខ្លួន ពីជ័យជំនះនៃការជជែកដេញដោលនេះ ទៅខាងលោក ម៉ាក្រុង ដែរ៕