នៅចិន ទុកពុកចង្កាឲ្យដុះវែង ត្រូវជាប់គុក៦ឆ្នាំ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិនា ២០១៤
- កែប្រែចុងក្រោយ: March 31, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាប់ចោទម្នាក់នេះ បានចាប់ផ្ដើមទុកពុកចង្ការបស់ខ្លួន តាំងពីឆ្នាំ២០១០ ខណៈភរិយារបស់គាត់ បានពាក់ស្បៃមុខ បិទផ្ទៃមុខជិតឈឹង។ នេះបើតាមសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយឲ្យដឹង ក្នុងថ្ងៃចន្ទទី៣០ ខែមីនានេះ។ តុលាការចិន នៅក្នុងតំបន់បានរកឃើញនៅទីបំផុត ថាប្ដីប្រពន្ធពីរនាក់នេះ មានកំហុស ពីបទបានចិញ្ចឹមចិត្តប្រឆាំង បទបញ្ជារបស់អាជ្ញាធរ និងបង្កឲ្យមានអសន្តិសុខ ដែលជាបទចោទប្រកាន់ដ៏កម្រ នៅក្នុងប្រព័ន្ធយុត្តិធម៌ចិន។
អាជ្ញាធរខេត្ត ជិនជៀង បានបើកយុទ្ធនាការដ៏ធំមួយ តាំងពីជាងមួយឆ្នាំមកហើយ ប្រឆាំងនឹងការ«ពុកចង្កា» និងការពាក់«ស្បៃ» បាំងមុខជិត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចអ្វី ដែលមនោគមន៍វិជ្ជា អ៊ីស្លាមជ្រុលនិយម តែងបង្គាប់ឲ្យធ្វើ។ យុទ្ធនាការនោះ មានឈ្មោះថា «ដើម្បីសម្ផស្ស» ហើយបានជំរុញឲ្យស្ត្រីៗទាំងអស់ នៅតំបន់នោះ ដើរទៅណាមកណា ដោយក្បាលទទេរ ហើយទុកចោល នូវស្បៃទទូរ ដែលជាទំនៀមទម្លាប់ របស់ជនជាតិ អ៊ុយហ្គ័រ (Ouïghours) កាន់សាសនាឥស្លាម។
ប្ដីប្រពន្ធ កាសហ្គារ (Kashgar) មួយគូរនេះ បានរងការព្រមានជាច្រើនដងហើយ មុននឹងត្រូវបានចាប់ខ្លួន ហើយដាក់ឲ្យប្រឈមនឹងការស៊ើបអង្កេត។ នេះបើតាមអ្នកទទួលខុសត្រូវមួយ នៃអាជ្ញាធរតំបន់ ដែលដកស្រង់សំដី ដោយសារព័ត៌មានដដែល។ អ្នកទទួលខុសត្រូវនោះ បានអះអាងទៀតថា៖ «ក្រុមទាំងមូល ដែលមិនស្ដាប់តាមបញ្ជា ហើយនៅតែទុកពុកចង្កា ពាក់ស្បៃបិទមុខជិតនោះ តែងត្រូវបានប្រឈម នឹងការផ្ដន្ទាទោស តាំងពីច្រើនឆ្នាំមកហើយ»។
យ៉ាងណាក៏ដោយ ក៏ទង្វើរបស់អាជ្ញាធរចិន មិនទទួលបានការស្វាគមន៍ ពីក្រុមអ្នកការពារសិទ្ធិមនុស្សនោះទេ។ វិធានការទាំងនេះ របស់រដ្ឋាភិបាលកុម្មុយនីសក្រុងប៉េកាំង មានលក្ខណៈ ជាការគាបសង្កត់ផ្នែកវប្បធម៌ ទំនៀមទំលាប់ និងសាសនា ទៅលើបណ្ដាជន អ៊ុយហ្គ័រ ដែលជាបណ្ដាជនភាគច្រើន នៅក្នុងតំបន់ ហើយទង្វើនេះ នឹងបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង។ ក្នុងរយៈពេលចុងក្រោយនេះ អំពើហិង្សាបានកើនឡើង កាន់តែខ្លាំង បង្កឲ្យមនុស្សស្លាប់យ៉ាងហោច ២០០នាក់ បន្ទាប់ពីមានការប្រឈមគ្នា រវាងក្រុមអ្នកតវ់ា និងកងកម្លាំងនគរបាល៕