យន្ដហោះទួរគីអ៊ែរឡាញ ចុះចតបន្ទាន់ ព្រោះដំណឹង«គ្រាប់បែក»
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មិនា ២០១៥
- កែប្រែចុងក្រោយ: March 31, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាគ្រោះភ័យ នៅក្នុងអាកាស ចេះតែបន្តមាន មិនចេះអស់។ នៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសទួរគីរ និងរបស់ប្រទេសអាមេរិក បានរាយការណ៍ថា យន្ដហោះប៊ូអីង (Boeing 777) មួយគ្រឿង ដែលហោះភ្ជាប់ ក្រុងអ៊ីស្តមប៊ួល (Istanbul ប្រទេសទួរគី) ឆ្ពោះទៅកាន់ក្រុង សាវប៉ាវឡូ (Sao Paulo ប្រទេសប្រេស៊ីល) បានបង្ខំចិត្ត ងាកចេញពីផ្លូវហោះហើរ របស់ខ្លួន ដើម្បីទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុងកាសាប្លងកា ក្នុងប្រទេសម៉ារ៉ុក បន្ទាប់ពីទទួលដំណឹងថា មាន«គ្រាប់បែក»។
យន្ដហោះបានបញ្ជូនសញ្ញាអាសន្ន មុននឹងងាកខ្លួន ចេញពីផ្លូវហោះហើរ ឆ្ពោះទៅរកការចុះចត។ បើតាមគេហទំព័រ emergency.airlive.net បាននិយាយថា យន្ដហោះបានបន្ទាបខ្លួន ជាងកំពស់ធម្មតាដែលខ្លួនហោះ ប្រមាណជា ១០០០ម៉ែត្រ តែក្នុងប៉ុន្មាននាទីប៉ុណ្ណោះ។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ រ៉យទ័រ (Reuters) ប្រចាំនៅក្រុង អ៊ីស្តមប៊ួល លោក ហំម៉ៃយ៉ា ផាមុខ (Humeyra Pamuk) បានថ្លែងឲ្យដឹងថា បុគ្គលិកបម្រើការលើយន្ដហោះ ទំនងជាបានរកឃើញ ការគម្រាមមួយ ទាក់ទងនឹង«គ្រាប់បែក»។ ក្រដាសមួយសន្លឹក ត្រូវបានរកឃើញ នៅក្នុងយន្ដហោះ ដោយមានសរសេរពីលើថា «គ្រាប់បែក»។
មេបញ្ជាការបើកបរ យន្ដហោះ ដែលមានផ្ទុកមនុស្ស២៥០នាក់ បានព្យាយាមទាក់ទង មកអាជ្ញាធរនៃប្រទេសម៉ារ៉ុក ដើម្បីដឹងពីព័ត៌មាននេះ តែមិនមានចម្លើយ ឲ្យដឹងភ្លាមៗទេ។
យន្ដហោះ បានចុះចតនៅព្រលានយន្ដហោះ ក្រុងកាសាប្លងកា ដោយគ្មានហេតុភេទអ្វី ឲ្យកត់សម្គាល់ទេ។ អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញ ទៅរកទីកន្លែងសុវត្ថិភាព ដើម្បីទុកឲ្យមន្ត្រីត្រួតពិនិត្យយន្ដហោះ ធ្វើការឆែកឆេរ គ្រប់កន្លែងទាំងអស់ ក្នុងយន្ដហោះ។
បន្ទាប់ពីមិនបានរកឃើញអ្វីចម្លែក នៅក្នុងយន្ដហោះនោះរួច អាជ្ញាធរម៉ារ៉ុក បានអនុញ្ញាតឲ្យយន្ដហោះ ប៊ូអ៊ីង ងើបហោះជាថ្មី បន្តផ្លូវហោះហើររបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេសប្រេស៊ីល។ គ្រាន់តែក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ទទួលបានការគម្រាម ចំនួនពីរដង។ ការគម្រាមលើកមុន គឺនៅថ្ងៃអាទិត្យ ទី២៩ ខែមីនាម្សិលម៉ិញ ដោយបានទទួល ការគម្រាមប្រហាក់ប្រហែលគ្នា ទៅលើជើងហោះហើរមួយ ដែលភ្ជាប់ក្រុង អ៊ីស្តមប៊ួល ទីកាន់រាជធានី តូក្យូ ប្រទេសជប៉ុន៕