ធ្លាក់យន្ដហោះយោធាក្នុងរដ្ឋមីស៊ីស៊ីពី(អាមេរិក) ស្លាប់១៦នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 11, 2017
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្ស១៦នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះយោធាមួយគ្រឿង កាលពីថ្ងៃចន្ទ។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទូរទស្សន៍ «CNN» របស់អាមេរិក នៅមុននេះបន្តិច។ ទូរទស្សន៍បានស្រង់ប្រភពនៅនឹងកន្លែង មកអះអាងថា ហេតុការណ៍បានកើតឡើង នៅក្នុងរដ្ឋ មីស៊ីស៊ីពី (Mississippi) ស្ថិតនៅភាគខាងត្បូង នៃសហរដ្ឋអាមេរិក។
មន្ត្រីទទួលបន្ទុក ខាងការគ្រប់គ្រងគ្រោះអាសន្ន ប្រចាំតំបន់ «Leflore» លោក «Fred Randle» បានថ្លែងប្រាប់ទូរទស្សន៍ខាងលើថា ជនរងគ្រោះទាំងអស់ សុទ្ធសឹងជាទាហាន ដែលបានជិះនៅក្នុងយន្ដហោះ ហើយគ្មានអ្នកណាម្នាក់ បានរួចរស់មានជីវិតទេ។
សារព័ត៌មានប្រចាំតំបន់វិញ បានអះអាងថា យន្ដហោះបានធ្លាក់បោកខ្លួន ពីលើចំការសណ្ដែក នៅវេលាម៉ោង ១៦ ម៉ោងក្នុងស្រុក (ត្រូវនឹងយប់ម៉ោង២២ ម៉ោងក្នុងប្រទេសបារាំង និងម៉ោង៣ទាបភ្លឺ ថ្ងៃអង្គារ ទី១១ ខែកក្កដា ម៉ោងនៅកម្ពុជា)។
នៅប៉ុន្មានម៉ោងមុននេះ ទំព័រទ្វីសធើរ (Twitter) ផ្លូវការ របស់កងទ័ពជើងទឹកអាមេរិក ក៏បានសរសេរអះអាងដែរ ពីគ្រោះថ្នាក់នេះ។ ទំព័រនោះបានសរសេរថា៖ «គ្រោះថ្នាក់ធ្លាក់យន្ដហោះ ប្រភេទ "KC-130" របស់កងទ័ពជើងទឹកអាមេរិក បានកើតឡើង ក្នុងយប់ថ្ងៃទី១០ ខែកក្កដានេះ។ ព័ត៌មានលំអិត នឹងត្រូវផ្សព្វផ្សាយជូនឲ្យដឹង នៅពេលក្រោយ បើសិនជាមាន។»។
អភិបាលរដ្ឋមីស៊ីស៊ីពី លោក «Phil Bryant» បានសរសេរអំពាវនាវ នៅលើទំព័រហ្វសប៊ុករបស់លោក ឲ្យធ្វើការបន់ស្រន់ ជូនដល់ជនរងគ្រោះ និងបានលើក ពីគុណូបការៈ នៃ «យុទ្ធជន និងយុទ្ធនារីរបស់យើង ដែលត្រូវប្រឈម នឹងគ្រោះថ្នាក់ដល់ជីវិត ជារៀងរាល់ថ្ងៃ ដើម្បីការពារសេរីភាពរបស់យើង»៕
» យន្ដហោះប្រភេទ «KC-130» មានសមត្ថភាពខាងដឹកជញ្ជូន ភស្តភារយោធា និងអាចផ្ទុកប្រេងឥន្ទនៈ ដើម្បីយកទៅចាក់ឲ្យយន្ដហោះផ្សេងទៀត៖