«បុគ្គលិកដេកក្នុងកន្លែងផ្ទុកឥវ៉ាន់» បង្ខំយន្ដហោះឲ្យចុះចតបន្ទាន់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 14, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ភ្លាមៗ បន្ទាប់ពីបានងើបខ្លួន ចេញពីព្រលានយន្ដហោះ មេបញ្ជាការបើកបរយន្ដហោះ នៃអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ ដែលមានលេខហោះហើរ 448 ចេញពីក្រុង សៀត ថល (ទិសពាយ័ព្យ នៃសហរដ្ឋអាមេរិក) ដើម្បីហោះឆ្ពោះទៅកាន់ក្រុង ឡូស អេនជឺឡេស (Los Angeles) បានឲ្យដឹងថា ខ្លួនបានស្ដាប់ឮ សម្លេងដ៏ចម្លែកៗ នៅខាងក្រោមយន្ដហោះ» នេះ នេះជាការពន្យល់របស់ក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលបានផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលម៉ិញ។
សេចក្ដីប្រកាសដដែលនោះ បានសរសេរទៀតថា មេបញ្ជាការរូបនេះ បានបង្ហោះយន្ដហោះរបស់ខ្លួន ត្រឡប់មកក្រុង សៀតថល វិញ ហើយបានស្នើសុំ នូវការចុះចតជាអាទិភាព និងជាបន្ទាន់។ យន្ដហោះ បានហោះងើបខ្លួនពីដី និងបានចុះមកដីវិញ គិតជារយៈពេលទាំងអស់ ប្រមាណជា១៤នាទី។
បន្ទាប់ពីបានចុះចត ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ ក្រុង សៀតថល ដដែល គេបានរកឃើញបុគ្គលិកម្នាក់ ដែលមានលក្ខណៈធម្មតា នៅក្នុងកន្លែងផ្ទុកឥវ៉ាន់ ផ្នែកខាងក្រោមរបស់យន្ដហោះ។ បុគ្គលិករូបនោះ បាននិយាយប្រាប់អាជ្ញាធរថា ខ្លួនបានងោកងុយ ហើយក៏ភ្លឹកខ្លួន ដេកលក់នៅទីនោះ។ គេបានបញ្ជូន បុគ្គលិកម្នាក់នេះ ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើល ពីសុខភាព ដោយសារតែនៅក្នុង បន្ទប់ដាក់ឥវ៉ាន់នោះ គ្មានខ្យល់អាកាស និងគ្មានសីតុណ្ហភាព ដូចធម្មតា។
ចំណែកឯអ្នកដំណើរវិញ បានថ្លែងថា ខ្លួនមិនបានដឹងពីករណីមានមនុស្ស នៅជាប់ខាងក្រោមយន្ដហោះនោះទេ។ ពួកគេគ្រាន់តែដឹងថា យន្ដហោះបានហោះ ត្រឡប់មកចុះចតវិញ ហើយបានឃើញរថយន្ដសង្គ្រោះ ជាច្រើនបានបើកសំដៅមករកយន្ដហោះ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ បានសរសេរឲ្យដឹងទៀតថា ខ្លួងនឹងធ្វើការស៊ើបអង្កេត ពីករណីនេះ។ យន្ដហោះបានងើបខ្លួនជាថ្មី ហោះឆ្ពោះទៅកាន់ទិសដៅ នៅរសៀល វេលាម៉ោង ៣និង៥២នាទី ម៉ោងក្នុងស្រុក ដោយគ្មានហេតុភេទអ្វីផ្សេង កើតឡើងឡើយ៕