សុន ឆ័យ៖ កម្ពុជានៅខ្ចីលុយបរទេស ប៉ុន្តែចាយខ្ជះខ្ជាយ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 20, 2014
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអនុប្រធានគណកម្មការទី២នៃរដ្ឋសភា លោក សុន ឆ័យ បានលើកឡើងថា ខណៈដែលកម្ពុជា កំពុងស្ថិតនៅជាប្រទេសដែលត្រូវការជំនួយ និងការខ្ចីលុយបរទេសជាចាំបាច់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេស ប៉ុន្តែការចាយវាយ របស់ប្រទេសមួយនេះវិញ មានលក្ខណៈខ្ជះខ្ជាយយ៉ាងសម្បើមដៃ។ ការលើកឡើងរបស់មន្រ្តីគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ក្នុងពេលដែលលោកបានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋាគារសាន់វ៉េ។
តំណាងរាស្ត្រគណបក្សសង្គោះជាតិ លោក សុន ឆ័យ បានធ្វើអត្ថាធិប្បាយថា៖ «ថ្មីៗនេះ ពេលយើងពិនិត្យថវិកា២០១៥ ខ្ញុំបានស្នើសុំឱ្យមានឯកសារលម្អិត អំពីការចាយវាយរបស់ក្រសួងនីមួយៗ ព្រោះគា្រន់តែពិនិត្យការចាយវាយរបស់រដ្ឋសភា គ្រាន់តែមើលតែមួយភ្លែតទៅ ខ្ទង់ចំណាយគឺមានលក្ខណៈជាអ្នកលួច លួចលុយសភាទាំងស្រស់តែម្តង»។
លោកអះអាងថា មិនត្រឹមតែនៅរដ្ឋសភាទេ ដែលលោកឃើញភាពមិនប្រក្រតីនៃបញ្ជីចំណាយប្រចាំឆ្នាំ នៅតាមក្រសួងខ្លះ ក៏មានឃើញការចំណាយមិនប្រក្រតីដែរ។ លោកបានពន្យល់ទៀតថា៖ «នេះជាបញ្ហាប្រទេសយើង នៅត្រូវការជំនួយបរទេស ហើយខ្ចីលុយថវិការបរទេសក៏ច្រើន ហើយយកមកខ្ជីខ្ជា ទាំងការរកចំណូលក៏ខ្ជីខ្ជា ទាំងការចាយវាយក៏ខ្ជីខ្ជា»។
លោក សុន ឆ័យ បានថ្លែងថា ដំណោះស្រាយបញ្ហានេះ គឺមានតែធ្វើច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានទេ ដើម្បីឱ្យមជ្ឈដ្ឋានទូទៅបានដឹង និងតាមដានរាល់ដំណើរការចាយវាយរបស់រដ្ឋាភិបាល។ អនុប្រធានគណកម្មការទី២រដ្ឋសភារូបនេះ ថ្លែងយ៉ាងដូច្នេះទៀតថា៖ «ទោះបីជារដ្ឋាភិបាលថា ឱ្យព័ត៌មានតែមួយផ្នែកនេះ ទុកមួយផ្នែកនេះសិន ទុកលួចលុយជាតិបន្តិចសិន ចាំបន្តិចទៀតបន្ធូរឱ្យបន្តិចទៀត ក៏យើងសុខចិត្តដែរ»៕