អនុញ្ញាតឱ្យធ្វើវេទិកានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែហាមពាក់ព័ន្ធនយោបាយ!
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 20, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កំណត់ហេតុកិច្ចប្រជុំ រវាងសាលារាជធានីភ្នំពេញ ជាមួយសម្ព័ន្ធសហគមន៍ កសិករ បណ្តាញនិស្សិត សហជីពកម្មករ និងសមាគម ក្នុងការរៀបចំវេទិការសាធារណៈ នៅលើទីលានប្រជាធិបតេយ្យ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យមានអ្នកចូលរួមតែ២០០នាក់ប៉ុណ្ណោះ ដែលអាចចូលវេទិការសាធារណៈ ស្តីពីកង្វល់យុវជន កសិករ និងកម្មករនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤។
ប៉ុន្តែដោយមានការទទូចស្នើរសុំ ពីអ្នកផ្តួចផ្តើមវេទិការ ស្នើឱ្យមានអ្នកចូលរួមប្រមាណ១៥០០នាក់នោះ សាលារាជធានីភ្នំពេញ នឹងសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិល និងសហជីពចំនួន៦ បានឱ្យដឹងថាយុវជន កសិករ និងកម្មករ នឹងរៀបចំវេទិការសាធារណៈ ស្តីពីក្តីបារម្ភរបស់ពួកគេ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ឧក្រិដ្ឋកម្មអ៊ិនធើណែត សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម និងច្បាប់សហជីព។
វេទិការនេះ គ្រោងអ្នកចូលរួមប្រមាណជាងមួយពាន់នាក់ រួមមាននិស្សិត កម្មករ អង្គការសង្គមស៊ីវិល និងកសិករពីតាមបណ្តាខេត្ត។ វេទិការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្តែងមតិ និងបង្ហាញពីក្តីកង្វល់ ព្រមទាំងធ្វើការផ្សព្វផ្សាយ ដល់អ្នកចូលរួមដែលកំពុងមានការព្រួយបារម្ភ ចំពោះការរិតត្បិតសិទ្ធិសេរីភាព ឱ្យបានយល់ពីខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ។
ពាក់ព័ន្ធនឹងក្តីបារម្ភរបស់យុវជន សង្គមស៊ីវិល កសិករ និងកម្មករទៅលើច្បាប់ទាំងបីខាងលើនេះ លោកឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងថា ពួកគេហាក់បីដូចជាបារម្ភហួសហេតុ លើបញ្ហាសេចក្តីព្រាងច្បាប់ទាំងបីនេះ។ លោកបានថ្លែងឡើងថា ការរៀបចំច្បាប់មួយៗ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន៕