របបរាជានិយមនៅកម្ពុជា ជា«ទឹកនៅទើលើស្លឹកឈូក»?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពមួយចំនួន របស់តំណាងរាស្រ្តគណបក្សប្រឆាំងលោក សុន ឆ័យ ក្នុងវេទិការសាធារណៈ ដែលបានរៀបចំឡើងដោយ ចលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា នៅតាមបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និងប្រទេសកាណាដានោះ បានរងការចោទប្រកាន់ថា ជាការឃុបឃិតចង់«រំលាយរាជានិយម»។ រូបភាពទាំងនេះ ត្រូវបានបកស្រាយ ដោយស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា និងត្រូវបានចុះផ្សាយនៅលើគេហទំព័រ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
ចំពោះបញ្ហាថា «រំលាយ ឬការពាររបបរាជានិយមនៅកម្ពុជា»នោះ គួរស្វែងយល់ថា តើការការពាររបបរាជានិយម ត្រូវអនុវត្តតាមវិធីណាខ្លះ? និងទង្វើរបែបណា ដែលអាចចាត់ទុកថា ជាការរំលាយរបបរាជានិយម? ហើយរបបរនេះអាចរំលាយបានដែរ ឬទេ សម្រាប់កម្ពុជា?
គ្រប់អ្នកនយោបាយទាំងអស់បានដឹងហើយថា «របបរាជានិយម» ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ដូច្នេះទោះតាមវិធីសាសន៍ណាក៏ដោយ គ្មានបុគ្គលណាម្នាក់ បក្សណាមួយ អាចរំលាយរបបរាជានិយមនេះ តាមរយៈការសើរី ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះបានឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១៥៣ថ្មី បាន«ហាមឃាត់»ដាច់ខាតចំពោះការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកាលណាមានការប៉ះពាល់ដល់ប្រពន្ធ័ប្រជាធិបតេ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
ចំពោះអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយចំនួន បានលើកឡើងថា ចំពោះ«ការរំលាយ»របបរាជានិយមនៅកម្ពុជានោះ មិនអាចធ្វើទៅបានទេ។ ជាឧទាហរណ៍ស្រាប់ ឃើញថាសន្ទុះនៃការគោរព និងគាំទ្ររបស់ប្រជា-ពលរដ្ឋ ចំពោះព្រះបរមរតនកោដ្ឋ (ព្រះបាទនរោត្តម សីហនុ) មានលក្ខណៈខ្លាំងក្លាណាស់ ដូច្នេះគ្មានអ្នកនយោបាយណាមួយទោះបីជាឈ្នះ ឬចាញ់ឆ្នោតក្តី អាចធ្វើការ«រំលាយរបបរាជានិយម»នោះបានទេ។ ប៉ុន្តែបើការរំលាយរបបរាជានិយម ត្រូវបានប៉ុនប៉ងដោយក្រុមណាមួយនោះមែន លទ្ធផលដែលនឹងទទួលបាន មិនមានអ្វីក្រៅពីការបាត់បង់នូវប្រជាប្រិយភាព របស់ក្រុមនោះតែប៉ុណ្ណោះ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានបង្ហាញថានៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បានចងជាប់ក្នុងការការពាររបបរាជជានិយមនេះ។ លោកចាត់ទុកថា រាល់សកម្មភាព ឬការលើកឡើងរបស់អ្នកនយោបាយមួយចំនួន គ្រាន់តែជាការទាញយក ប្រជាប្រិយភាព និងប្រយោជន៍សម្រាប់បក្សរៀងៗខ្លួនតែប៉ុណ្ណោះ មិនមែនមានន័យថា«ចង់ការពាររបបរាជានិយមនោះទេ»។
ឯអ្នកវិភាគសង្គម និងនយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងដូចគ្នានេះដែរ។ លោកថា គ្មានបុគ្គលណាម្នាក់ អាចរំលាយស្ថាប័នព្រះមហាក្សត្របានឡើយ។ លោកបន្តថា លើកលែងតែធ្វើ«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ទើបអាចផ្តួលរំលំរាជានិយមបាន។ តែករណីនោះ នឹងមិនអាចធ្វើទៅរួចនោះឡើយ នៅក្នុងស្ថានភាពប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» មានន័យស្មើរនឹងប្រឆាំងសហគមន៍ជាតិ និងអន្តរជាតិ
ចំពោះការធ្វើរដ្ឋប្រហារ លោក កែម ឡី បន្តថា សម្រាប់កម្ពុជាបច្ចុប្បន្ននេះ មិនអាចប្រើប្រាស់នូវកំលាំង ដើម្បីធ្វើរដ្ឋប្រហារចូលមកដណ្ដើម កាន់កាប់អំណាចនោះបានឡើយ។ លោកបន្តថា បើឡើងកាន់អំណាច ដោយការប្រើនូវកំលាំងប្រដាប់អាវុធនោះ នឹងធ្វើឲ្យមានមហន្តរាយដល់ប្រទេសជាតិ។ លោកថាជាការប្រសើរណាស់ ដែលមានច្បាប់ចែងច្បាស់លាស់ ហើយប្រជាពលរដ្ឋកម្ពុជាភាគច្រើនក៏មានការចេះដឹង។ អ្វីៗទាំងនេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជួយមិនឲ្យកើតមាននូវរដ្ឋប្រហារ ឬចលនាផ្តួលរំលំនានា។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាសព្វថ្ងៃ បានកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងបន្ទាប់ពីការបោះឆ្នោតអាណត្តិទីមួយ រៀបចំដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣។ ទាំងនេះបានបង្ហាញថា ប្រទេសកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិជួយឈឺឆ្អាល និងបានចំណាយទាំងកម្លាំង និងទ្រព្យធនដើម្បីជម្រុញឲ្យប្រទេសនេះ ដើរនៅក្នុងគន្លងមួយនៃលិទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការប៉ុនប៉ងណាមួយ ដែលចង់ផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ ឬរបប ដោយក្រុមណាមួយនោះ វាមិនត្រឹមតែ ជាការក្បត់ឆន្ទៈប្រជាជនកម្ពុជាដែលនៅតែស្រឡញ់រាជានិយមនោះទេ តែវាក៏ជាការក្បត់បំណង ប៉ងដោយសហគមន៍អន្តរជាតិទាំងមូលនោះផងដែរ។
អ្វីខ្លះដែលចាត់ទុកថា ជាការ«ការពាររបបរាជានិយម»?
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា ចំពោះការការពាររបបរាជានិយមពិតប្រាកដនោះ អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវរៀបចំ ឬបង្កើតឲ្យមានឡើង។ តួយ៉ាងដូចជា ការបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះបហាក្សត្រគង់ ជាអគ្គមេបញ្ជាការកំពូលនៃកងទ័ព និងធ្វើយ៉ាងណាឲ្យទ័ពនោះឯករាជ្យសម្រាប់ការពាររាជបល្ល័ង ការពារទឹកដី ។
លោកបន្តថា ករណីមួយទៀតត្រូវរៀបចំឲ្យមានច្បាប់ ស្តីពីការរៀបចំសមាជជាតិ ដែលមានព្រះមហាក្សត្រគង់ជាអធិបតី និងអនុញាតិឲ្យមានការចូលរួមពីប្រជាពលរដ្ឋ។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងសមាជជាតិនោះ ត្រូវបានចងក្រងដោយទីប្រឹក្សារបស់ព្រះមហាក្សត្រ និងឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ដើម្បីដាក់ជូនព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលពិចារណារ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ