អ្នកវិភាគគ្មានជំនឿលើក្រុមប្រឹក្សាធម្មនុញ្ញ ជុំវិញការបណ្តេញសមាជិកសភានៃបក្សប្រឆាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្ដីមន្ទិលបានកើតមានឡើងទៀត ស្ដីពីឯករាជ្យភាពនៃក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីរដ្ឋសភាកម្ពុជាបាន«បណ្ដេញ» សមាជិកនៃរដ្ឋសភា របស់អ្នកតំណាងរាស្ត្រចំនួន២៩រូប មកពីគណបក្សប្រឆាំងពីរ។ អ្នកតំណាងរាស្ត្រម្នាក់ ពីក្នុងចំណោមនោះ បានថ្លែងថាក្រុមលោក នឹងប្ដឹងឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់ព្រះរាជាណាចក្រ។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រម្នាក់មកពីគណបក្ស សម រង្សី ដែលជាគណបក្សប្រឆាំងមានតំណាងរាស្ត្រចំនួន២៦នាក់ ហើយត្រូវបានរដ្ឋសភាបណ្ដេញចេញនោះ បានសម្ដែងប្រតិកម្មថា «ខ្ញុំនៅតែជាតំណាងរាស្រ្តមួយស្របច្បាប់ ហើយគេយកច្បាប់មួយដែលមិនមានចែង មកអនុត្តន៍លើយើង។ ការបណ្តេញតំណាងរាស្រ្ត ដែលមាន "នីតិកាល" តិចជាងប្រាំមួយខែនេះ គ្មានច្បាប់ចែងទាល់តែសោះ។» នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ លោកថ្លែងទៅកាន់អ្នកកាសែត ដោយបានចាត់ទុកការបណ្ដេញចេញទាំងនេះ ថាមិនត្រឹមត្រូវ និងខុសច្បាប់។
ការបណ្ដេញចេញ ឬការលប់ចោលនូវសមាជិកភាពរដ្ឋសភា នៃអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងនៅកម្ពុជានេះ បានជម្រុញឲ្យមានប្រតិកម្មពីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ជេន ផ្សាគី (JEN PSAKI) បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយ កាលពីថ្ងៃសៅរ៍ ទី៨ មិថុនា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចបែបនេះ ដែលត្រូវបានគេមើលថា ជាការផ្ទុយនឹងស្មារតីនៃដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យ និងរៀបចំឡើងដោយសមាជិករដ្ឋសភាព មកពីគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចនោះ។ សេចក្ដីថ្លែងការណ៍ បាននិយាយជាអាថ៌ថា ការបាត់បង់នូវសមាជិកភាព នៃរដ្ឋសភាមកពីគណបក្សប្រឆាំង ជាការបាត់បង់សំលេងរបស់ប្រជាពលរដ្ឋ និងអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការប្តេជ្ញាចិត្តរបស់ពួកគេ (តំណាងរាស្រ្ត) ដើម្បីបំរើប្រជាពលរដ្ឋនៅកម្ពុជា ។
ប៉ុន្តែសម្រាប់ប្រធាន គណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាលោក ឈាង វុន វិញ លោកបានច្រានចោលសេចក្ដីថ្លែងការណ៍នោះ ដោយចាត់ទុកជាការ«ជ្រៀតជ្រែក» ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយលោកបានព្យាយាមពន្យល់ថា ការអនុវត្តច្បាប់តាមបែបរដ្ឋមាន«អធិបតេយ្យភាព» បាននាំទៅដល់ការបង្កកប្រាក់បៀរវត្ស និងការបាត់បង់នូវសមាជិកភាពរបស់រដ្ឋសភានេះ។
នៅក្នុងសន្និសិតសារព័ត៌មានមួយ របស់លោកនៅក្នុងបរវេណរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃទី១០ខែមិថុនា លោកឈាង វុន បានលើកហេតុផល គឺដោយសារតែសមាជិកសភាទាំងនេះ បានក្លាយជាសមាជិកនៃគណបក្សថ្មី ដែលមិនមានអាសនៈ (មិនមានឈ្មោះ) ក្នុងរដ្ឋសភា។ សរុបមកសមាជិករដ្ឋសភាទាំង២៩ រូប បានបាត់បង់សមាជិកភាព នៃតំណាងរាស្ត្រក្នុងរដ្ឋសភា ធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ច្បាប់បោះឆ្នោត លក្ខន្តិក្កៈតំណាងរាស្ត្រតំណាងរាស្រ្ត លិខិតប្រកាសពីបេក្ខភាពនៃគណបក្សរបស់គ.ជ.ប និងលិខិតទទួលស្គាល់ជាផ្លូវការនៃគណបក្ស របស់ក្រសួងមហាផ្ទៃ។
អ្នកតំណាងរាស្ត្រ សុន ឆៃ ដែលមានវត្តមានក្នុងសន្និសិតកាសែតនោះដែរ បានថ្លែងនៅពេលបន្ទាប់មកថា គ.ជ.ប តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែស្ថិតនៅក្រោមឥទ្ធិពល របស់គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច ហើយថាអ្វីដែលលោក ឈាន វុន បាននិយាយ មិនបានយោងលើមាត្រានៃច្បាប់ណាមួយនោះទេ។ តែទោះបីយ៉ាងណាក៏ដោយ លោកថានឹងនៅតែបន្តរធ្វើ ទៅតាមនីតិវិធី ដែលជាគោលការណ៍ ក្រុមរបស់លោក នឹងប្តឹងឡើងទៅ«ក្រុមប្រឹក្សាធម្មនុញ្ញ» ដែលជាសមត្ថកិច្ចដ៏កំពូល ក្នុងការវិន្និច្ឆ័យពីធម្មនុញ្ញភាព លើការសម្រេចចិត្តរបស់ស្ថាប័នណាមួយ។
អ្នកវិភាគឯករាជ្យ ពីបញ្ហាសង្គមនិងនយោបាយ លោក ឡៅ ម៉ុងហៃ បានទទួលស្គាល់ថា ក្រុមប្រឹក្សាធម្មនុញ្ញធ្លាប់បានសម្រេច តាំងពីយូរមកហើយ ពាក់ពន្ធ័នឹងបញ្ហាបង្កកប្រាក់ខែ និងការបាត់បង់សមាជិកភាពរបស់សភានេះ ដោយសារតែពួកអ្នកតំណាងរាស្ត្រទាំងនោះ បានទៅចូលរួមជាមួយគណបក្សថ្មី។ លោកបន្តថា ក្នុងរយៈពេលប្រាំមួយខែ កៀកទៅនឹងការបោះឆ្នោតនេះ មិនអាចជ្រើសរើសសមាជិកសភាថ្មីមកជំនួសបានទេ ដូច្នេះរដ្ឋសភាត្រូវបានបាត់បង់នូវសមាជិកភាព មិនគ្រប់កូរ៉ុមតាមរដ្ឋធម្មនុញ្ញ។
មាត្រា៧៦ នៃច្បាប់គោលកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានចែកថាសមាជិកតំណាងរាស្រ្តត្រូវមានចំនួន១២០រូប ទើបអាចចាត់ទុកថាជារដ្ឋសភាពេញរូបរាង្គបាន។ ដូច្នេះ តើគេត្រូវគិតយ៉ាងដូចម្ដេច? លោកឡៅ ម៉ុងហៃ បានពន្យល់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបញ្ជាក់ឡើងវិញពីបញ្ហានេះឲ្យបានច្បាស់។ តែសម្រាប់អ្នកវិភាគរូបនេះ លោក«មិនមានជំនឿលើក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ព្រោះតែភាពមិនឯករាជ្យ»របស់ស្ថាប័នជាតិកំពូលមួយនេះ ដែលជារឿយៗ រងការរិះគន់ថាបានលំអៀង និងបានបកស្រាយច្បាប់ទៅតាមតែ«ការចង់បាន» របស់គណបក្សកាន់អំណាច៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ