ឈាង វុន បញ្ចេញ​«មហិទ្ទិរិទ្ធិ»​បណ្តេញ សុន ឆៃ ចេញ​ពី​រដ្ឋសភា

ក្រោមហេតុផលថា តំណាងរាស្ត្រ មកពីគណបក្ស សម រង្សី លោក សុន ឆៃ ត្រូវបានរដ្ឋសភា​លប់​សុពលភាព​ជា​តំណាង​រាស្ត្រ កាល​ពី​ពេលថ្មីៗមកនោះ លោកឈាង វុន នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ បានចេញ​មក​ដេញ​លោក សុន ឆៃ ឲ្យ​ចេញ​ពី​បរិវេណ​រដ្ឋសភា ខណៈពេលអ្នកតំណាងរាស្ត្ររូបនេះ កំពុងត្រូវអ្នក​កាសែត​តាម​សុំ​ប្រតិកម្ម​ឆ្លើយ​តប ទាក់​ទង​​នឹងសន្និសីទ​សារព័ត៌មានមួយ​មុន​នេះ របស់លោក ឈាង វុន។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: June 10, 2013
  • ប្រធានបទ: រដ្ឋសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹកថ្ងៃទី១០ ខែឧសភានេះ នៅវិមានរដ្ឋសភាជាតិ ប្រធាន គណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៃរដ្ឋសភាកម្ពុជា លោកឈាង វុន បាននរៀបចំសន្និសិទកាសែត ស្តីពីការបង្កកប្រាក់បៀវត្ស ការបាត់​បង់ជាសមាជិកភាព​សភាតំណាងរាស្រ្ត។ ក្រៅពីអ្នកកាសែត និងអ្នកទូរទស្សន៍ជាតិ ជាច្រើនដែលបានទៅ​យក​ព័ត៌មាន នៅក្នុងសន្និសិទ្ធិកាសែតនោះ ក៏មានវត្តមាន លោក ឆុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពី​គណបក្ស សម រង្សី ចូលរួមស្តាប់ផងដែរ។

អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីចប់សន្និសិទ្ធិកាសែតនេះ លោក សុន ឆ័យ បានចាកចេញ​ពី​បន្ទប់​សន្និសិទនោះ មិនបានជួបសម្ភាស ជាមួយអ្នកការសែតទេ ដោយយល់ថា ជាបន្ទប់ផ្តាប់​មុខរបស់លោក ឈាង វុន។ លោកបានចាកចេញ មកជួបជាមួយអ្នកការសែត នៅក្រៅបន្ទប់តាមការប្រមាញ់របស់អ្នកកាសែត ដែលចង់​បាន​នូវ​ប្រតិកម្ម​តប ចំពោះករណីបង្កកប្រាក់ខែ និងការបាត់បង់សមាជិកភាពសភា។

មិនទាន់បានឆ្លើយចប់មួយសំនួរផង លោក សុន ឆ័យ ត្រូវបានលោក ឈាង វុន ចេញពីបន្ទប់មកដេញ ឲ្យ​ចាក​ចេញពី បរិវេណរដ្ឋសភា ទើបមានសិទ្ធិជួបជាមួយអ្នកការសែត។ លោកឈាង វុនបានលើកឡើងថា «លោក (សុន ឆ័យ) អស់ សិទ្ធិជាសមាជិសភាទៀតហើយ ដូច្នេះលោកពុំមានសិទ្ធិ ជួបអ្នកកាសែតក្នុងសភាទៀតទេ។ (...) លោក​មានសិទ្ធិតែ មួយ មុខគត់ គឺ ”មកប្រមូលសម្ភារៈចេញពីសភា” តែប៉ុណ្ណោះ។»

ចំពោះការបណ្តេញចេញនេះ លោកសុន ឆ័យ បានឆ្លើយតបទៅវិញថា លោកនៅមាន​«ឋានៈជាតំណាង​រាស្រ្ត​នៅឡើយ» ដូច្នេះលោកអាចជួប ជាមួយអ្នកការសែតបន្ទាន់បាន។

ទោះជាយ៉ាងនេះក្តីលោក ឈាង វុន នៅតែបន្តដេញចេញដោយខានតែបាន ដោយអះអាងថា៖ «លោកអស់​សិទ្ធិ​ជា​សមាជិក​សភាហើយ»។ មិនទាន់ទាំងបានឆ្លើយតបទៅវិញផង លោកឈាង វុន បានប្រកាសហៅ​សន្តិសុខ និងអង្គរក្ស​ឲ្យនាំលោក សុន ឆ័យ និងអ្នកកាសែតចេញពីសភាជាបន្ទាន់។ លោក សុន ឆ័យ ក៏បាន​បង្ខំចិត្តចាកចេញពីមុខបន្ទប់នោះ ជាមួយអ្នក​កាសែត ចុះក្រោមក្រៅបរិវេណអាគារ។

នៅជាន់ក្រោមនៃចំណតរថយន្ត ចម្ងាយប្រមាណជាងបីរយម៉ែត្រ ពីបន្ទប់សន្និសិទនោះ លោកឆុន ឆៃ ដើរ​បណ្តើរ ផ្តល់​បទសម្ភាសឲ្យអ្នកកាសែតបណ្តើរ ដោយមិនឈប់រហូតដល់រថយន្តរបស់លោក។

មុនលោក ឆុន ឆ័យ ឡើងរថយន្ត លោកបានឈប់(បន្តិច) ដើម្បីបញ្ចប់នូវសំនួររបស់អ្នកកាសែត តែក៏ត្រូវបាន​លោក ឈាង វុន «តាមដេញ​បន្ត» ដោយខ្លួនលោកផ្ទាល់ ជាមួយនឹងសម្ដីថា «លោកមានសិទ្ធិ ជួបជាមួយ​អ្នក​កាសែត នៅក្រៅសភា។ ឯ​អ្នកកាសែត ដែលខ្ញុំបានអញ្ជើញឲ្យ មកចូលរួមទាំងអស់ ខ្ញុំបានបញ្ចប់ នូវភារកិច្ច​របស់​ខ្ញុំហើយ បើអស់លោក (អ្នកកាសែត) មានការងារអ្វីត្រូវសម្ភាស ត្រូវទៅសម្ភាសនៅក្រៅសភា»។ លោក​ សុន ឆៃ បានឆ្លើយតបវិញថា «រដ្ឋ​សភាជាតិ ជារដ្ឋសភា​តំណាងរាស្ត្រ ជាសភារបស់រាស្រ្ត មិនថាក្នុងឋានៈខ្ញុំ ជាសមាជិករដ្ឋសភាទេ ទោះជាក្នុង​នាម​ជា​ពលរដ្ឋ ក៏អាចមកនិយាយ​ក្នុងសភាបានដែរ»។ លោក ឈាង វុន បាន​ឆ្លើយតបថា «ទោះជាប្រជារាស្រ្ត ក៏ត្រូវសុំច្បាប់ដែរ» បន្ទាប់មកលោកឈាង វុន ស្រែកខ្លាំងៗទៅ​រក​សន្តិសុខ ឲ្យនាំលោក ឆុន ឆ័យ និងអ្នកការសែតចេញ។

នៅក្រៅរបងសភា ម៉ោងជាងដប់មួយថ្ងៃត្រង់ លោក សុន ឆ័យ បានបន្តផ្តល់បទសម្ភាស ជាមួយអ្នកកាសែត។ ទាក់ទង​នឹង​ករណីដែលលោក ឈាង វុន បណ្តេញលោកចេញនេះ លោកមិនមានការបកស្រាយអ្វីបន្ថែម​នោះ​ទេ តែលោកសួរ​បញ្ជាក់​វិញថា នេះឬប្រទេស ប្រជាធិបតេយ្យ ប្រទេសគោរពច្បាប់? លោកបន្តរថា ទុកឲ្យ​ប្រជា​ពលរដ្ឋ​គាត់​ជាអ្នកសម្រេច​ទៅចុះ។

ចំពោះការបណ្តេញចេញនេះ មិនថាតែចំពោះលោក សុន ឆៃ នោះទេ សូម្បីតែអ្នកកាសែត ក៏ត្រូវគេបណ្តេញ​ចេញ​ដូច​គ្នា​ដែរ បើនៅយកបទសម្ភាស ពីលោកសុន ឆ័យ។ អ្នកកាសែតដែលមានវត្តមាននៅទីនោះ មានការ​ងឿងឆ្ងល់យ៉ាងខ្លាំង ទៅ​នឹងការបញ្ចេញមហិទ្ធិរិទ្ធិ របស់លោក ឈាង វុន នៅក្នុងអត្តចរិកបែបនេះ។ អ្នក​កាសែត​បានសួរគ្នាថា រដ្ឋសភា​នេះជារបស់លោក ឈាង វុន តែម្នាក់ឯងឬយ៉ាងណា? តើគាត់ប្រើសិទ្ធិអំណាច ក្នុងនាមអ្វី? តើអ្វីទៅជាសិទ្ធិអំណាច របស់​អ្នកសារព័ត៌មាន?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...