គល់ បញ្ញា៖ រដ្ឋសភា​ត្រូវ​ហៅ​គ.ជ.ប​ទៅ​សួរ មិន​មែន​ខុមហ្វ្រែល​ទេ

ភ្លាមៗបន្ទាប់ពីតំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្រកាសហៅអង្គការខុមហ្វ្រែល​ទៅឆ្លើយ​បំភ្លឺ នៅក្នុងរដ្ឋសភាកាលពីម្សិលមិញរួចមក លោក គល់ បញ្ញា នាយកប្រត្តិបត្តិអង្គារខុមហ្វ្រែល បានប្រតិកម្មខ្លាំងៗតប​ត្រឡប់វិញ ដោយថ្លែងបដិសេធមិនចូលទៅបំភ្លឺនៅក្នុងសភា តាមការកោះហៅរបស់សមាជិកសភា គណបក្សកាន់​អំណាច​នោះទេ។ លោកថា រឿងនេះសមាជិកសភាគួរតែសួរគ.ជ.ប វិញទើបត្រូវ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: November 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លាមៗបន្ទាប់ពីតំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្រកាសហៅអង្គការខុមហ្វ្រែល​ទៅឆ្លើយ​បំភ្លឺ នៅក្នុងរដ្ឋសភាកាលពីម្សិលមិញរួចមក លោក គល់ បញ្ញា នាយកប្រត្តិបត្តិអង្គារខុមហ្វ្រែល បានប្រតិកម្មខ្លាំងៗតប​ត្រឡប់វិញ ដោយថ្លែងបដិសេធមិនចូលទៅបំភ្លឺនៅក្នុងសភា តាមការកោះហៅរបស់សមាជិកសភា គណបក្សកាន់​អំណាច​នោះទេ។ លោកថា រឿងនេះសមាជិកសភាគួរតែសួរគ.ជ.ប វិញទើបត្រូវ។


លោក គល់ បញ្ញា (រូបកណ្ដាល) ក្នុងសន្និសិទកាសែត របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនប្រាំ កាលពីថ្ងៃពុធ​ទី១៣​ខែ​កុម្ភះ។ MONOROOM.info photo/ O.Vary។

រាជធានីភ្នំពេញ - នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានប្រត្តិកម្មខ្លាំងៗទៅនឹងការលើកឡើង​របស់​លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន ដែលបានចោទប្រកាន់អង្គការខុមហ្វ្រែលកាលពីម្សិលមិញថា បានភូត​ភរកុហកបោកប្រាស់ជុំវិញអ្វីដែលអង្គការនេះ បានផ្សព្វផ្សាយអំពីគណបក្សប្រជាជន ក្នុងការធ្វើឲ្យបាត់បញ្ជីរឈ្មោះអ្នក​បោះឆ្នោត ចំនួន ១ លាន ២ សែន នាក់ កាលពីអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៥ កាលពី​ពេល​ថ្មីៗនេះ។ លោក គល់ បញ្ញា បានហៅការចោទប្រកាន់នេះថា ជាការនិយាយខុសការពិត ពីព្រោះថា អ្វីដែលស្ថាប័នលោក បានលើកឡើងគឺមានរបាយការណ៍និងទិន្នន័យច្បាស់លាស់ មិនបានកុហកបោកប្រាស់នោះទេ។

លើសពីនេះទៅទៀតនាយកប្រតិបត្តិអង្គការខុមហ្វ្រែលរូបនេះ បានបដិសេធមិនចូលទៅឆ្លើយបំភ្លឺតាមការកោះហៅ របស់​សមាជិកតំណាងរាស្រ្តគណបក្សប្រជាជននោះទេ។ លោកថា រឿងនេះគឺជារឿងនយោបាយ ដែលរដ្ឋាភិបាលចង់គាប​សង្កត់​មកលើស្ថាប័នលោក។ លោក គល់ បញ្ញា បន្ថែមថា តួរអង្គសំខាន់ដែលសមាជិកសភា គួរហៅទៅសួរពាក់ព័ន្ធនឹង​បញ្ហា​បោះឆ្នោតនេះ មិនមែនអង្គការខុមហ្វ្រែលឡើយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯណោះទៅវិញទេ ដែលជា​អ្នកមានកាតព្វកិច្ចក្នុងការឆ្លើយបំភ្លឺនៅក្នុងរឿងនេះ។ មិនតែប៉ុណ្ណោះ ប្រសិនបើរដ្ឋសភាហៅគ.ជ.ប ទៅសួរអង្គការរបស់​លោកនឹងរីករាយក្នុងការផ្តល់សក្ខីកម្មនៅក្នុងរឿងនេះ ពីព្រោះថា បញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនេះ អង្គការលោកមាន​ទិន្នន័យច្បាស់លាស់ណាស់។ លោកថា បើហៅខុមហ្វ្រែលទៅសួរក្នុងបំណងនយោបាយ គ្មានភារកិច្ចអ្វីត្រូវហៅខុមហ្វ្រែល​នោះទេ។

មន្រ្តីជាន់ខ្ពស់អង្គការខុមហ្វ្រែលរូបនេះ ក៏បានបញ្ជាក់ទៀតថា អង្គការខុមហ្វ្រែលមិនខ្លាចនោះទេ ក្នុងការឡើងតុលាការ​ប្រឈមមុខតាមផ្លូវច្បាប់ ប្រសិនបើសមាជិកសភាបក្សកាន់អំណាចប្តឹងមែននោះ ។ ប៉ុន្តែលោកថា វាជារឿងពិបាក​និយាយ​ណាស់ និងហួសចិត្ត ដែលសមាជិកសភា យករឿងបែបនេះ មកប្តឹងអង្គការរបស់លោក គ្មានប្រយោជន៍អ្វីទាល់តែសោះ។

កាលពីម្សិលមិញ អ្នកតំណាងរាស្រ្តជើងខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប្រកាសនៅចំពោះមុខ​អ្នកសារព័ត៌មាននាវិមានរដ្ឋសភាថា អង្គការខុមហ្វ្រែល និងអង្គការ NDI បានបោកប្រាស់សហគមជាតិ និងអន្តរជាតិ តាម​រយៈការចោទគណបក្សប្រជាជនថា បានបំផ្លាញបញ្ជីរបោះឆ្នោតមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជាង ១ លាន ២ សែន នាក់។ លោកឈាង វុន បានបញ្ជាក់ថា នេះជាការចោទប្រកាន់ខុសការពិតទាំងស្រុង ដែលតម្រូវឲ្យស្ថាប័នទាំងពីរនេះ ត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។

ការលើកឡើងបែបនេះដោយលោក ឈាង វុន សំអាងទៅលើការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៣ ដែលរៀបចំដោយ​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗកន្លងទៅ ទទួលបានអ្នកចុះឈ្មោះថ្មីតែជាង ១៨ ម៉ឺននាក់តែ​ប៉ុណ្ណោះ។ លោកថា តួលេខនេះវាខុសពីការលើកឡើងរបស់អង្គការខុមហ្វ្រែលនិងអ៊ិនឌីអាយច្បាស់ក្រឡែត ដែលថា​មានអ្នកបាត់ឈ្មោះដល់ទៅជាង ១ លាននាក់នោះ តែដល់ពេលគេហៅមកចុះឈ្មោះមានតែ ១៨ ម៉ឺននាក់ប៉ុណ្ណោះ។ លោក ឈាង វុន ក៏បានថ្លែងស្តីបន្ទោសធ្ញន់ៗទៅអង្គការទាំងពីរនេះថា អ្នកដែលបាត់ឈ្មោះនោះ មានតែឈ្មោះ«ខ្មោច»​ខុមហ្វ្រែល និង«ខ្មោច»​អ៊ិនឌីអាយតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត មន្រ្តីរូបនេះ ក៏បានស្នើរឲ្យស្ថាប័នទាំងពីរនេះឆ្លើយជាបន្ទាន់ចំពោះអ្វីដែលខ្លួនបានលើកឡើង បើមិន​ដូច្នោះទេ រដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការចំពោះអង្គការខុមហ្វ្រែល ហើយចំណែកវិទ្យាស្ថាន អ៊ិនឌីអាយ របស់សហរដ្ឋអាមេរិកវិញ រដ្ឋាភិបាលនឹងចាត់វិធានការតាមរយៈការទូតនៃក្រសួងការបរទេស។

គួរកត់​សម្គាល់​ថា អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ដើម្បីសេរីនិងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល និងវិទ្យាស្ថាន​NDI របស់សហរដ្ឋអាមេរិក ព្រមទាំងគណបក្សប្រឆាំងបានអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៥ ក្នុងអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើឲ្យបាត់បញ្ជីឈ្មោះអ្នកបោះឆ្នោតប្រមាណជាង ១លាន ២ សែននាក់ ដែលធ្វើឲ្យពលរដ្ឋទាំងនោះមិនបានទៅបោះឆ្នោត។ អង្គការសង្គមស៊ីវិលនិងបក្សប្រឆាំង ក៏បានរិះគន់ពីនីតិវិធី ដ៏ចាស់គម្រិលរបស់គ.ជ.ប ហើយនិងឯករាជ្យភាពរបស់ស្ថាប័នមួយនេះផងដែរ។

កាលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៥ កាលពីពេលកន្លងទៅបានធ្វើឲ្យមតិមហាជនមួយចំនួន មានការ​សង្ស័យពីប្រក្រតីភាពនៃដំណើរការបោះឆ្នោតនេះ។ គណបក្សប្រឆាំងបានហៅការបោះឆ្នោតលើកនេះថា ជាការបោះឆ្នោត​ពោរពេញដោយភាពមិនប្រក្រតីច្រើន លួចសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋគំាទ្របក្សប្រឆាំង ឲ្យទៅគណបក្សប្រជាជន​កម្ពុជា។ ភាពមិនប្រក្រតីនេះហើយ ដែលជាដើមចមធ្វើឲ្យស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដើរ​ដល់ផ្លូវទល់ច្រកគ្មានដំណោះស្រាយនោះ៕

-------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...