ជំហរ​របស់​អាមេរិក​ កំពុង​​ងាក​មក​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​?

គោលជំហររបស់សហរដ្ឋអាមេរិក ចំពោះការជាប់គាំងនយោបាយកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេ​មើលឃើញថា ហាក់ដូចជាផ្តល់តម្លៃកាន់តែខ្ពស់ ដល់រដ្ឋាភិបាលបច្ចុប្បន្ន ហើយឥរិយាបថនេះ ត្រូវបានគេមើលឃើញថា បានផ្ទុយទៅនឹងអ្វីដែលគណបក្សសង្រ្គោះជាតិ ដែលតែងតែអះអាងក្នុងពេលកន្លងមកថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើត​ឡើងដោយខុសច្បាប់ និងមិនមានការទទួលស្គាល់ ពីសហគមអន្តរជាតិនោះទេ ពិសេសគឺសហរដ្ឋអាមេរិកនេះតែម្ដង។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គោលជំហររបស់សហរដ្ឋអាមេរិក ចំពោះការជាប់គាំងនយោបាយកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេ​មើលឃើញថា ហាក់ដូចជាផ្តល់តម្លៃកាន់តែខ្ពស់ ដល់រដ្ឋាភិបាលបច្ចុប្បន្ន ហើយឥរិយាបថនេះ ត្រូវបានគេមើលឃើញថា បានផ្ទុយទៅនឹងអ្វីដែលគណបក្សសង្រ្គោះជាតិ ដែលតែងតែអះអាងក្នុងពេលកន្លងមកថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើត​ឡើងដោយខុសច្បាប់ និងមិនមានការទទួលស្គាល់ ពីសហគមអន្តរជាតិនោះទេ ពិសេសគឺសហរដ្ឋអាមេរិកនេះតែម្ដង។


អគ្គរដ្ឋទូតអាមេរិកលោក វិល្លៀម អ៊ី ថូដ។ (រូបថតស្ថានទូតអាមេរិក)

រាជធានីភ្នំពេញ -  ប្រមុខការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម អ៊ី ថូដ (William E. Todd) បានថ្លែងអះអាង​ពីជំហររបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះ ការអភិវឌ្ឍន៍ទាំងឡាយរបស់កម្ពុជា ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ អ្នកការទូតអាមេរិកដដែលនេះ បន្ថែមថា សហរដ្ឋអាមេរិក និងបណ្តាប្រទេស​លោកសេរីផ្សេងទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាការជំរុញកំណើន​សេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះ អ្នកការទូតអាមេរិកមួយរូបទៀតគឺលោក ស្កត់ ម៉ាសៀល (Scot Marciel) ឯកអគ្គរដ្ឋទូត និងជាឧបការីរង​ដើម​ខ្សែ នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពី ពេល​ថ្មីៗនេះ បានលើកឡើងថា «រដ្ឋាភិបាលអាមេរិក មិនលូកដៃចូលក្នុងកិច្ចការដោះស្រាយ វិបត្តិនយោបាយរបស់​កម្ពុជា​ឡើយ»។ អ្នកការទូតដដែលនេះអះអាងថា សហរដ្ឋអាមេរិក គាំទ្រឆន្ទះប្រជាពលរដ្ឋកម្ពុជា ដោយមិនមាននិន្នាការគាំទ្រ គណបក្សនយោបាយណាមួយនោះទេ ហើយសហរដ្ឋអាមេរិក ចង់ឃើញគណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជន​កម្ពុជា ដោះស្រាយបញ្ហាដែលនៅសេសសល់ ក្រោយការបោះឆ្នោត តាមរយៈគោលការណ៍ សុវត្ថិភាព ស្ថេរភាព វិបុលភាព និង លទិ្ធប្រជាធិបតេយ្យ ពិសេស ការពង្រឹងទំនាក់ទំនងទេ្វភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា ឲ្យមានភាព រឹងមាំ និងយូរ​អង្វែង។

គួរម្លឹកថា រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរ ចោទប្រកាន់ រដ្ឋសភា និងរដ្ឋាភិបាល​ឯកបក្សបច្ចុប្បន្ន ថាបានបង្កើតឡើងតាមរយៈរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយមិនត្រូវបានទទួលស្គាល់ពីសហគម​អន្តរជាតិ​នោះទេ ពិសេសសហគមអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងនោះ នឹងដាក់សម្ពាធលើរដ្ឋសភា និងរដ្ឋាភិបាល​បច្ចុប្បន្ននេះ។

តែការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា កត់សម្គាល់ឃើញ ហាក់ដូចជាកាន់តែអស់តម្លៃ និងមិនមានប្រសិទ្ធិភាពនោះទេ ព្រោះសហរដ្ឋអាមេរិក បើគិតតាំងពីក្រោយការបោះឆ្នោត រហូតមកដល់ពេលនេះ ត្បិតតែមិនបានប្រកាសទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន ដូច​បណ្តាប្រទេសផ្សេងៗទៀតក៏ពិតមែន តែតាមរយៈភាសារកាទូត របស់អ្នកកាទូតអាមេរិកទាំងពីររូបខាងលើ គេអាច​សន្និដ្ឋានបានថា សហរដ្ឋអាមេរិចបានទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន ដោយប្រយោល ទាំងទើសទាល់ រួចទៅហើយ។

ហេតុដូច្នេះ ចង់មិនចង់ ការបន្តតវ៉ាទាមទាររបស់គណបក្សសង្រ្គោះជាតិ ចំពោះភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និងការចោទប្រកាន់ពីភាពមិនស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបានអ្នកតាមដានស្ថានការណ៍​នយោបាយកម្ពុជា សង្កេតឃើញថា កាន់តែអស់តម្លៃ និងការគាំទ្រពីសហគមអន្តរជាតិ ព្រោះប្រទេស និងអង្គការអន្តរជាតិ ភាគច្រើនបានប្រកាសទទួលស្គាល់ និងសហការជាមួយ រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន ជាបន្តបន្ទាប់ ខណៈស្ថាប័ន​ទាំងពីរនេះ អះអាងពីភាពស្របច្បាប់របស់ខ្លួន និងធ្វើដំណើរទៅមុខ ទោះគ្មានការចូលរួមពីគណបក្សប្រឆាំង ដែលមាន​ឈ្មោះថា «គណបក្សសង្គ្រោះជាតិ»ក៏ដោយ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...