ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​ការ​បណ្តេញ​អ្នកសារព័ត៌មាន ​នៅ​ទី​សាធារណៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន របស់ប្រទេសកម្ពុជា បានប្រតិកម្មជាលើកដំបូង ទៅនឹងសកម្មភាព ឬពាក្យសំដី នៃ​មន្រ្តី​ណា​ម្នាក់ ដែលប្រើប្រាស់សិទ្ធិ និងអំណាចរបស់ខ្លួន ហាមឃាត់អ្នក​សារព័ត៌មាន មិនឲ្យយកព័ត៌មាននៅ​ទី​សាធារណៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 15, 2015
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកដំបូងហើយ ដែលរដ្ឋមន្ត្រីមួយរូប ចេញពីគណបក្សកាន់អំណាច បានសម្ដែងប្រតិកម្ម ទៅនឹង​សកម្មភាព ទង្វើ ឬពាក្យសំដីរបស់មន្ត្រីណាម្នាក់ ដែលបានបណ្ដេញអ្នកសារព័ត៌មាន មិនឲ្យធ្វើការងាររបស់​ខ្លួន នៅទីសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បានបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់ មានសិទ្ធិអំណាច ក្នុងការហាមឃាត់អ្នកសារព័ត៌មាន នៅទី​សាធារណៈឡើយ។ ការលើកឡើងនេះ ជាការបាញ់ឆ្ពោះ ដោយមិនចំពោះ សំដៅមន្រ្តីសាធារណៈណា ដែល​ហាមឃាត់អ្នកសារព័ត៌មាន នៅទីសាធារណៈ ដែលអ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការធ្វើការងាររបស់ខ្លួន ដូច​មានចែង នៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន។

លោកបានបញ្ជាក់ថា សូម្បីបរិវេណ ឬទីកន្លែងរដ្ឋសភា ក៏ជាកន្លែងសាធារណៈដែរ ដូច្នេះអ្នកសារព័ត៌មាន មាន​សិទ្ធិក្នុងការសួរ និងយកព័ត៌មានបាន។ ចំណុចត្រង់នេះ ទំនងជាលោករដ្ឋមន្ត្រី ចង់សំដៅទៅលោក ឈាង វុន ដែលធ្លាប់បានបណ្តេញ អ្នកសារព័ត៌មាន ឲ្យចេញពីបរិវេណរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ខណៈ​ពេលអ្នកសារព័ត៌មាន កំពុងធ្វើកិច្ចសម្ភាស ជាមួយតំណាងរាស្រ្ត មកពីគណបក្សប្រឆាំង នៅពេលនោះ។

» សូមអានអត្ថបទលំអិត ដោយចុចនៅលើទីនេះ

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «អ្នកការសែត មានសិទ្ធិចេញចូលកន្លែងណា ដែលជាកន្លែង​សាធារណៈ។ កន្លែងរដ្ឋសភា ជាកន្លែងសាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ។ (...) ការហាមឃាត់នេះ មានការប៉ះពាល់ ដល់សិទ្ធិអ្នកសារព័ត៌មាន។»

បន្ទាប់ពីត្រូវបានលោក ឈាង វុន បណ្តេញចេញពីរដ្ឋសភា នៅមួយថ្ងៃក្រោយមក អ្នកសារព័ត៌មាន ក៏ត្រូវ​បាន​ក្រុមសន្តិសុខ នៃទីស្តីការគណរដ្ឋមន្រ្តី បានបណ្តេញចេញ បរិវេណទីស្តីការ ដោយមិនអនុញ្ញាត ឲ្យយក​កិច្ច​សម្ភាសភ្លាមៗមួយ ជាមួយតំណាងរាស្រ្ត មកពីគណបក្សប្រឆាំង បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល ទាក់ទងនឹងបញ្ហាព្រំដែន ត្រូវបានបញ្ចប់កាល ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នោះដែរ។

» សូមអានអត្ថបទលំអិត ដោយចុចនៅលើទីនេះ

កន្លងមកនេះ សិទ្ធិនៃអ្នកសារព័ត៌មានត្រូវបានរិតត្បិត និងហាមឃាត់ មិនឲ្យយកព័ត៌មាន នៅទីសាធារណៈ​មួយចំនួន តួយ៉ាងដូចជាករណី អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបថត ឬវីដេអូ នៅពេលដែលក្រុម​សន្តិសុខ​ខណ្ឌ​មួយចំនួន មានការប៉ះទង្គិច ជាមួយនឹងក្រុមបាតុករ តាមដងផ្លូវនោះជាដើម។

» សូមអានអត្ថបទដែលពាក់ព័ន្ធ នៅទីនេះទីនេះ និងទីនេះ

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីលោក ឈាង វុន តំណាងរាស្រ្ត មកពីគណបក្ស​ប្រជាជន​កម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ចំពោះការលើកឡើង របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសូងព័ត៌មាន មកពីគណបក្សតែមួយបានទេ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដោយមិនអាចភ្ជាប់ទំនាក់ទំនង​បាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...