ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ ត្រូវអន្តរាយដោយសារព្រីមែលីក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស លោកហ្គាហាម តាយឡរ (Graham Taylor) បាននិយាយថា ភាពរីកចម្រើនខ្លាំងនៃក្របខ័ណ្ឌព្រីមែលីក (Premier League) បានធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេស កាន់តែមានសភាពដុនដាបទៅៗ ហើយនេះដោយសារតែក្រុមទាំងនោះ ដាក់កីឡាករអង់គ្លេសឲ្យលេង មានចំនួនតិចតួចពេក។
លោកហ្គាហាម តាយឡរ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស។
គួររំឮកថាក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ បានធ្លាក់ចេញពីការប្រកួតពានរង្វាន់អ៊ឺរ៉ុប ត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនរវ៊ែ ដោយលទ្ធផល ៣-១ ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៏កន្លងទៅ។
តាមការស្រាវជ្រាវបង្ហាញថា យុវជនអាយុក្រោម២១ឆ្នាំ របស់អង់គ្លេសបានចូលលេងក្នុងក្របខ័ណ្ឌព្រីមែលីក មានចំនួនតិចណាស់ ដែលជាហេតុធ្វើឲ្យសមត្ថភាពរបស់ពួកគេ ពុំមានភាពរីកចម្រើនដល់កំរិតកំពូលនោះទេ។
លោកតាយឡរ បាននិយាយថា «ជាក់ស្តែងក្រុមខ្លាំងៗ នៅលើកំពូលតារាងព្រីមែលីកទាំង៤ ពួកគេមិនបានសម្លឹងមើលត្រឹមតែកីឡាករល្អៗនៅអង់គ្លេសទេ ពោលគឺពួកគេចង់បានតែកីឡាករវ័យក្មេងឆ្នើម របស់ពិភពលោក។ អ្វីដែលខ្ញុំនិយាយនេះ ខ្ញុំសង្ឃឹមថាក្រុមធំៗ នឹងជួយទិញកីឡាករអង់គ្លេសឲ្យបានច្រើន។»
នាយកសហព័ន្ធបាល់ទាត់អង់គ្លេស លោកដេវីដ បឺនស្តែន (David Bernstein) បាននិយាយថា កីឡាករអង់គ្លេសដែលលេងនៅក្នុងលីកកំពូលព្រីមែលីកមានត្រឹមតែ ៣០%ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រទេសអាឡឺម៉ង់ គេមានដល់ទៅ ៥០%។
ក្រុមបាល់ទាត់ក្នុងក្របខ័ណ្ឌព្រីមែលីក មានតែក្រុមណរវ៉ិច (Norwich) មួយទេ ដែលមានចំនួនកីឡាករអង់គ្លេសច្រើនជាងគេ រហូតដល់១៤នាក់ ក្នុងចំណោមកីឡាករក្នុងក្រុមទាំងអស់ ២៧នាក់។
គ្រូបង្វឹកក្រុមណរវ៉ិច លោកគ្រីស ហាក់តុន (Chris Hughton) បាននិយាយថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងមានកីឡាករអង់គ្លេសច្រើន ព្រោះដើម្បីជួយឲ្យក្រុមជម្រើសជាតិឲ្យកាន់មានភាពលេចធ្លោរ។ គោលដៅរបស់យើង យើងចង់នាំយកកីឡាករល្អៗរបស់អង់គ្លេសមកចូលរួមក្រុម។»
ទោះបីជាយ៉ាងណា ក្រុមរបស់លោកហាក់តុន ដែលសម្បូរទៅដោយកីឡាករវ័យក្មេងអង់គ្លេសច្រើននោះ មិនអាចប្រកួតប្រជែងជាមួយក្រុមផ្សេងៗ ដែលទិញកីឡាករល្អៗមកពីក្រៅប្រទេសច្រើននោះទេ ហើយក្រុមរបស់លោកធ្វើបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ១១ប៉ុណ្ណោះក្នុងរដូវកាលនេះ។
លោកបានបន្តថា «វាពិតជាពិបាកខ្លាំងណាស់ ព្រោះតែក្រុមកំពូលខ្លាំងៗទាំងនោះ គេមានលុយច្រើន ហើយបានទិញយកកីឡាករក្មេងៗលំដាប់អន្តរជាតិ ដូច្នេះពួកគេមានជម្រើសល្អ ជាងពួកយើង។ នេះជាសម្ពាតដ៏ធំមួយសម្រាប់ខ្ញុំ ដែលតម្រូវឲ្យដឹកនាំក្រុមឲ្យបានល្អ ហើយមានរយះពេលខ្លីទៀតនោះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ