ជូសេ ម៉ូរីញ៉ូ៖ ចន ថឺរី នៅតែជាប្រធានក្រុមឆែលស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករចន ថឺរី (John Terry) នឹងនៅតែជាប្រធានក្រុម ឆែលស៊ីដដែល ខណៈដែលលោកមានគម្រោងប្រជែងយកពានព្រីមែលីក (Premier League) នៅរដូវកាលថ្មីខាងមុខនេះ។
កីឡាករចន ថឺរី ប្រធានកីឡាករក្រុមឆែលស៊ី។
ថឺរី វ័យ៣២ឆ្នាំ បានធ្វើជាប្រធានក្រុម ហើយបានធ្វើឲ្យក្រុមឆែលស៊ី ឈ្នះពានរង្វាន់ព្រីមែលីកចំនួន២លើក កាលពីលោកម៉ូរីញ៉ូ នៅដឹកនាំលើកដំបូងនាកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge)។
លោកម៉ូរីញ៉ូ បាននិយាយថា «ថឺរី ជាប្រធានក្រុម។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកគាំទ្រក៏មានអារម្មណ៏ដូចខ្ញុំដែរ។»
ការវិលត្រឡប់មកដឹកនាំឆែលស៊ី ជាលើកទី២នេះ លោកម៉ូរីញ៉ូ នឹងពិភាក្សាជាមួយកីឡាករហ្វឺណាន់ដូ តូរែស (Fernando Torres) ឲ្យបានច្បាស់លាស់ពីអនាគតរបស់គាត់។
អតីតគ្រូបង្វឹកក្រុមរៀលម៉ាឌ្រីដ (Real Madrid) កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី ប៉ុន្តែក្នុងនោះគាត់ក៏បានចាប់អារម្មណ៏កីឡាករវ័យ២៧ឆ្នាំ វែន រ៉ូនី (Wayne Rooney) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដែរ ខណៈដែលកីឡាកររូបនេះ ចង់ចាកចេញពីកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford)។
លោកម៉ូរីញ៉ូ បានបន្តថា «ខ្ញុំមិនចង់និយាយពីកីឡាកររបស់ក្រុមគេផ្សេងទេ ប៉ុន្តែមិនមែនថាខ្ញុំមិនពេញចិត្តគាត់នោះទេ។ ខ្ញុំគិតថា អាយុរបស់គាត់ (រ៉ូនី) នៅក្មេងដែរ និងមានបទពិសោធន៏ច្រើនទៀតផង។ ខ្ញុំមិនដឹងថា ក្រុមណាមួយទេ ដែលធ្វើឲ្យគាត់សប្បាយចិត្ត ។ ខ្ញុំចូលចិត្តគាត់ ហើយខ្ញុំសូមជូនពរគាត់ ឲ្យរកក្រុមដែលគាត់ពេញចិត្ត និងរីករាយបាន។»
លោកម៉ូរីញ៉ូ បានទាក់ទងនឹងខ្សែប្រយុទ្ធក្រុមណាប៉ូលី (Napoli) អេឌីសិន កាវ៉ានី (Edinson Cavani) និងកីឡាករហ៊ុក (Hulk) របស់ក្រុមស្ស៊ីនីត ផិតថឺស្បឺក (Zenit St Petersburg) ប៉ុន្តែគាត់ក៏មានគម្រោងពិភាក្សាពីអនាគត របស់ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែសដែរ។
គ្រូបង្វឹកវ័យ ៥០ឆ្នាំបានបន្តថា «តូរែស ជាកីឡាករម្នាក់ដែលខ្ញុំ មិនទាន់បាននិយាយជាមួយគាត់នៅឡើយទេ ហើយខ្ញុំក៏មិនទាក់ទងគេដែរ នៅពេលដែលពួកគេកំពុងតែរវល់នោះ។ ខ្ញុំនឹងរងចាំរហូតដល់ការប្រកួតខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup) ចប់សិន ហើយបន្ទាប់មក ខ្ញុំនឹងជជែកជាមួយគាត់។»
បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមថា «គាត់ (តូរែស) ជាកីឡាករឆែលស៊ី ហើយនៅមានកិច្ចសន្យាវែងឆ្ងាយទៀត។ គាត់នឹងរីករាយនៅទីនេះ ដោយចង់ឲ្យខ្ញុំផ្តល់ឱកាស និងជឿជាក់លើគាត់។ ដូច្នេះយើងនឹងពិភាក្សាគ្នា រកជម្រើសដែលល្អបំផុតទាំងអស់គ្នា។ បើអ្វីៗយើងនៅល្អប្រសើរ តូរែសនឹងនៅបន្ត ហើយខ្ញុំនឹងជួយគាត់ឲ្យអស់លទ្ធភាព ដើម្បីឲ្យគាត់ស្វែងរកទម្រង់ដ៏ឥតខ្ចោះរបស់គាត់មកវិញ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ