យុវជន និងការចូលរួមទប់ស្កាត់«អំពើពុករលួយ»​នៅកម្ពុជា

យុវជន យុវនារី ដែលជាសិស្ស និស្សិត និងអ្នកបំរើការងារតាមក្រសួងស្ថាប័នរដ្ឋ និងឯកជននានា មកពីដប់ប្រាំបីចេត្ត-ក្រុង ប្រមាណជាង៦០០០នាក់ បានចូលរួមក្នុង«វេទិការយុវជនដើម្បីតម្លាភាព» នៅសាលមហោស្របចតុមុខ រាជធានីភ្នំពេញ។ វេទិកាយុវជននេះ បានរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជានាព្រឹកថ្ងៃទី១១ ឧសភា នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ យុវជន យុវនារី ដែលជាសិស្ស និស្សិត និងអ្នកបំរើការងារតាមក្រសួងស្ថាប័នរដ្ឋ និងឯកជននានា មកពីដប់ប្រាំបី​ខេត្ត-ក្រុង ប្រមាណជាង៦០០០នាក់ បានចូលរួមក្នុង«វេទិការយុវជនដើម្បីតម្លាភាព» នៅសាលមហោស្របចតុមុខ រាជធានី​ភ្នំពេញ។ វេទិកាយុវជននេះ បានរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជានាព្រឹកថ្ងៃទី១១ ឧសភា នេះ។

វេទិការយុវជនដើម្បីតម្លាភាព នេះគោលបំណងឲ្យយុវជន យុវនារីទាំងអស់ បានយល់ដឹងអំពីផលប៉ះពាល់ដែលបាន​កើត​មានឡើងតាមរយៈ«អំពើពុករលួយ»។ ការបញ្ជ្រាបការ យល់ដឹងពី«បញ្ហា មូលហេតុ និងផលប៉ះពាល់» នៃអំពើ​ពុករលួយ ទៅដល់យុវជន យុវនារីទាំងអស់ ក្នុងគោលដៅលើកំពស់«ការរស់នៅ» របស់ពួកគាត់ឲ្យស្ថិតលើ «សុច្ចរិតភាព» ដើម្បី​ចូលរួមក្នុងការ កសាងសង្គមប្រកបដោយសមធម៌ និងគណនេយ្យភាព។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលោកឡើងថា បច្ចុប្បន្ននេះយុវជនដែលមាន​អាយុ៣៥ឆ្នាំ​ចុះក្រោម មានចំនួន៦០ភាគរយ នៃប្រជាជនទូទាំងប្រទេស ដែលជាចំនួនមួយដ៏ច្រើន។ លោកបន្តថា គោលបំណង​សំខាន់ចង់ឲ្យយុវជនកម្ពុជាទាំងអស់ ត្រូវបានលើកទឹកចិត្ត ឲ្យមានការសម្រេចនូវ«ជោគវាសនាអនាគតដោយខ្លួនឯង» ដើម្បីជម្រុញឲ្យមានការ«ផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងសហគមន៍របស់ពួកគេ។ ទាមទារឲ្យយុវជនបានយល់​ដឹងពីតួនាទី​របស់ខ្លួនក្នុងសង្គមថាតើយុវជនអាចធ្វើអ្វីបាន?

លោកបន្ថែមថា«ការបំបាត់អំពើពុករលួយក្នុងសង្គមមួយ បាននិងមានប្រសិទ្ធិភាព ត្រូវការនូវការចូលរួមពីគ្រប់ភាគី​ពាក់​ព័ន្ធទាំងអស់។ ការបំបាត់ ឬការកាត់បន្ថយនូវអំពើពុករលួយទាំងនេះអាចធ្វើទៅបានរមែង មានការចូលរួមពីប្រជាពលរដ្ឋ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចាប់ពីថ្នាក់លើរហូតដល់ថា្នក់ក្រោម។ (…) ការចូលរួមរបស់យុវជន ពិតជាធ្វើឲ្យសង្គមមួយមាន​ភាពស្អាតស្អំ និងជា ឱកាសមួយក្នុងការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ ជាមួយយុវជននៅទូទាំងពិភពលោក។»

យុវជន ឈួ កែវហ៊ានធាន រៀនថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធម៉ុក និងជាតំណាងក្រុមយុវជន បានបង្ហាញនូវភាព​មោទនៈថា ជាលើកដំបូងដែលប្អូនបានចូលរូម ក្នុងនាមជាយុវជននេះ។ ប្អូនបន្តរថា ទិដ្ឋភាពទូទៅនៃអំពើពុករលួយ ប្អូន​មិនដែលបានឃើញ និងជួបប្រទះនោះទេ «តែថ្ងៃនេះ វាគ្មិនបានបង្ហាញឲ្យដឹងនូវបញ្ហានានាជុំវិញ អំពើពុករលួយនេះ ទាំង​ក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស»។ ក្នុងនាមប្អូនជាយុវជន នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយផ្សព្វផ្សាយ ពីផលប៉ះពាល់​នានា​ទៅដល់អ្នកជាទីស្រលាញ់ ដូចជា យាយតា ប៉ាម៉ាក់ បងប្អូនជាដើម និងសម្រាប់បង្ហាញដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បី​រៀនសូត្រតាម។ «ប្រទេសដែលគ្មានអំពើពុករលួយ មានការជឿនលឿន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច»។

ចំណែកយុវតីមកពីវិទ្យាល័យសន្ធម៉ុក ស៊ីន ស៊ីណា បានបញ្ជាក់ថា វេទិការនេះជាសារមួយ​សម្រាប់ប្រាប់ដល់យុវជន​ទាំងអស់ ឲ្យយល់ដឹងថា អ្វីជាអំពើពុករលួយ ហើយអំពើពុករលួយវាស្តែងចេញយ៉ាងដូចម្តេច?។ យុវតីរូបនេះបន្តថា ក្នុង នាមប្អូនជាយុវជន ប្អូននឹងចូលរួមក្នុងការជួយផ្សព្វផ្សាយ ពី«គុណវិប្បត្តិ និងផលប៉ះពាល់នានា» ដើម្បីកាត់បន្ថយ​នូវ​អំពើ​ពុករលួយនៅកម្ពុជា។ ប្អូនស្រីនឹងបង្កើតជាពាក្យស្លោកនានា បង្ហាញថាអ្វីខ្លះជាអំពើពុករលួយ? ហើយធ្វើការផ្សព្វផ្សាយ​តាមទំព័រហ្វេសប៊ូក(Facebook) ដើម្បីឲ្យពួកគាត់ជៀសឆ្ងាយពីបញ្ហាទាំងនេះ។ «យុវជនទាំងអស់ នឹងចូលរួមអភិវឌ្ឍន៍​ប្រទេស ដើម្បីកម្ពុជាគ្មានអំពើពុករលួយ»។

ឯយុវជន ហង់ ដារិទ្ធ មកពីវិទ្យាល័យ ជាស៊ីមសន្ធរម៉ុកដែរនោះ បានបង្ហាញនូវភាពរីករាយ ដែលបានចូលរួមក្នុងនាម ជា យុវជន ដើម្បីទទួលបាននូវចំណេះដឹង ស្តីពីផលវិបាកនៃអំពើពុករលួយនេះ។ ប្អូនប្រុសបន្តរថា ក្រោយពីទទួលបាននូវ ការយល់ដឹងពី មូលហេតុ និងផលប៉ះពាល់ របស់វា ប្អូននឹងចូលរួមប្រយុទ្ធប្រឆាំងតាមរយៈការចូលរួមនានា ដោយមាន ពាក្យស្លោកពាក់ពន្ធ័នឹងការ ការប្រឆាំងទាំង​នោះផងដែរ។

ឯនាយកប្រតិបត្តិអង្គ ការតម្លាភាពអន្តរជាតិនៃប្រទេសបង់ក្លាដេស និងជាសមាជិកនៃនាយកក្រុមប្រឹក្សាភិបាលអន្តរជាតិ នៃអង្គការតម្លាភាពអន្តរជាតិ លោក អ៊ីហ្វតិខា ហ្សាមែន (Iftekhar Zaman) បានចាប់អារម្មណ៍ថា តាមបទពិសោធន៍ និងភាពជោគជ័យនៅក្នុងបណ្តាប្រទេសមួយចំនួន រាល់ការប្រមូលផ្ដុំប្រជាពលរដ្ឋ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរសង្គម ជាញឹកញាប់តែងតែជួយដល់ការពិចារណា និងឆ្លុះបញ្ចាំងពីប្រទេសយើងផ្ទាល់។ «តើមាននរណាអាចធ្វើវាបានល្អ ប្រសើរជាងយុវជនទៀតនោះ ដែលពួកគេមិនត្រឹមតែជាអនាគតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាចលករ នៃការផ្លាស់ប្ដូរដ៏អស្ចារ្យផងដែរ នាពេលបច្ចុប្បន្ននេះ»។

សូមរម្លឹកថា អង្គការតម្លាភាពកម្ពុជានេះកាលពីថ្ងៃទី  ៥ធ្នូ ២០១២ បានបង្ហាញថាប្រទេសចំនួន១៧៦ ដែលកើតមាន​អំពើ​ពុករលួយនោះប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥៧។ហើយក្នុងឆ្នាំ២០១១ អង្គការតម្លាភាពអន្តរជាតិ ក៍បាន​ចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងរឿងពុករលួយនៅលេខរៀងទី១៦៤ ក្នុងចំណោម១៨៣ប្រទេស ដែលចាត់ទុកជា​ប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ  និងមានលក្ខណៈជាប្រព័ន្ធ៕

សូមទស្សនារូបថត ខាងក្រោមដូចតទៅ៖

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...