ហូរ វ៉ាន់ ស្នើឲ្យមន្ទីររៀបចំដែនដីរាជធានី ពិនិត្យប្លង់មន្ទីរពេទ្យក្រុងឡើងវិញ
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 16, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី បានចេញប្លង់ថ្មី ឲ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលគេធ្លាប់ស្គាល់ថាជាសម្ភពក្រុង ដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ប៉ុន្តែប្លង់មន្ទីរពេទ្យថ្មី ត្រូវបានបុគ្គលិកនៃមន្ទីរពេទ្យនេះ បដិសេធមិនព្រមទទួលយក មកប្រើប្រាស់នោះទេ។ បុគ្គលិកនៃមន្ទីរពេទ្យនេះ បានធ្វើការបដិសេធព្រមៗគ្នាថា ប្លង់ថ្មីដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម បានចេញឲ្យថ្មីនោះ បានលេបត្របាក់យកអាគាខាងមុខនៃមន្ទីរពេទ្យទាំងស្រុង ដោយនៅក្នុងប្លង់នេះ មាននៅសល់តែអាគារផ្នែកខាងក្រោយ។
លោក ហូរ វ៉ាន់ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានទទួលញត្តិ ពីក្រុមបុគ្គលិកនៃមន្ទីរពេទ្យមួយនេះ កាលពីល្ងាចម៉ោង ៥:០០ថ្ងៃទី ០៧ កុម្ភៈនេះ ដែលពួកគេបានប្តឹង ទៅគណៈកម្មកាទី ១០ នៃរដ្ឋសភា មិនព្រមទទួលយកប្លង់ថ្មីនេះ និងបានស្នើឲ្យជួយបំភ្លឺ គម្រោងប្លង់មន្ទីរពេទ្យទាំងមូលផងដែរ។ លោកថា លោកសុំស្នើ ឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី ពិនិត្យប្លង់មន្ទីរពេទ្យនេះឡើងវិញ ព្រោះតាមការពិនិត្យរបស់លោក បានឃើញថា បន្ទាប់ពីមន្ទីរបានចេញប្លង់ថ្មីនេះមានភាពមិនប្រក្រតីពីរយ៉ាង៖
- ភាពមិនប្រក្រតីទី០១ លោកថា មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី បានចេញសេចក្តីប្រកាសប្លង់មន្ទីរពេទ្យនេះ តាំងពីថ្ងៃទី ០៨ ខែមករាឆ្នាំ ២០១៥ មកម្លេះ ប៉ុន្តែបុគ្គលិកនៅមន្ទីរពទ្យនេះ ទើបតែដឹង និងបានឃើញសេចក្តីប្រកាស នៅថ្ងៃទី ០៦ ខែកុម្ភៈនេះ ប៉ុណ្ណោះ។
- ភាពមិនប្រក្រតីទី០២ លោកថា ប្លង់ថ្មីមានតែគំនូសផ្នែកខាងក្រោយនៃមន្ទីរពេទ្យ ហើយផ្នែកខាងមុខដែលជាប់នឹងផ្លូវ ១៦៩ បានបាត់មិនមាននៅក្នុងប្លង់ទៅវិញ។
លោកបន្ថែមថា ភាពប្រក្រតីទាំងពីរនេះហើយ ដែលធ្វើឲ្យបុគ្គលិកមន្ទីរពេទ្យមិនសុខចិត្តទទួលយក ដោយសង្ស័យថា មានឧបាយកលអ្វីជាមិនខាន ព្រោះសេចក្តីប្រកាសនេះមិនធ្វើជាសាធារណៈ ហើយទើបតែបិទប្រកាស ជូននៅមន្ទីរពេទ្យ នាថ្ងៃចុងបញ្ចប់ទៅហើយនោះ។
គួបញ្ជាក់ថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅផ្នែកខាងមុខដែលមិនមាននៅក្នុងប្លង់ថ្មីនោះ គឺមានប្រមាណជាង ១០ល្វែង រាប់បញ្ចូលទាំងមន្ទីរពេទ្យ ៧មករាផងដែរ។
តាមការបញ្ជាក់របស់អ្នកស្រីបុគ្គលិកពេទ្យម្នាក់ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការបិទសេចក្តីប្រកាសនេះ ជាការលួចបិទមិនឲ្យបុគ្គលិកដឹងទាន់ពេល ព្រោះគេបិទនៅម៉ោង ៥:៣០ ល្ងាចនៅថ្ងៃទី ០៥ ខែកុម្ភៈ ដូច្នេះមិនមានបុគ្គលិកណាម្នាក់ដឹងលឺនោះទេ។ អ្នកស្រីបន្តថា អ្នកស្រីមានការព្រួយបារម្ភណាស់ នៅពេលដែលបាត់អាគារមន្ទីរពេទ្យខាងមុខដូច្នេះ ព្រោះមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យតែងតែជួយប្រជាជន ហើយពួកគេជឿជាក់មន្ទីរពេទ្យនេះណាស់។ បើលក់មន្ទីរពេទ្យនេះហើយ មានអ្វីរីកចំរើនទៀតនោះទេ។
ស្ត្រីពេទ្យរូបនេះ បានបញ្ជាក់ទៀតថា កាលពីប្រជុំលើកមុន គេបានបង្ខំឲ្យបុគ្គលិក ដែលនៅធ្វើការនៅអាគារខាងមុខ រើអីវ៉ានចេញ ប៉ុន្តែដោយបុគ្គលិកមិនព្រម ក៍ចេះបន្តមកព្យាបាលរហូតដល់ថ្ងៃ ដែលគេចេញប្លង់ថ្មីនេះ។
មិនអាចទាក់ទងមន្ត្រីទទួលខុសត្រូវ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី បានភ្លាមៗ ដើម្បីសុំការបកស្រាយបានទេ នៅពេលនេះ៕