យុវតី​ខ្មែរ​បី​រូប ទទួល​ជ័យ​លាភី​«គ្មាន​ហិង្សា​លើ​ស្រ្តី»​តាម​រយៈ​ទូរស័ព្ទ​ចល័ត (vdo)

ជ័យលាភី VXW ដែលជ្រើសរើសដោយអ្នកឯកទេស ក្នុងវិស័យប្រឆាំងហិង្សាលើស្រ្តី នៅកម្ពុជា ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​យុវតី​ចំនួន​បី​រូប ដែលបានខិតខំរិះរកដំណោះស្រាយថ្មីៗ ចំពោះការបញ្ចប់អំពើហិង្សាលើស្រ្តី តាម​រយៈ​បច្ចេកវិទ្យា នៃ​ទូរស័ព្ទ​ចល័ត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 16, 2015
  • ប្រធានបទ: ប្រឆាំងហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជ័យលាភី VXWAward ដែលត្រូវបានបង្កើតឡើងដោយមូលនិធិអាស៊ីប្រចាំកម្ពុជា សហការជាមួយ​ក្រុម​ហ៊ុន​បរទេសចំនួនបី ក្រោមជំនួយឧបត្ថម្ភពីចក្រភពងង់គ្លេស ត្រូវបានប្រគល់ទៅឲ្យយុវតីខ្មែរបីរូប ដោយហេតុថា ពួកនាងៗទាំងបី បានផ្តល់ភាពអង់អាច ក្លាហានដល់សកម្មជន ក្នុងការផ្លាស់ប្តូរនិន្នាការ ការបំពាន ការការពារ វិធានការទប់ស្កាត់ និងការជួយសម្រាល លើអំពើហិង្សាលើស្រ្តីសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក។ VXWAward មានន័យថា ជាជ័យលាភី «បញ្ចប់អំពើហិង្សាប្រឆាំងនឹងស្រ្តីនៅកម្ពុជា តាមរយៈការបង្កើតថ្មី នៃ​បច្ចេកវិទ្យាទូរស័ព្ទចល័ត ជាដំណោះស្រាយ។»

ខាងក្រោមនេះ ជាឈ្មោះ និងសកម្មភាពរបស់យុវតីទាំងបីនាក់៖

- កញ្ញា ស៊ុំ ដានី បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ មកពីសកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជា​អ្នក​សកម្មក្នុងការលើកស្ទួយសហគមន៍ និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅថ្នាក់មូលដ្ឋាន។ កញ្ញា ដានី ជា​បុគ្គលិក​នៃអង្គការសីលការក្នុងពេលបច្ចុប្បន្ននេះ បានលើកឡើងថា ក្រោយពេលដែលបានជួប នូវបញ្ហា​ហិង្សា​លើស្រ្តីច្រើន នាងក៏បានចាប់ផ្តើមធ្វើការ ជាមួយនឹងបណ្តាញសិទ្ធិស្រ្តីនានា ដើម្បីកំណត់​ដំណោះ​ស្រាយ ក្នុងការបញ្ចប់អំពើហិង្សាលើស្រ្តី តាមរយៈការបង្កើតប្លក់ (blogger) ក្នុងការផ្តល់ការយល់ដឹង ជម្រុញ​ឲ្យមានភាពក្លាហាន ដល់ស្រ្តីវ័យក្មេង និងការផ្លាស់ប្តូរអកប្បកិរិយាអវិជ្ជមាន ជំវិញតួនាទីស្រ្តី។

- កញ្ញា ផាត់ ស្រីទូច សមាជិកគណកម្មការ នៃសមាគមសាមគ្គីនៃអ្នកលក់ស្រាបៀរ ដែលបាន​បង្កើតក្នុង​ឆ្នាំ​១០០៨។ កញ្ញា បានជម្រុញឲ្យមានសិទ្ធិមនុស្ស សុខភាព និងសេចក្តីថ្លៃថ្នូរ នៃស្រ្តីលក់ស្រាបៀរនៅ​ទី​សាធារណៈ និងកន្លែងធ្វើការជាដើម។ ជាមួយនឹងអតីតភាព ជាអ្នកក់ស្រាបៀរដែរនោះ កញ្ញាបានផ្តល់ នូវ​ភាពអង់អាចក្លាហាន ដល់ស្រ្តីលក់ស្រាបៀរ ឲ្យហ៊ានធ្វើការតស៊ូមតិ ដើម្បីសិទ្ធិ សុវត្តិភាព សន្តិសុខ របស់​ពួក​គេក្នុងនិងក្រោយម៉ោងធ្វើការជាដើម។

- ជាមន្រ្តីអង្គការអេកស៊ិនអេដ (ActionAid) កញ្ញា បុណ្យ រចនា បាននឹងកំពុងធ្វើការពាក់ព័ន្ធជាមួយសហគមន៍ សហជីព អង្គការសង្គមស៊ីវិល មន្រ្តីរាជការជាដើម។ រចនា បានកំពុងធ្វើការផ្នែកការពារសិទ្ធិមនុស្ស នៃ​ការិយាល័យ​ឧត្តមស្នងការ ទទួលសិទ្ធិមនុស្សនៅកម្ពុជា។ កញ្ញា បានធ្វើការជាមួយសហគមន៍ក្រីក្រ ផ្នែកដីធ្លី និងធនធានធម្មជាតិ នៅតាមបណ្តាខេត្តចំនួនប្រាំ នៃប្រទេសកម្ពុជា។ កញ្ញា បានបើកយុទ្ធនាការ «ទីក្រុង​មាន​សុវត្តិភាព» ក្នុងការផ្តល់ការយល់ដឹង និងសុវត្តិភាព សម្រាប់ស្រ្តីនៅទីប្រជុំជន។ ហើយកញ្ញាក៏ជាអ្នក​សរសេរ​ប្លុក (blogger) មួយរូបយ៉ាងចំណាន ស្តីពីបញ្ហាសង្គម និងស្រ្តីនៅកម្ពុជាផងដែរ។

ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ក្នុងទូរស័ព្ទ ដើម្បីធ្វើការផ្លាស់ប្តូរអាកប្បកិរិយា លើកកំពស់សមត្ថភាព និងកិច្ចការដ៏ត្រឹមត្រូវរបស់ពួកគេ ត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្លែងគាំទ្រយ៉ាង​មុតមាំ។ ថ្លែងក្នុងកម្មវិធីប្រគល់ជ័យលាភី VXWAward កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ លោកស្រីរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការលប់បំបាត់ការរើសអើងលើស្រ្តី និងកុមារ ជាការលើកកំពស់ភាពស្អិតរមួត​ឡើងវិញនៃ​ទំនាក់​ទំនង​ភាគី រក្សាវប្បធម៌ល្អរបស់កម្ពុជា និងលើកកំពស់សុជីវធម៌នៃសង្គមកម្ពុជាផងដែរ។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបន្ថែមថា «ក្នុងក្រសួងកិច្ចការនារីក៏បានបង្កើតនូវបណ្តាញក្រុមយុវជនមួយ ដោយប្រើប្រាស់នូវបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីផ្លាស់ប្តូរឥរិយាបទ ដើម្បីលើកកំពស់យ៉ែនឌឺ។ (...) គ្មាន​ការបង្ហោះនូវរូបភាពដែលបង្ហាញភាពរើសអើងលើស្រ្តី និងកុមារ បង្ហាញនូវសមធម៌សង្គមក្នុងបណ្តាញ​ហ្វេសប៊ុក។ (...) តាមច្ចេកវិទ្យាថ្មីៗ ពិងជាបង្ហាញ និងលើកកំពស់ការយល់ដឹងរបស់សាធារណៈជន ពិសេស​បុរស និងស្រីវ័យក្មេងត្រូវរក្សាទំនាក់ទំនងល្អ និងសុវត្តិភាព។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...