ផែនការ​ជាតិ​ទប់​ស្កាត់​ហិង្សា​លើ​ស្ត្រី ឆ្នាំ​២០១៤-​២០១៨ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​

នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៥នេះ ក្រសួងកិច្ចការនារីបានប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ ២០១៤-២០១៨ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 10, 2015
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ផែនការ​សកម្ម​ភាព​ជាតិ ស្តី​ពី​ការ​ទប់​ស្កាត់ អំពើ​ហិង្សា​លើ​ស្ត្រី ឆ្នាំ ២០១៤-​២០១៨ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី បាន​ថ្លែង​ថា ផែន​ការ​សកម្មភាព​ជាតិ ស្តី​ពី​ការ​ទប់​ស្កាត់ អំពើ​ហិង្សា​លើ​ស្ត្រី ត្រូវ​បាន​បង្កើត​ឡើង ដោយ​ផ្អែក​តាម​វិស័យ​ជា​យុទ្ធសាស្រ្ត នៃ​កិច្ច​ការពារ​តាម​ផ្លូវ​ច្បាប់​សម្រាប់​ស្រ្តី និង​ក្មេង​ស្រី ក្នុង​គោល​បំណង​ធានា​ឱ្យ​ស្រ្តី និង​ក្មេង​ស្រី​ទទួល​បាន​នូវ​កិច្ច​ការពារ តាម​ផ្លូវ​ច្បាប់​ដោយ​ស្មើ​ភាព តាម​រយៈ​ការ​បញ្ចូល​សិទ្ធ​ស្រ្តី ទៅ​ក្នុង​ដំណើរ​ការ​រៀបចំ​តាក់​តែង និង​អនុវត្ត​ច្បាប់ និង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដល់​ជន​រង​គ្រោះ ដោយ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​ផ្លូវ និង​អំពើ​ជួញដូរ​មនុស្ស។

លោកស្រីបន្តថា ផែនការសកម្មភាពជាតិនេះ តម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និត រវាងបណ្តាក្រសួងស្ថាប័ន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន ក្រុមយុវជន ស្រ្តី និងបុរស កុមារា កុមារី រួមទាំងក្រុមសាសនាផ្សេងៗ ដើម្បី​ពន្លឿនកិច្ចអន្តរាគមន៍ រួមទាំងការផ្តល់សេវាកម្មសង្គម និងផ្លូវច្បាប់ដែលជាការទទួលខុសត្រូវរួមគ្នា ក្នុង​ការ​រួមចំណែកកាត់បន្ថយ និងឆ្លើយតប ចំពោះអំពើហិង្សាលើស្រ្តីប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។

លោកស្រី ក្លែរ៍វ៉ាន់ឌើវ៉ារិន (Claire van der Vaeren) តំណាងការិយាល័យអង្គការសហប្រជាជាតិ ប្រចាំប្រទេស​កម្ពុជា បានបញ្ជាក់ដែរថា នៅពេលដែលស្រ្តី និងក្មេងស្រីជួបប្រទះអំពើហិង្សា មិនថានៅក្នុងផ្ទះ កន្លែងធ្វើការ ឬសហគមន៍នោះទេ វាធ្វើឱ្យប៉ះពាល់ដល់គ្រប់ទិដ្ឋភាពទាំងអស់ នៃជីវិតរបស់ពួកគេ ដូចជាសុខភាព សុវត្តិភាព យុត្តិធម៌ និងជីវភាពរស់នៅរបស់ពួកគេជាដើម។ លោកស្រីបន្ថែមថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះផែនការ​សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ទី២នេះ ដែលជាផែនការគ្រប់ជ្រុយជ្រោយមួយ ដាក់ចេញ​នូវអភិក្រមរួម សម្រាប់ដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តី នៅក្នុងប្រទេសកម្ពុជា»។

ទាក់ទងនឹងបញ្ហានេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានថ្លែងថាផែនការ​សកម្មភាព​ជាតិថ្មីនេះ គឺជាភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នជាតិ ដែលមានសមត្ថកិច្ច ហើយ​សម្រាប់ប្រទេសកម្ពុជា ផែនការសកម្មភាពជាតិនេះតម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការ និងការ​ជួយ​ឧបត្ថម្ភ​ពី​សហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័ន និងប្រជាពលរដ្ឋ។

លោកស ខេង បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៦ចំណុចទៀត ដើម្បីលុបបំបាត់ ទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងការពារជនរងគ្រោះ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅសម្រេចឱ្យបាន នូវគោលដៅ​អភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជា។ អនុសាសន៍គន្លឹះចំនួន ៦ចំណុចនោះ រួមមាន៖

១. ត្រូវបន្តបង្កើន​ស្វែង​រក​ការគាំទ្រមតិ និងខិតខំប្រឹងប្រែង លើកកម្ពស់ការយល់ដឹង ដើម្បីឲ្យមានការផ្លាស់ប្តូរ ឥរិយាបទសង្គម ដែលរើសអើងលើស្ត្រី កុមារី និងជនងាយរងគ្រោះ។
២. បន្តលើកកម្ពស់ ការសិក្សាស្រាវជ្រាវ អំពីចំណេះដឹង អាកប្បកិរិយា និងការអនុវត្តជាក់ស្តែង ទាក់ទងនឹងអំពើ​ហិង្សា លើស្ត្រី និងកុមារី ដើម្បីស្វែងយល់ អំពីឫសគល់នៃបញ្ហា និងគាំទ្រកិច្ចខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យមាន​ការផ្លាស់ប្តូរ ក្នុងសង្គម។
៣. ពង្រឹងវិធានការផ្លូវច្បាប់ គោលនយោបាយ កម្មវិធីយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងបរិយាកាស​សង្គម និងមានលក្ខណៈសមស្រប ទៅនឹងតម្រូវការរបស់ស្ត្រី និងកុមារី ដែលជាក្រុមងាយរងគ្រោះ។
៤. ខិតខំអនុវត្តយុទ្ធសាស្ត្រ ទប់ស្កាត់ ដោយមានការចូលរួមពី គ្រប់វិស័យពាក់ព័ន្ធ និងផ្តោតការយកចិត្តទុកដាក់ លើគោលដៅសំខាន់ៗ ព្រមទាំងពង្រឹងការងារផ្សព្វផ្សាយ អប់រំ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ នូវអាកប្បកិរិយា ជំនឿ និងផ្នត់គំនិតសង្គម សំដៅលើកទឹកចិត្ត ផ្តល់ភាពអង់អាចដល់ស្ត្រី និងលើកកម្ពស់ ការយល់ដឹង ក្នុង​ការ​ទប់​ស្កាត់ អំពើហិង្សាលើស្ត្រី និងកុមារី ជាពិសេសស្ត្រីជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះ។
៥. ត្រូវរៀបចំជាស្តង់ដារ អប្បរិមានៃសេវាសង្គមផ្សេងៗ ដើម្បីបំពេញបន្ថែមនូវ យន្តការដែលមានស្រាប់ ធ្វើយ៉ាង​ណាបង្កលក្ខណៈងាយស្រួល ដល់ស្ត្រី និងកុមារី រងគ្រោះទទួលបានសេវា ប្រកបដោយប្រសិទ្ធភាព។
៦. បន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីអនុវត្តការងារ ដោយផ្អែកលើច្បាប់ និងគោលនយោបាយ ដោយរាប់បញ្ចូល ទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារី នៅថ្នាក់​ឃុំ-សង្កាត់ មន្ត្រីនគរបាល មានសមត្ថកិច្ច សេវាសុខភាព វេជ្ជបណ្ឌិត តុលាការ ព្រះរាជអាជ្ញា ភ្នាក់ងារ​នគរបាល​យុត្តិធម៌ នៃក្រសួងកិច្ចការនារី អ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធដទៃទៀត។៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...