​រំលោភ​រួច​បាញ់​ពីរ​គ្រាប់ មុន​នឹង​គ្រវាត់​ចោល​​​ទៅ​ក្នុង​អណ្ដូង

យុវតីជំទង់ជាតិឥណ្ឌា អាយុ១៤នាក់មួយរូប ដែលត្រូវបានចាប់ពង្រត់ ដោយជន​គ្មានធម៌​មេត្តា​មួយ​ក្រុម បាន​ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ពីអ្វីដែលនាងបានរងគ្រោះ ពីការចាប់ពង្រត់នោះ រួម​មានការចាប់រំលោភ បន្ទាប់​មកបាញ់​ពីរគ្រាប់ ក្នុង​បំណង​សម្លាប់ មុននឹងយក​ទៅ​បោះ​ចោល នៅក្នុង​អណ្ដូង​ទឹក​។ ការរៀបរាប់ ដែលបានបង្ក ឲ្យមាន​ការ​ខឹង​សម្បា​ជា​ថ្មី ពីសំណាក់​បណ្ដាជន​ឥណ្ឌា។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មករា ២០១៦
  • កែប្រែចុងក្រោយ: January 14, 2016
  • ប្រធានបទ: សេពសន្ធវៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ចាប់រំលោភ ដ៏ឃោឃៅបានកើតជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា។ យុវតីជំទង់មួយរូប ដែល​រង​នូវការចាប់ពង្រត់ ពីសំណាក់ជនឃោឃៅមួយក្រុម អស់រយៈពេល២សប្ដាហ៍នោះ បានរៀបរាប់ ពីសភាព​រង​គ្រោះ​របស់នាង នៅតាមកញ្ចក់ទូរទស្សន៍ អះអាងថារូបនាង ត្រូវបានចាប់រំលោភ ជាច្រើនដង និងរងនូវការ​បាញ់​ឲ្យរបួស មុននឹងត្រូវបានបោះចូល ទៅក្នុងអណ្ដូងទឹកមួយ នៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានី ញ៉ូដេល្លី (New Delhi)។

យុវតីរងគ្រោះ ដែលមានអាយុទើបតែ១៤ឆ្នាំ បានផ្ដល់កិច្ចសម្ភាស ទៅឲ្យទូរទស្សន៍ «NDTV» ដោយមិន​បញ្ចេញ​អត្តសញ្ញាណ ថានាងតូចត្រូវបានចាប់ពង្រត់ នៅថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ នៅខណៈនាងដើរ​ទៅ​ផ្សារ ភាគខាងលិចនៃរដ្ឋធានី។ នាងត្រូវបានក្រុមជនទាំនោះ យកទៅដាក់ឃុំ នៅក្នុងបន្ទប់ងងឹតមួយ អស់​រយៈពេល២សប្ដាហ៍ ដើម្បីទុកធ្វើជា«ចំណីតណ្ហា» ជាច្រើនដងរបស់ពួកគេ ដែលមានសមាជិក៣នាក់។

នាងបានថ្លែងឡើងថា៖ «បន្ទាប់ពីពួកគេបានរំលោភខ្ញុំ ជាច្រើនដងក្នុងរយៈពេល១៥ថ្ងៃហើយនោះ ពួកគេ​បាន​និយាយប្រាប់ខ្ញុំ នៅយប់មួយថា ពួកគេយល់ព្រមដោះលែងខ្ញុំ។ ពួកគេបានរុញខ្ញុំ ចូលក្នុងរថយន្ដ ហើយ​បានបើកចេញទៅ រហូតដល់មុខហាងមួយ ដែលមានលក់ស្រា ទើបពួកគេ បានចូលទៅចតរថយន្ដ នៅក្បែរ​នោះ ដែលមានអណ្ដូងមួយ។»

«ពួកគេនិយាយថា ពួកគេនឹងឲ្យខ្ញុំរួចខ្លួន។ តែនៅពេលខ្ញុំដើរចេញទៅ ពួកគេបានបាញ់ខ្ញុំពីរដង។ ម្ដងដំបូង​បានចំឆ្អឹង តែខ្ញុំអត់ដឹងថាគេបាញ់ទេ ព្រោះមានអារម្មណ៍ដូចត្រូវគេសណ្ដុំ។ ទាល់តែគ្រាប់លើកទីពីរ ទើប​ខ្ញុំ​មានអារម្មណ៍ងងឹតមុខ។»

យុវ​តីជំទង់បាននិយាយទៀតថា នាងបានភ្ញាក់ដឹងខ្លួនឡើង នៅក្នុងអណ្ដូងទឹក ទីកន្លែងដែលនាង ត្រូវបាន​ច្រានទម្លាក់ ដើម្បីទុកឲ្យស្លាប់នៅក្នុងនោះ។ ដោយមានអមនឹងរូបភាព ពីរបួសរបស់នាងនៅពេលនោះផង ស្ត្រីរងគ្រោះអាយុ១៤ឆ្នាំ បានរៀបរាប់បន្តថា៖ «នៅពេលដែលខ្ញុំដឹងខ្លួន (...) ខ្ញុំបានស្ទាបដើមទ្រូង ដឹងថា​មាន​គ្រាប់កាំភ្លើងនៅជាប់នៅទីនោះ ហើយខ្ញុំបានយកដៃ ខ្វេះវាចេញមក»។

នាងត្រូវបានបណ្ដាជន ជួយស្រង់ពីក្នុងអណ្ដូង ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅថ្ងៃទី៦ ខែធ្នូកន្លងទៅ។ សារព័ត៌មាន​ក្នុងស្រុក បានអះអាងថា ជនសង្ស័យជាច្រើន ត្រូវបានឃាត់ខ្លួន នៅក្នុងសំនុំរឿងនេះ។ យុវតី​បានថ្លែងទាមទារថា៖ «ខ្ញុំចង់ឲ្យមានការព្យួរក ដល់ជនដែលចាប់រំលោភខ្ញុំ។ មិនគួរមាននរណាម្នាក់ផ្សេង ត្រូវរងគ្រោះ ដូចអ្វីដែលខ្ញុំបានឆ្លងកាត់នោះទេ។»

នេះជាសំនុំរឿងមួយបន្ថែមទៀត នៅក្នុងបញ្ជីដ៏វែងអន្លាយ នៃសំនុំរឿងចាប់រំលោភ សេពសន្ធវៈ នៅក្នុង​ប្រទេស​ឥណ្ឌា។ សំនុំរឿងដ៏ធំមួយ ដែលបានអង្រួនពិភពលោកទាំងមូល ក្នុងពេលកន្លងមក បានកើត​ឡើង​នៅយប់មួយ ក្នុងឆ្នាំ២០១២ ទៅលើនិស្សិតស្រីមួយរូប ដែលត្រូវបានមនុស្សច្រើននាក់ចាប់រំលោភ (រំលោភ​បូក - EDTN) នៅក្នុងរថយន្ដក្រុង ចំពោះបុរសជាសង្សារបស់នាង មុននឹងរូបនាង និងសង្សា ត្រូវ​បាន​ក្រុម​ជន​ល្មើស​បោះចោល ទៅលើផ្លូវថ្នល់។

សំនុំរឿងចាប់រំលោភជាច្រើននោះ បានជំរុញឲ្យប្រទេសនេះ ធ្វើការរឹតបន្តឹង នៅក្នុងប្រព័ន្ធច្បាប់របស់ខ្លួន ដោយ​ធ្វើការដាក់ទោសទណ្ឌ ឲ្យខ្លាំងក្លាជាមុន ទៅលើជនល្មើស។ ប៉ុន្តែទោះជាវិធានការជាច្រើន ត្រូវបាន​យកមកអនុវត្តក៏ដោយ ក៏ចំនួននៃការចាប់រំលោភ ផ្នែកផ្លូវភេទ នៅក្នុងប្រទេស នៅតែមានចំនួនច្រើន​នៅ​ឡើយ៕

---------------

» វីដេអូពីបទយកការណ៍ ទាក់ទងនឹងសំនុំរឿងខាងលើ របស់ទូរទស្សន៍ «NDTV»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...