អង្គរក្លាយជាកន្លែងដ៏ពេញនិយម សម្រាប់ជនបរទេសថតស្រាត?
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 15, 2015
- ប្រធានបទ: អង្គរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្មីនេះៗ មានរូបភាពថតស្រាតរបស់ជនបរទេសជាច្រើន ត្រូវបានយកមកបង្ហោះ ពាសពេញបណ្តាញសង្គម។ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា ជនបរទេស ឬភ្ញៀវទេសចរណ៍ ដែលមកទស្សនាកំសាន្ត ក្នុងប្រទេសកម្ពុជា មានការពេញនិយមយ៉ាងខ្លាំង ក្នុងការយកទិដ្ឋភាពជុំវិញ នៃតំបន់ទេសចរណ៍វប្បធម៌ ដ៏ល្អប្រណិតរបស់ប្រទេសនេះ ដើម្បីសម្រេចសមិទ្ធិផលដ៏ពិសេសរបស់ពួកគេ នោះគឺថតរូបស្រាត។
គ្រាន់តែមួយរយៈពេលនេះ យ៉ាងហោចណាស់ករណីចំនួនពីរ ត្រូវបានអាជ្ញាធរគ្រប់គ្រងតំបន់អង្គរ ហៅកាត់ថា អប្សរា ចាប់បាន។ ករណីទីមួយ បានធ្លាក់ទៅលើបុរសជនជាតិបារាំង ៣នាក់ ដែលទើបតែត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយព្យួរទោស ហើយបណ្តេញចេញពីស្រុក មិនឱ្យចូលមកកម្ពុជា រយៈពេល៤ឆ្នាំ បន្ទាប់ពីពួកគេបាននាំគ្នាថតស្រាត នៅក្នុងប្រាសាទបន្ទាយក្ដី ចំណាស់តាំងពីជិត១ពាន់ឆ្នាំ។ ករណីក្រោយមកទៀត ធ្លាក់ទៅលើស្រ្តីបរទេស ពីរនាក់ផ្សេងទៀត ដែលត្រូវបានផ្ដន្ទាទោស ដូចគ្នាទៅនឹងយុវជនបារាំងទាំងបីនាក់ខាងលើដែរ។
ប៉ុន្តែ នៅមានករណីជាច្រើនទៀត ដែលបានកើតឡើង មុនប្រតិកម្មរបស់អាជ្ញាធរ។ ក្នុងនោះ មានរូបថតអាក្រាត របស់ស្ត្រីអ្នកបង្ហាញម៉ូតរ៉ូស្ស៊ី និងស្ត្រីអ្នកបង្ហាញម៉ូដចិន ដែលអាជ្ញាធរអះអាងថា កំពុងចាត់វិធានការ«ផ្លូវច្បាប់» ប្រឆាំងម្ចាស់រូបថត ឬក្រុមហ៊ុនដែលធ្វើទង្វើ ដែលគ្មានការអនុញ្ញាតទាំងនេះ។ ករណីចុងក្រោយ ដែលទើបនឹងត្រូវបានបង្ហោះ មកក្នុងបណ្ដាញសង្គមទៀតនោះ គឺរូបថតស្រាតននលគោក របស់ស្រ្តីនិងបុរស ដែលជាជនជាតិបរទេសមួយគូ នៅក្នុងបរិវេណប្រាសាទបូរាណច្រើនកន្លែង។
រូបថតលើកចុងក្រោយនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកជំនាញថតរូប និងជាតារាបង្ហាញម៉ូដ ជាតិអាល្លឺម៉ង់ លោក ស៊ីម៉ុន ឡូម៉ីយ័រ (Simon Lohmeyer) ដែលមានឯកទេស ខាងថតរូបតាមបែបធម្មជាតិ ដោយប្រើប្រាស់តួអង្គនៅក្នុងរូបរបស់ខ្លួន ឲ្យស្រាតទាំងអស់។ រូបថតបីសន្លឹកក្នុងតំបន់អង្គរ ជាមួយតួអង្គអាក្រាត ដោយពាក់មុខជាសត្វស្វានោះ ត្រូវបានថតនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងបន្ទាប់មក ត្រូវបានបង្ហោះនៅលើគេហទំព័រ Dirty របស់លោក ស៊ីម៉ុន។
សម្រាប់ប្រជាជនកម្ពុជាវិញ កុំថាឡើយ យកប្រាង្គប្រាសាទរបស់ពួកគេ មកប្រើប្រាស់ក្នុងរូបថតបែបនេះ បើគ្រាន់តែជាការថតរូបអាក្រាតធម្មតាមួយ ក៏ប្រជាជនកម្ពុជា ដែលនៅប្រកាន់នូវប្រពៃណីទំនៀមទម្លាប់តឹងមួយនេះ មិនអាចទទួលយកបានឡើយ។ ប្រតិកម្មខ្លាំងក្លា និងព្រោងព្រាត បានធ្លាក់មកជាបន្តបន្ទាប់ ស្របជាមួយនឹងការចាត់វិធានការតឹងតែងជាងមុន ពីសំណាក់អាជ្ញាធរអប្សរា និងក្រសួងវប្បធម៌ ក្នុងនោះមានការពង្រឹងកងកម្លាំងសន្ដិសុខ ដើម្បីធ្វើការយាមកាមបន្ថែមទៀត នៅតំបន់អង្គរ។ ប៉ុន្តែបើទោះជាវិធានការនេះ ទទួលបានការសាទរមួយភាគពីមហាជនក៏ដោយ ក៏ការរិះគន់ដ៏ជូរចត់ទៅលើអាជ្ញាធរ បានកើតមានយ៉ាងសន្ធឹកសន្ធាប់ដែរ។ មូលហេតុសំខាន់ គឺដោយសារតែវិធានការនេះ ដូចជាបានដាក់ចុះមកយឺតពេលបន្តិចហើយ ពីអាជ្ញាធរពាក់ព័ន្ទទាំងនោះ៕