អ្នកជំនាញ៖ កូដកម្ម​របស់​កម្មករ ប៉ះ​ពាល់​​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ

ក្នុងឆ្នាំ២០១៣កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើងប្រមាណជា ៧% ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង ដល់អ្នកវិនិយោគទុនបរទេស។ ប៉ុន្តែក្រោយពីមានការបោះឆ្នោតរួច រាជាណាចក្រដ៏តូចនេះ បានកំពុង​ជូបនូវបញ្ហាជាច្រើន ជាពិសេសក្នុងពេលថ្មីៗនេះ កម្មករនៅក្នុងវិស័យកាត់ដេរ កំពុងនាំគ្នាធ្វើកូដកម្មស្ទើពេញផ្ទៃប្រទេស ដែល​នាំអោយសេដ្ឋកិច្ចរបស់ប្រទេសអាចនឹងដាំក្បាលធ្លាក់ចុះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: December 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំ២០១៣កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើងប្រមាណជា ៧% ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង ដល់អ្នកវិនិយោគទុនបរទេស។ ប៉ុន្តែក្រោយពីមានការបោះឆ្នោតរួច រាជាណាចក្រដ៏តូចនេះ បានកំពុង​ជូបនូវបញ្ហាជាច្រើន ជាពិសេសក្នុងពេលថ្មីៗនេះ កម្មករនៅក្នុងវិស័យកាត់ដេរ កំពុងនាំគ្នាធ្វើកូដកម្មស្ទើពេញផ្ទៃប្រទេស ដែល​នាំអោយសេដ្ឋកិច្ចរបស់ប្រទេសអាចនឹងដាំក្បាលធ្លាក់ចុះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

សេដ្ឋកិច្ចកម្ពុជា - ដោយសារតែប្រាក់ខែដែលកម្មករ ទទួលបានមិនស្របទៅនឹង តម្លៃទំនិញនៅលើទីផ្សារ ដែល​ធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេ មានភាពពិបាកនោះ ទើបធ្វើអោយកម្មករដែលមានចំនួន រាប់សិបពាន់នាក់​នាំ​គ្នាធ្វើកូដកម្ម។ បន្តិចម្ដងៗ កូដកម្ម និងបាតុកម្មទាំងនេះ បាននឹងកំពុងរីករាលដាល នៅពេញផ្ទៃប្រទេស ជាពិសេស​នៅពេលដែលរដ្ឋាភិបាល មិនដោះស្រាយតាមការទាមទាររបស់ពួកគេនោះ។ មជ្ឈដ្ខានមួយចំនួន​បានសម្ដែងការ​ព្រួយបារម្ភណ៍ថា បើកម្មករនៅតែធ្វើបាតុកម្មនេះ វានឹងអាចផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

លោក សម រង្ស៊ី ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ច និងជាប្រធានគណបក្សប្រឆាំងផងនោះ បានបញ្ជាក់ កាលពី​ល្ងាចថ្ងៃទី២៤ ធ្នូ ទៅកាន់បណ្តាកម្មករ ដែលបានមកចូលរួមធ្វើបាតុកម្មជាមួយ នឹងគណបក្សរបស់លោក នៅទី​លានប្រជាធិបតេយ្យនោះថា «ទំនិញដែរនាំចេញស្ទើរតែ ៨០% គឺបានមកពីកម្មករ»។ លោក សម រង្ស៊ី បានថ្លែង​ពន្យល់ ដោយចង់ដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ឲ្យឆ្លើយតបទៅតាមការទាមទារ របស់​គណបក្ស​របស់លោកផង យ៉ាងដូច្នេះថា «បើកម្មករមិនចូលធ្វើការ នោះសេដ្ឋកិច្ចកម្ពុជានឹងស្ទះទាំងអស់ ទាំង​រដ្ឋាភិបាល និងក្រុមហ៊ុន»។

អ្នកឯកទេសមួយរូប និងជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា  លោក ស្រី ចន្ធី  បានថ្លែងយល់ស្របទៅនឹង​ការ​ព្រួយ​បារម្ភណ៍ខាងលើ ដោយមានប្រសាសន៏ថា «ប្រសិនបើពួកគាត់ជាកម្មករគ្រប់រោងចក្រ មិនចូលធ្វើការរយៈពេល​វែងនោះ ប្រាកដជាមានបញ្ហាដល់សេដ្ឋកិច្ច ព្រោះការនាំចេញរបស់កម្ពុជាពឹងផ្អែកភាគច្រើនបំផុត គឺខាងនាំចេញ​សម្លៀកបំពាក់។ ម្យ៉ាង ផលទុនសរុបជាតិ (GDP) ១០លានហ្នឹង គឺបានមកពីវិស័យឧស្សាហកម្មកាត់ដេរ។ លើសពី​នេះទៅទៀត ប្រសិនបើគ្មានការផលិតរាប់ខែអញ្ចឹង កំនើនសេដ្ឋកិច្ចនឹងមិនសូវមានការកើនឡើង។»

យ៉ាងណាមិញ ខាងភាគីក្រុមហ៊ុនក៏មិនខុសគ្នាប៉ុន្មានដែរ ក្រុមហ៊ុនមួយចំនួនអាចនឹងត្រូវបិទទ្វា ប្រសិនបើ​គ្មាន​កម្មករចូលធ្វើការ ដែលមិនអាចផលិតនូវផលិតផលរបស់ខ្លួន។ លោកប្រធានសមាគមន៍រូបនេះ បានថ្លែងទៀតថា «បើកម្មករមិនចូលធ្វើការទេនោះ ក្រុមហ៊ុននឹងមិនមានផលិតផលនាំចេញ ដែលមិនអាចបំពេញតម្រូវការ​នៃការ​បញ្ជាទិញ របស់ក្រុមហ៊ុនក្រៅប្រទេសបាន ពេលនោះក្រុមហ៊ុននឹងដួល»។

លោក ស្រី ចន្ធី បានបន្តថា «ស្របគ្នានេះដែរ កម្មករបើគាត់មិនចូលធ្វើការទេនោះ គាត់ប្រាកដជាគ្មាន​ប្រាក់​ចំណូល​ដែលគាត់នឹងអាចពិបាក ជាងពេលដែលគាត់ទទួលបានចំណូលតិច។ ក៏ប៉ុន្តែបើពួកគាត់ព្រមទទួល ប្រាក់ដែល​ទទួលបានមកនោះចាយមិនគ្រប់ដដែល អញ្ចឹង គាត់ប្រហែលគ្មានជម្រើស បានជាគាត់សុខចិត្ត​មកធ្វើបាតុកម្ម តាមអ្វីដែល​គាត់ចង់បាន ព្រោះបើយើងគិតទៅ ប្រាក់ខែ១៦០ដុល្លា មិនទ្រទ្រង់នឹងស្ថានភាព​ថ្លៃទំនិញបច្ចុប្បន្ន​បាន​ឡើយ ហើយម្យ៉ាងទៀតគាត់ត្រូវចិញ្ចឹមគ្រួសារផងនោះ ប្រាក់ខែ១៦០ហ្នឹងរស់​ស្ទើរតែ​ពិបាក។»

ភាពចាំបាច់នៅពេលនេះ គឺត្រូវតែមានដំណោះស្រាយ ចំពោះបញ្ហាជីវភាព ដែលបានចោទឡើងជាប្រចាំ ទៅលើ​កម្មករ-កម្មការិនីគ្រប់ៗរូប។ មេដឹកនាំរដ្ឋាភិបាល តែងមានមោទនភាពយ៉ាងខ្លាំងក្លាពីកំណើនសេដ្ឋកិច្ច ដែលកើត​មានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តែផ្ទុយទៅវិញពលរដ្ឋដែលបានផ្ដល់បាតដៃ ធ្វើឲ្យដំណើរសេដ្ឋកិច្ចមានទៅមុខនេះ បែរជាកំពុងខំប្រឹងរស់ទាំងត្រដរទៅវិញ។ ដូចនៅក្នុងការបកស្រាយ របស់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដូច្នេះថា «ការតម្លើងប្រាក់ខែត្រឹមតែ ៩៥ ដុល្លានេះវាមិនស្រប ទៅនឹង​ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននោះទេ ព្រោះសព្វថ្ងៃទំនិញសព្វសារពើឡើងថ្លៃ ដែលធ្វើអោយ​កម្មករមិន​អាច​រស់នៅដោយសមរម្យបាន»៕

--------------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...