ការប្រកួតរវាងក្រុមអាសិណល នឹងវៀតណាម អាចនឹងត្រូវលុបចោល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នករៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកាំភ្លើងធំ អាសិណល (Arsenal) និងក្រុមជម្រើសជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដាខាងមុខនេះ អាចនឹងត្រូវបានលុបចោលការប្រកួត បន្ទាប់ពីម្ចាស់កីឡាដ្ឋានដំឡើងថ្លៃកីឡាដ្ឋានខ្លាំងពេក។
កីឡាករហ្វ្រេដឌី ជងប៊ើរ (Freddie Ljungberg) ពេលទៅដល់វៀតណាម។
ក្រុមអាសិណល អាចនឹងក្លាយជាក្រុមព្រីមែលីក (Premier League) ដំបូងគេបង្អស់ ដែលត្រូវធ្វើដំណើរមកកាន់ប្រទេសវៀតណាម ខណៈដែលសហព័ន្ធបាល់ទាត់នៃប្រទេសនេះ មានការព្រួយបារម្មណ៏ថា អាចនឹងលុបចោលការប្រកួតវិញ ដោយពួកគេនិយាយថា តម្លៃនៃកីឡាដ្ឋានជាតិមីឌិញ (My Dinh) ថ្លៃខ្ពស់ពេក។
សហព័ន្ធបាល់ទាត់ប្រទេសវៀតណាម បានអំពាវនាវដល់រដ្ឋាភិបាល និងបណ្តាសារពត៌មានក្នុងស្រុក ជួយលួងលោមម្ចាស់កីឡាដ្ឋាននេះជួយទម្លាក់ថ្លៃផង បន្ទាប់ពីគេត្រូវការ ១.៥ពាន់លានដុង (៤៥,៣៧៦.៥ផោន) ដែលជាតម្លៃ១ទ្វេជា៧ នៃតម្លៃធម្មតា។
ប្រធានសហព័ន្ធបាល់ទាត់វៀតណាម លោកឡេហុង ឌុង (Le Hung Dung) បានប្រាប់ដល់ភ្នាក់ងាររបស់កាសែតរ៉យទ័រ ថា «តម្លៃនៃកីឡាដ្ឋានមីឌិញ ពិតជាមិនសមហេតុផល។»
ក្រុមកាំភ្លើងធំអាសិណល នឹងក្លាយជាក្លឹបកំពូលដំបូងគេ ដែលត្រូវមកប្រកួតនៅប្រទេសវៀតណាម ខណៈដែលអ្នកគាំទ្រក្រុមព្រីមែលីកមួយនេះជាច្រើននាក់ កំពុងតែអន្ទះសាររងចាំ។ ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ធំមួយនេះ ក៏នឹងធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមឥណ្ឌូនេស៊ី និងជប៉ុនផងដែរ។
រីឯម្ចាស់កីឡាដ្ឋានជាតិដែលមានកៅអី៤ម៉ឺននាក់ លោកកានវ៉ាន់ ញៀ (Can Van Nghia) បាននិយាយថា «លុយទាំងអស់ នឹងប្រើប្រាស់ដើម្បីជួសជុលកីឡាដ្ឋាននេះ។ នេះជាការប្រកួតជាប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែរៀបចំឲ្យបានល្អ។»
អាសិណល បានចូលរួមជាមួយក្រុមព្រីមែលីកដទៃទៀត ដូចជាឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងក្រុមហង្សក្រហមលីវើភូល (Liverpool) ផងដែរ ដែលនឹងត្រូវធ្វើដំណើរមកប្រកួតមិត្តភាព នៅតំបន់អាស៊ី។
ក្រុមកំពូលៗរបស់អង់គ្លេសទាំង៤ក្រុមនេះ នឹងធ្វើការប្រកួតនៅក្នុងប្រទេស៖ ឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, វៀតណាម, អូស្ត្រាលី, ហុងកុង និងប្រទេសជប៉ុន ដែលសុទ្ធសឹងតែជាប្រទេស ដែលមានអ្នកគាំទ្រ ក្រុមព្រីមែលីកច្រើនបំផុត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ