សម រង្ស៊ី៖ «ហ៊ុន សែន កំពុង​តែ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​អន្តរជាតិ»

លោក សម រង្ស៊ី ដាក់មួយញញួរថែមទៀត! បន្ទាប់ពីលើកឡើង​កាលពី​ម្សិលម្ងៃ អះអាងថាយុទ្ធនាការលើកលែងទោស របស់លោក ហ៊ុន សែន ជាការទាល់ច្រក និងធ្វើឡើង ក្រោមសម្ពាធអន្តរជាតិនោះ នៅថ្ងៃនេះ មេដឹកនាំប្រឆាំងបានបញ្ជាក់ជាថ្មីថា លោក ហ៊ុន សែន កំពុង«ចុះញ៉ម» ក្រោមសម្ពាធអន្តរជាតិ ហើយលោក ហ៊ុន សែន ត្រូវសុំទោសអ្នកទោសនយោបាយទាំងអស់វិញ។
សម រង្ស៊ី៖ «ហ៊ុន សែន កំពុង​តែ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​អន្តរជាតិ»
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 26, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដែកគោល ដែលកំពុងរងការ​ដំបញ្ចូល ត្រូវបានលោក សម រង្ស៊ី ដាក់មួយញញួរបន្ថែមទៀត។ ប្រធានចលនាសង្គ្រោះជាតិ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែល បានប្រកាសបន្ថែមទៀត និងជាថ្មី នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ថាលោក ហ៊ុន សែន កំពុង«ចុះញ៉ម» ក្រោមសម្ពាធអន្តរជាតិ។

ដូចលើកមុនៗដែរ លោក សម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោក ប្រកាសឡើងថា៖ «សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ កុំចាញ់ការសម្លុត និងកុំជឿការភូតភរ របស់ ហ៊ុន សែន ដែលកំពុងតែទាល់ច្រក ក្រោមសម្ពាធអន្តរជាតិ។ ក្រោយពីខ្ញុំបានបញ្ជាក់ កាន់តែខ្លាំងថា ហ៊ុន សែន កំពុងតែចុះញ៉ម ក្រោមសម្ពាធអន្តរជាតិ យើងឃើញថា ហ៊ុន សែន នេះ ត្រូវបង្ខំចិត្ត ដោះលែងអ្នកទោសនយោបាយទាំងអស់ កាន់តែឆាប់ យ៉ាងជាក់ស្តែង។»។

លោកបន្តថា៖ «ដូច្នេះ អ្នកទោសនយោបាយទាំងអស់ មិនចាំបាច់សុំទោស ហ៊ុន សែន ឡើយ គឺ ហ៊ុន សែន ទេ ដែលត្រូវសុំទោសពួកគាត់ ពីព្រោះបានចាប់ពួកគាត់ ដោយអយុត្តិធម៌ ពីដើមទី»។

រាប់ពីការថ្លែងចុងក្រោយ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មកទល់នឹងពេលនេះ មានអ្នកទោសពីររូបហើយ ដែលត្រូវបានដោះលែង៖ មួយរូបគឺលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានដោះលែង នៅយប់ថ្ងៃទី២៤ ខែសីហាម្សិលម្ងៃ និងមួយរូបទៀត គឺលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដោះលែង នៅល្ងាចថ្ងៃទី២៥ ខែសីហាម្សិលម៉ិញ។

នៅក្នុងការថ្លែងជាសាធារណៈនោះ បុរសខ្លាំងបានព្រមានទុកជាមុន ថាលោកនឹងបន្ថែមលក្ខខណ្ឌ ឬទុកមួយអន្លើ សម្រាប់ការដោះលែងអ្នកទោសនយោបាយ ដែលកំពុងជាប់ក្នុងពន្ធនាគារ ប្រសិនណាជាមានការលើកឡើងថា ទង្វើរបស់លោក ព្រោះមានសម្ពាធពីអន្តរជាតិ។ តែការព្រមាននេះ ត្រូវបានលោក សម រង្ស៊ី ចំអក និងពន្យុះមកវិញ ម្ដងជាពីរដង ដូចជាប្រៀបធៀបការប្ដូរជំហររបៀបនេះ ថាមានលក្ខណៈជា «ក្មេងពាល» ជាដើម។

សម្រាប់លើកនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅបានរំលឹកឡើងវិញថា៖ «ការដោះលែងអ្នកទោសនយោបាយ​ទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌទីមួយទេ ដែល ហ៊ុន សែន ត្រូវបំពេញ ក្រោមសម្ពាធអន្តរជាតិ»។ រីឯលក្ខខណ្ឌផ្សេងទៀត ដែលលោក ហ៊ុន សែន ត្រូវបំពេញជាបន្តបន្ទាប់នោះ ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ដូចខាងក្រោម៖

១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...